កីឡាករ Bryan Bagunas ជម្រើសជាតិរបស់ហ្វីលីពីន ដែលជាដៃគូដ៏ស្អិតល្មួតរបស់កីឡាករកម្ពុជា វឿន វាសនា នៅក្លិប Win Streak ក្នុងលីគបាល់ទះរបស់តៃវ៉ាន់ បានសម្រេចចុះកុងត្រាចូលរួមជាមួយក្លិប Osaka Bluteon របស់ជប៉ុន ដែលមាន Super Star ឆ្វេងជប៉ុន Yuji Nishida នៅលីគបាល់ទះជប៉ុន។

ក្រៅពីនេះ Bryan Bagunas ក៏នឹងត្រូវលេងជាមួយកីឡាករល្បីៗ កម្រិតពិភពលោក ជាមួយមិត្តរួមក្រុមថ្មីនៅក្លិប Osaka Bluteon ក្នុងការការប្រជែងពានរង្វាន់នានា នៅរដូវកាលឆ្នាំ២០២៥-២៦ ខាងមុខនេះរួមមាន៖

កីឡាករ Antoine Brizard ជនជាតិបារាំង ម្ចាស់មេដាយមាសអូឡាំពិក ២សម័យកាល កីឡាករ Miguel Ángel López ជនជាតិគុយបា កីឡាករ Peng Shikun ជនជាតិចិន កីឡាករ Thomas Jaeschke ជនជាតិអាមេរិក រួមជាមួយតារាងបាល់ទះរបស់ជម្រើសជាតិជប៉ុន Yuji Nishida, Akihiro Yamauchi, Tomohiro Yamamoto។






សូមរំលឹកថា កីឡាករ Bryan Bagunas អតីតសមាជិករបស់ក្រុមបាល់ទះ Win Streak និងជាដៃគូរបស់ វឿន វាសនា បានផ្លាស់ទៅចូលរួមជាមួយក្រុម Cignal HD Spikers របស់ហ្វីលីពីន ក្នុងលក្ខខណ្ឌខ្ចីជើង កាលពីដើមឆ្នាំ២០២៤។


កាលនៅហ្វីលីពីន មុនចូលរួមជាមួយក្លិប Osaka Bluteon របស់ជប៉ុន រូបគេក៏បានជួយឱ្យក្រុមបាល់ទះ Cignal HD Spikers ឈ្នះជើងឯក នៃពានរង្វាន់ Spikers’ Turf (2024 Open Conference) រដូវកាល ២០២៤ របស់ប្រទេសហ្វីលីពីន ព្រមទាំងជាប់ឈ្មោះជាកីឡាករឆ្នើម (MVP)។
គួរបញ្ជាក់ថា កីឡាករ Bryan Bagunas កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៩៧ អាយុ ២៧ឆ្នាំ និងកម្ពស់ ១.៩៥ម៉ែត្រ រូបធ្លាប់ជួយឱ្យក្រុមជម្រើសជាតិហ្វីលីពីន ឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩៕


