ភ្នំពេញ៖សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ជំនួយថ្មីចំនួន $៦៧៥,000 បន្ថែមទៀត ដើម្បីគាំទ្រដល់កិច្ចការដ៏សំខាន់នៃការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ការប្រកាសនេះធ្វើឡើងដោយ លោកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក។
លោកស្រីភារធារីបានគូសបញ្ជាក់ពីមោទកភាពរបស់សហរដ្ឋអាមេរិកដែលជា ម្ចាស់ជំនួយធំបំផុត សម្រាប់ការងារបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា។ សរុបមក ជំនួយដែលបានផ្ដល់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្នមានចំនួនសរុបជាង $220 លានដុល្លារ រួចមកហើយ ក្នុងនោះមាន $12 លានដុល្លារ សម្រាប់ឆ្នាំនេះតែម្ដង។ គោលដៅនៃជំនួយនេះ គឺដើម្បីផ្ដល់លទ្ធភាពឲ្យក្រុមគ្រួសារខ្មែរអាចរស់នៅប្រកបដោយ សុខសន្តិភាព និងវិបុលភាព។
លោកស្រី Walker បានថ្លែងអំណរគុណដល់ដៃគូដ៏សំខាន់ដែលបានខិតខំប្រឹងប្រែងឥតស្រាកស្រាន្តក្នុងការធ្វើឲ្យកម្ពុជាអស់គ្រាប់មីន៖
- អង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ (Norwegian People’s Aid)
- មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)
ការប្រកាសជំនួយថ្មីនេះធ្វើឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចពីសមាជិកសភាសហរដ្ឋអាមេរិកមួយក្រុម រួមមាន លោក Adam Smith, លោក Michael Baumgartner, និងលោកស្រី Chrissy Houlahan ដែលបានទទួលការពន្យល់លម្អិតនៅ វិទ្យាស្ថានបច្ចេកទេសកំចាត់មីន អំពីការងារដ៏មហាសាលក្នុងការរៀបចំក្រុមការងារដោះមីន៕




ប្រភព៖ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក