តាមកាសែត South China Morning Post បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា នេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន មុនពេលទៅចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី៣០ ខែតុលា ខាងមុខនេះ។ នេះបើយោងតាមការចេដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥។

ប្រទេសទាំង២ បាននិងកំពុងព្យាយាមចរចាបញ្ចប់សង្រ្គាមពន្ធគយ ដែលកំពុងតែកើនឡើងខ្លាំង ដែលបានធ្វើឱ្យមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក។

ក្រុមមន្រ្តីរបស់ភាគីទាំងសងខាង បានពិភាក្សាពីការរៀបចំជំនួបរវាងមេដឹកនាំនៃប្រទេសមហាអំណាចទាំង២ នៅក្នុងឆ្នាំនេះ។ ប៉ុន្ដែពួកគេមិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទ ឬទីតាំងនៅឡើយទេ ខណៈអាមេរិក និងចិន កំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឱ្យបានមុនឱសានវាទដែលលោក ត្រាំ បានកំណត់យកថ្ងៃទី១២ ខែសីហា សម្រាប់ការឈានដល់កិច្ចព្រមព្រៀងអចិន្ត្រៃយ៍មួយស្ដីពីពន្ធគយ។

កាលពីកន្លងទៅ លោក ត្រាំ បានអំពាវនាវឱ្យកំណត់អត្រាពន្ធមូលដ្ឋានជាសកលចំនួន ១០ភាគរយលើទំនិញដែលនាំចូលពីគ្រប់ប្រទេសមកក្នុងសហរដ្ឋអាមេរិក ហើយប្រទេសមួយចំនួនដែលធ្លាប់បានយកពន្ធអាមេរិកខ្ពស់ ឬ មានបញ្ហាជាមួយអាមេរិក និងទទួលរងនូវអត្រាពន្ធគយខ្ពស់ពីអាមេរិក ដោយអត្រាពន្ធខ្ពស់បំផុត ៥៥ភាគរយ ហើយប្រទេសចិន ក៏ស្ថិតក្នុងបញ្ជីតារាងពន្ធគយខ្ពស់ផងដែរ។

កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បាននិយាយថា ប្រទេសចិន ចង់នាំយកទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ត្រឡប់ទៅរកស្ថិរភាពដូចមុន ហើយថា ការពិភាក្សានាពេលថ្មីៗនេះនៅអឺរ៉ុប បានបង្ហាញថា មិនចាំបាច់មានសង្គ្រាមពន្ធគយនោះទេ។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ សហរដ្ឋអាមេរិក និងចិន បានរៀបចំកិច្ចប្រជុំកម្រិតខ្ពស់មួយនៅក្នុងប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមផ្ទាល់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi។ គ្រានោះ ប្រមុខការទូតនៃប្រទេសទាំង២ បានអះអាងថា កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយរលូនក្នុងលក្ខណៈស្ថាបនា និងវិជ្ជមាន។ លោក Rubio បាននិយាយផងដែរថា លោក ត្រាំ ត្រូវបានអញ្ជើញឱ្យទៅប្រទេសចិន ដើម្បីជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង ហើយមេដឹកនាំទាំង២ ចង់ឱ្យវាកើតឡើង៕

ប្រភព៖ CNA

Share.