សារព័ត៌មាន The Standard ថៃបានផ្សាយនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ នេះឱ្យដឹងថា បន្ទាប់ពីផ្លែដូងធម្មជាតិគ្មានទីផ្សារលក់ចេញ ស្រាប់តែផលិតដូងក្រអូបសប្បនិម្មិតដោយមានការលាយផ្សំសារធាតុគីមី និងស្ករសប្បនិម្មិត ដើម្បីបំភ័ន្តភ្នែកអ្នកបរិភោគ និងប៉ះពាល់សុខភាពនោះ កំពុងតែដណ្ដើមបានទីផ្សារយ៉ាងភ្លូកទឹកភ្លូកដី។ ទង្វើមិនស្មោះត្រង់ក្នុងជំនួញនេះ បានកើតឡើងជាបន្តបន្ទាប់ដើម្បីស្រោចស្រង់ស្ថានភាពសេដ្ឋកិច្ចរបស់ថៃ បន្ទាប់ពីផលិតផលដូងក្រអូបរបស់ខ្លួនជួបប្រទះវិបត្តិកកស្ទះ គ្មានទីផ្សារលក់ចេញ និងត្រូវបានទីផ្សារអន្តរជាតិផ្អាក ឬកាត់បន្ថយការបញ្ជាទិញ។

យោងតាមព័ត៌មានដែលត្រូវបានទម្លាយចេញពីក្រសួងពាណិជ្ជកម្មថៃ និងសភាជាន់ខ្ពស់ថៃផ្ទាល់ បានឱ្យដឹងថា អាជ្ញាធរថៃបានចុះពិនិត្យយ៉ាងក្តៅគគុកនៅតាមរោងចក្រ និងសហគ្រាសកែច្នៃទឹកដូងធំៗក្នុងខេត្តចំនួន ៤ រួមមាន ខេត្តនគរបឋម សមុទ្រសាគរ សមុទ្រស៊ុងក្រាម និងរាតឆៈបុរី បន្ទាប់ពីមានការប្តឹងតវ៉ាយ៉ាងខ្លាំងពីសំណាក់ប្រជាកសិករ និងអាជីវករ។ ការស៊ើបអង្កេតបានបង្ហាញថា ផលិតផលទឹកដូងដប និងដូងកែច្នៃជាច្រើនប្រភេទ ដែលត្រូវបានដាក់លក់លើទីផ្សារក្នុងតម្លៃថោកខុសប្រក្រតី ពោលវាគឺជា «ទឹកដូងក្លែងក្លាយ» ដែលកើតចេញពីការលាយបន្លំទឹក ស្ករស និងសារធាតុគីមីបន្ថែម ក្លិន និងរសជាតិ ដើម្បីធ្វើឱ្យដូចរសជាតិតាមទឹកដូងធម្មជាតិ ដោយសកម្មភាពនេះបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ និងបំផ្លាញទីផ្សារផលិតផលកសិកម្មថៃទាំងមូល។

ដើមហេតុចម្បងដែលនាំឱ្យមានការផលិតដូងក្លែងក្លាយលាយសារធាតុគីមីនេះ គឺកើតចេញពីការដួលរលំនៃខ្សែច្រវាក់ផលិតកម្មដូងក្រអូបនៅក្នុងប្រទេសថៃ។ នៅឆ្នាំ២០២៦ នេះ ទិន្នផលដូងក្រអូបរបស់ថៃបានកើនឡើងហួសប្រមាណរហូតដល់ប្រមាណ ៤៧៥ លានផ្លែ (កើនឡើង ១៣% បើធៀបនឹងឆ្នាំមុន) ដោយក្នុងមួយថ្ងៃៗមានដូងសល់ចោលពី ១,៧ លាន ទៅ ២ លានផ្លែ។

ទន្ទឹមនឹងទិន្នផលជោរជន់ខ្លាំង ដូងថៃប្រឈមនឹងការគ្មានទីផ្សារនាំចេញ ដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ការធ្លាក់ចុះនៃការបញ្ជាទិញពីទីផ្សារធំៗដូចជាប្រទេសចិន និងប្រទេសក្បែរខាង ធ្វើឱ្យតម្លៃដូងនៅចម្ការធ្លាក់ថ្លៃសល់ត្រឹម ២ ទៅ ៣បាតប៉ុណ្ណោះក្នុងមួយផ្លែ។ វិបត្តិនេះបានបង្ខំឱ្យរោងចក្រ និងអាជីវករថៃមួយចំនួន បែរមកប្រើល្បិចទុច្ចរិត ដោយផលិតទឹកដូងក្លែងក្លាយលាយសារធាតុគីមី ដើម្បីកាត់បន្ថយដើមទុន និងវាយឡុកដណ្តើមទីផ្សារដូងធម្មជាតិទៅវិញ។

ទង្វើបន្លំ និងការខ្វះការទទួលខុសត្រូវរបស់អាជីវករថៃក្នុងការគ្រប់គ្រងគុណភាពផលិតផលចំណីអាហារនេះ កំពុងក្លាយជាហានិភ័យដ៏ធំមួយសម្រាប់អ្នកបរិភោគក្នុងតំបន់ និងលើពិភពលោក។ ការយកផលិតផលក្លែងក្លាយមានសារធាតុគីមី មកប្រជែងទីផ្សារដូងធម្មជាតិ មិនត្រឹមតែជាការបំផ្លាញសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្តែងឱ្យឃើញពីការជួបវិបត្តិគ្មានផ្លូវចេញនៃវិស័យកសិឧស្សាហកម្មថៃ ដែលត្រូវពឹងផ្អែកលើការកែច្នៃបោកប្រាស់ ដើម្បីរ៉ាប់រងការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ខ្លួនតែប៉ុណ្ណោះ៕

Share.