ជាតិ៖ ប៉ុន្មានម៉ោងមុននេះបន្តិច នៅថ្ងៃទី ៣ មិថុនា ឆ្នាំ ២០២៥ អ្នកកាសែតស្រីថៃឈ្មោះ Wassana Nanuam ជាអ្នកយកព័ត៌មានជាន់ខ្ពស់ដែលរាយការណ៍អំពីកិច្ចការយោធាសម្រាប់កាសែត Bangkok Post បានទម្លាយអំពីដំណឹងចចាមអារ៉ាមនៃការចូលនិវត្តន៍របស់មេទ័ព ប៊ុនស៊ីន ផាតក្លាង រហូតមានសំណួរលើកឡើងថា តើដំណឹងចូលនិវត្តន៍របស់មេទ័ព ប៊ុនស៊ីន ផាតក្លាង គឺជាសេណារីយ៉ូនយោបាយ ដើម្បីគេចពីការទទួលខុសត្រូវចំពោះការស្លាប់កងទ័ពខ្មែរ ឬក៏ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា? ហើយតើដំណឹងដែលទម្លាយមកនេះនិយាយពីអ្វីខ្លះទៅ?

ក្នុងសំណេរដ៏វែងអន្លាយរបស់នាង Wassana Nanuam បានលើកឡើងពីពាក្យចចាមអារ៉ាមនៃការបណ្តេញមេបញ្ជាការយោធភូមិភាគ២ថៃ ប៊ុនស៊ីន ផាតក្លាង អាចនឹងកើតឡើងដោយសារតែរដ្ឋាភិបាលកម្ពុជាបានតវ៉ា និងជំរុញឱ្យប្រទេសថៃស៊ើបអង្កេត ហើយផ្តន្ទាទោសចំពោះជនដៃដល់ដែលបានបាញ់សម្លាប់ទាហានខ្មែរក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅតំបន់មុំ ៣ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ ថែមទាំងផ្តន្ទាទោសមេបញ្ជាការរឿងនេះ។ យ៉ាងណាមិញ បញ្ហានេះបានគួបផ្សំនឹងពាក្យចចាមអារ៉ាមថា យោធាចង់បិទព្រំដែន ដើម្បីសងសឹកកម្ពុជា ប៉ុន្តែរដ្ឋាភិបាលថៃបានជំទាស់។
ប្រភពដដែលលើកឡើងទៀតថា ពាក្យចចាមអារ៉ាមនៅលើបណ្តាញសង្គមដែលជំរុញឱ្យមេបញ្ជាការមិនគោរពបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដោយមិនដកទ័ពចេញពីតំបន់មុំ ៣ និងប្រាសាទតាមាន់ធំ បើទោះបីជាលោក ភូម ថាំ បានសង្កត់ធ្ងន់ក្នុងបទសម្ភាសន៍ថា ភាគីទាំងពីរគួរតែដកទ័ពចេញរៀងខ្លួនក៏ដោយ ក៏ប៉ុន្តែវាមិនមែនជាការដកទ័ពចេញពីប្រាសាទនោះទេ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅពេលមេទ័ព ប៊ុនស៊ីន ត្រូវចូលនិវត្តន៍ តើនរណានឹងក្លាយជាមេបញ្ជាការកងទ័ពភូមិភាគ២ ថៃបន្ទាប់ នៅចំពាក់កណ្តាលទីនៃជម្លោះជាមួយកម្ពុជានេះ? ក្នុងនោះ បេក្ខជនចំនួន៣រូបដែលគេរំពឹងថានឹងមានសំឡេងច្រើនជាងគេគឺ ឧត្តមសេនីយ៍ទោ វីរ៉ាយុត រ៉ាក់ស៊ីន មេបញ្ជាការរងកងទ័ពជើងគោក២ថៃ ត្រូវជាមិត្តភក្តិរបស់មេទ័ព ប៊ុនស៊ីន ផាតក្លាង មិត្តរួមថ្នាក់ជាមួយឧត្តមសេនីយ ផាណា ក្លែវផ្លតធុក អគ្គមេបញ្ជាការរងនៃកងទ័ពជើងគោកថៃផងដែរ។

ទោះជាយ៉ាងនេះក្តី ឧត្តមសេនីយទោ វីរ៉ា យុត បានចម្រើនវ័យនៅតំបន់ភូមិភាគឦសាន ហើយធ្លាប់បានកាន់តួនាទីសំខាន់ៗក្នុងជួរកងទ័ព រហូតដល់ក្លាយជាមេបញ្ជាការកងទ័ពជើងគោកធំលេខ៦ថៃ និងជាមេបញ្ជាការកងសេនាតូចសេនាធិការចម្រុះ។ លោកមានបទពិសោធន៍នៅតំបន់ភូមិភាគឦសានហើយបានចូលរួមក្នុងសមរភូមិប្រាសាទព្រះវិហារក្នុងឆ្នាំ ២០១១។ ថ្វីត្បិតតែបុគ្គលិកលក្ខណៈរបស់លោកមិនសូវមាត់កក៏ពិតមែន ប៉ុន្តែលោកពូកែវាយប្រហារខ្លាំង ហើយត្រូវបានចាត់តាំងឱ្យមើលការខុសត្រូវលើកិច្ចការសំខាន់ៗមួយចំនួនទៀតផង។ លោកត្រូវបានគេមើលឃើញថា អាចនឹងមានឱកាសច្រើនជាង ឧត្តមសេនីយទោ ណារ៉ាធីប ដែលដុះដាលឡើងនៅតំបន់ឥសាន្តកណ្តាលខ្សែខូរ៉ាត និងជាមេបញ្ជាការកងពលធំថ្មើរជើងលេខ៣ មុនពេលក្លាយជាមេបញ្ជាការរងនៃកងពលធំទី២។
ចំណែកបេក្ខភាពមួយរូបទៀត ជានាយទាហានដែលមានក្រុមអ្នកគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី គឺអនុសេនីយ៍ឯក ណាត ស៊ីអ៊ីន មេបញ្ជាការរងកងទ័ពជើងគោកទី២ ដែលដុះដាលឡើងនៅភូមិភាគឥសាន្ត និងធ្លាប់ឆ្លងកាត់គ្រប់តួនាទីក្នុងជួរសកម្មភាព គ្រប់គ្រងកងកម្លាំង ទាំងមេបញ្ជាការអនុរក្ស ទាហានឈុតខ្មៅ និងទាហានឈុតឆ្នូត រហូតដល់ក្លាយជាមេបញ្ជាការកងទ័ពជើងគោកធំលេខ៦ថៃ និងអគ្គមេបញ្ជការកងទ័ពជើងគោកថែរក្សាការពារសន្តិសុខតាមព្រំដែនថៃ-កម្ពុជា និងថៃ-ឡាវ។ លោកត្រូវបានគេស្គាល់ថា ជាមេទ័ពចម្បាំងម្នាក់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើនជាមួយទាហានកម្ពុជា ដើម្បីការពារបូរណភាពទឹកដីថៃពីកម្ពុជាក្នុងវិស័យជាច្រើន ជាពិសេសសមរភូមិនៅប្រាសាទព្រះវិហារ ។ កេរ្ដិ៍ឈ្មោះរបស់លោកត្រូវបានទាហានខ្មែរភ័យខ្លាច និងភ័យបាក់ស្បាត។ លើសពីនេះ លោកគឺជាពលរដ្ឋមកពីខេត្តសុរិន្ទដែលអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ។
ទង្វើវីរភាពទាំងអស់នោះបានធ្វើឱ្យលោកទទួលបានពានរង្វាន់កិត្តិយសផ្នែកយោធា ។ លោកជាអតីតនិស្សិតឆ្នើមនៃសាលាហ្វឹកហ្វឺតរៀបចំកងទ័ព ដោយដើរតួជាមេបញ្ជាការរងទទួលបន្ទុកផ្នែកភស្តុភារ ប៉ុន្តែមិនមើលការខុសត្រូវលើប្រតិបត្តិការប្រយុទ្ធឡើយ។ លើសពីនេះលោកធ្លាប់ជាសិស្សយោធាជំនាន់ទី ២៧ ទៀតផង។ ប៉ុន្តែ ឧត្តមសេនីយ ប៉ាន់ណា ពិបាកនឹងគាំទ្រលោកដែលជាសិស្សប្អូនជំនាន់ក្រោយ ឱ្យក្លាយជាមេបញ្ជាការយោធភូមិភាគ២ណាស់ ព្រោះគេអាចគិតថា ឧត្តមសេនីយ ប៉ាន់ណា ត្រូវជួយជំរុញមិត្តយោធាពីជំនាន់ទី ២៦ ដូចគ្នាឱ្យក្លាយជាមេបញ្ជាការយោធភូមិភាគ២។
តែបើក្រឡេកទៅមើលការផ្ទេរតំណែងរបស់ឧត្តមសេនីយ ផាណា ក្លែវផ្លតធុក កន្លងមក លោកបានរុញមិត្តរបស់លោកពីយោធាជំនាន់ទី ២៦ ឱ្យមកគ្រប់គ្រងតំណែងសំខាន់ៗ។ ដូច្នេះហើយ តំណែងជាមេបញ្ជាការយោធភូមិភាគទី២ ប្រហែលជាត្រូវជ្រើសរើសដោយមិត្តភ័ក្តិដែលគួរឱ្យទុកចិត្តច្រើនជាង ហើយងាយស្រួលនិយាយជាមួយរវាង ឧត្តមសេនីយទោ វីរ៉ាយុទ្ធ និងឧត្តមសេនីយទោ ណារ៉ាធីប។
សារៈសំខាន់របស់មេបញ្ជាការថ្មីនៃកងទ័ពភូមិភាគ២ថៃ គឺលោកនឹងត្រូវគ្រប់គ្រងស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ដែលនឹងមានភាពតានតឹងក្នុងរយៈពេលយូរ ហើយលោកត្រូវតែដឹងពីស្ថានភាពតំបន់នោះផងដែរ។ ដោយសារតែស្ថានភាពនៅមិនទាន់បញ្ចប់ដោយងាយស្រួលក្នុងរយៈពេល ៣ ខែខាងមុខទៀត ដែលជាពេលវេលានៅសល់របស់មេទ័ព ប៊ុនស៊ីន ផាតក្លាង មុនពេលចូលនិវត្តន៍។ ភាពតានតឹងនឹងអូសបន្លាយក្នុងរយៈពេលយូរថែមទៀត មិនដឹងថាវាត្រូវបញ្ចប់ដោយរបៀបណា និងពេលណានោះទេ ។ ទាហានកម្ពុជា-ថៃនឹងត្រូវស្នាក់នៅតំបន់នោះ ដូចទៅនឹងតំបន់ប្រាសាទព្រះវិហារដូចគ្នាដែរ ធ្លាប់ឈរជើងរួមរស់ជាមួយគ្នាអស់ជាច្រើនឆ្នាំ។

យ៉ាងណាមិញ មេទ័ពភូមិភាគទី២ ដែលនឹងក្រោកឈរឡើងនៅពាក់កណ្តាលសមរភូមិ ត្រូវយល់ដឹងទាំងផ្នែកយុទ្ធសាស្ត្រ និងគ្រប់គ្រងស្ថានភាពមហាជន ហើយអាចតាមទាន់សភាពការណ៍កម្ពុជា ដែលអាចអាននិងយល់ពីយុទ្ធសាស្ត្ររបស់កម្ពុជា ស្ទាក់ជាប់ ចាប់បាន និងដោះស្រាយបញ្ហាពីថ្នាក់មូលដ្ឋាន រួចត្រូវហ៊ានធ្វើការសម្រេចចិត្តក្នុងស្ថានភាពជាក់លាក់ដោយមិនរង់ចាំបញ្ជាពីមេទ័ព ឬពីរដ្ឋាភិបាលឡើយ។ មធ្យោបាយណាក៏ដោយឱ្យតែដើម្បីការពារទឹកដីថៃ និងរក្សាកិត្តិយសយោធា និងសេចក្តីថ្លៃថ្នូររបស់ប្រទេសថៃ ត្រូវតែធ្វើដោយមិនខ្លាចគេផ្ទេរតំណែង ព្រោះបើរង់ចាំភាគីយោធា ឬរដ្ឋាភិបាល នោះស្ថានការណ៍អាចនឹងយ៉ាប់យឺនជាងពេលនេះទៅទៀត។
ជាចុងក្រោយប្រភពដដែលនេះបានលើកឡើងដោយសង្កត់ធ្ងន់ថា នេះប្រហែលជាលើកទីមួយហើយ ដែលប្រជាពលរដ្ឋអាចមានឱកាសចូលរួមជ្រើសរើសមេបញ្ជាការថ្មីនៃកងទ័ពភូមិភាគ២ ។ ប៉ុន្តែត្រូវចាំអ៊ុតមើលសិនថា មេទ័ព ប៊ុនស៊ីន ផាតក្លាង នឹងបញ្ចេញចលនាសកម្មភាពរយៈពេល៣ខែក្រោយដែលនៅសល់របស់ខ្លួនយ៉ាងណា ដើម្បីបន្សល់ទុកនូវ រូបភាពនិងវីរភាព ក្នុងនាមជាមេទ័ពចម្បាំងមកពីភូមិភាគឦសាន មុនពេលចូលនិវត្តន៍៕
