អគ្គិភ័យដ៏ធំសន្ធោសន្ធៅបានឆាបឆេះរោងចក្រក្រដាសអនាម័យរបស់ក្រុមហ៊ុន Riverpro Pulp and Paper Co., Ltd. ស្ថិតនៅភូមិទី៤ ផ្លូវទី៨ នៅតំបន់ឧស្សាហកម្មហែមរាជ ឃុំបួឡាយ ស្រុកណងខែ ខេត្តសារ៉ាប៊ុរី ដែលជារោងចក្រផលិតនិងចែកចាយក្រដាសអនាម័យលើផ្ទៃដី ៣៥ ហិកតា។

អគ្គិភ័យនេះបានបំផ្លាញអគារកម្ពស់ ៣ ជាន់នៅផ្នែកខាងមុខអោយរលំបាក់បែកជាច្រើនកន្លែង និងធ្វើឱ្យដំបូល​រោងចក្រដួលរលំ។ ជាបឋមនេះ មានអ្នករបួស ១៧ នាក់ ស្លាប់ ១ នាក់ និងបាត់ខ្លួន ១០ នាក់។ តាមការសាក​សួរ​ពីបុគ្គលិករោងចក្រ នៅពេលកើតហេតុជាម៉ោងសម្រាកអាហារថ្ងៃត្រង់ មានបុគ្គលិក ៣២០ នាក់នៅក្នុងរោងចក្រ។ ភ្លើងបានឆាបឆេះនៅបន្ទប់ខ្សែក្រវ៉ាត់ផលិតកម្មក្រដាស និងខ្សែភ្លើងឆក់ចូលទៅក្នុងអគារ ដែលធ្វើឱ្យស៊ីរ៉ែនប្រកាសអាសន្នបន្លឺឡើង។ បុគ្គលិកភាគច្រើនបានរត់គេចខ្លួនចេញទៅឈរនៅផ្លូវមុខរោងចក្រ ប៉ុន្តែមានបុគ្គ​លិក​​មួយចំនួនជាប់នៅក្នុងអគារ។

សម្រាប់​​វឌ្ឍនភាពចុងក្រោយនៅព្រឹកថ្ងៃទី១ ខែកក្កដា​ តាមរបាយការណ៍ពីក្រុមអ្នកស្ម័គ្រចិត្ត​ជួយ​សង្គ្រោះ​ ការស្វែងរកនៅក្នុងអគារ និងកម្ទេចអគារដែលរលំបាក់បែកក្នុងយប់ថ្ងៃទី៣០ ខែមិថុនា បានរកឃើញសព ៧ នាក់ដែលសាកសពត្រូវភ្លើងឆេះខ្លោចខ្មៅអស់ និងសព ១ នាក់ទៀតដែលបានរកឃើញមុននេះ សរុបជាសព ៨ នាក់។ នៅសល់អ្នកបាត់ខ្លួន ២ នាក់ទៀត។ នៅព្រឹកថ្ងៃទី១ កក្កដា អាជ្ញាធរបានផ្អាកបេសកកម្មស្វែងរក និងបានបិទតំបន់មិនឱ្យអ្នកមិនពាក់ព័ន្ធចូលទៅក្នុងអគារដែលបាក់បែក។ ផ្សែងភ្លើងនៅតែហុយចេញពីអគារ ដោយមានរថយន្តពន្លត់អគ្គិភ័យ ៣ គ្រឿងឈរជើងនៅក្នុងក្រុមហ៊ុន។ ប្រសិនបើភ្លើងផ្ទុះឡើងសារជាថ្មី អាជ្ញាធរនឹងបាញ់ទឹកពន្លត់ភ្លាមៗ។

អាជ្ញាធរផ្នែកសំណង់បានត្រួតពិនិត្យអគារជុំវិញ និងបានរកឃើញថា អគារបានរងការខូចខាត ៨០%។ សព ៨ នាក់ដែលរកឃើញសុទ្ធតែត្រូវភ្លើងឆេះខ្លោច មិនអាចកំណត់អត្តសញ្ញាណបានទេ។ អាជ្ញាធរគ្រោងនឹងប្រើគ្រឿងចក្រអេស្កាវ៉ាទ័រដើម្បីរុះរើរមៀលក្រដាសធំៗចេញពីរោងចក្រ ដើម្បីការពារផ្សែងភ្លើងបន្ថែម។លោក សានថាត រ៉ាន់ដាវ៉េ អភិបាលស្រុកណងខែ ខេត្តសារ៉ាប៊ុរី បានបញ្ជាក់ថា នៅថ្ងៃនេះ អាជ្ញាធរនឹងបន្តស្វែងរកអ្នកបាត់ខ្លួន ២ នាក់ទៀតយ៉ាងសកម្ម និងពន្លត់ភ្លើងដែលអាចផ្ទុះឡើង។ ប៉ូលិសស្រុកណងខែបានអញ្ជើញសាច់ញាតិអ្នកបាត់ខ្លួនមកផ្តល់ព័ត៌មាន និងបានបញ្ជូនសពទាំង ៨ ទៅមន្ទីរពេទ្យប៉ូលិសដើម្បីធ្វើការពិនិត្យអត្តសញ្ញាណ។ មូលហេតុនៃអគ្គិភ័យនេះទំនងជាបណ្តាលមកពីបណ្តាញផលិតកម្ម និងគ្រឿងចក្រមានបញ្ហា”។

ប្រភព៖ Thairath

Share.