អ្វីដែលអ្នកតាមដានព្រឹត្តិការណ៍ពិភពលោក និងសង្គមនយោបាយអន្តរជាតិកំពុងតែចាប់អារម្មណ៍តាមដាននោះគឺ ការបង្កើតស្ថាប័ន «ក្រុមប្រឹក្សាសន្តិភាព» ដោយខ្លួនឯងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលគោលគំនិតនេះ ត្រូវបានគេមើលឃើញថាបានលេចចេញជារូបរាងឡើងនៅក្រោយពេលដែលលោកបានរបូតពានរង្វាន់នៃក្ដីស្រមៃមួយទៅឱ្យដៃគូប្រជែងគឺលោកស្រី ម៉ារីយ៉ា ខូរីណា ម៉ាចាដូ ដែលជាមេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា។
មហិច្ឆិតារបស់មេដឹកនាំសេតវិមាន កំពុងបង្ហាញនូវរូបភាពដ៏គ្រោះថ្នាក់មួយដែលឈានដល់ការចាប់ផ្ដើមបង្កើតអាណានិគមទំនើបថ្មីមួយទៀតក្នុងចេតនាចង់កាច់បំបាក់ធ្មង់អង្គការសហប្រជាជាតិ ដែលជាស្ថាប័នកំពូលរបស់ពិភពលោកអស់រយៈពេលជិត ៨ ទសវត្សរ៍មកនេះ។

ផ្ដើមចេញពីបំណងប្រាថ្នាចង់បានពានរង្វាន់សន្តិភាពណូប៊ែល តែត្រូវបរាជ័យ មកជាការបង្កើតស្ថាប័នផ្ទាល់ខ្លួនបែបនេះ ច្បាស់ណាស់វាពិតជាមានបង្កប់នួវអាថ៌កំបាំងដែលគ្រប់គ្នាមិនដឹង។ បន្ទាប់ពីចូលអង្គុយក្នុងសេតវិមានជាលើកទីពីររបស់ខ្លួន លោក ដូណាល់ ត្រាំ តែងតែមានមហិច្ឆតាចង់ទទួលបានពានរង្វាន់សន្តិភាពណូប៊ែល តាមរយៈកិច្ចព្រមព្រៀងអាប្រាហាំ ឬការចរចាជាមួយកូរ៉េខាងជើងកាលពីអាណត្តិមុន រហូតឈានដល់ការបានបញ្ចប់សង្គ្រាមទាំង ៨ ទូទាំងពិភពលោកនៅអំឡុងឆ្នាំ ២០២៥ កន្លងមក ដោយលោក ត្រាំ រមែងអួតអះអាងពីសមិទ្ធផលទាំងនេះជានិច្ច។
នៅពេលដែលបំណងប្រាថ្នានេះត្រូវរលាយមិនបានសម្រេចតាមរយៈយន្តការអន្តរជាតិដែលមានស្រាប់ លោកហាក់ដូចជាកំពុងបង្កើតយន្តការសន្តិភាពតាមរូបមន្តរបស់លោកផ្ទាល់ទៅវិញ និងលែងទុកគោលការណ៍ច្បាស់អន្តរជាតិនៅក្នុងក្រសែភ្នែកទៀតហើយ។ ការបង្កើតក្រុមប្រឹក្សាសន្តិភាពនេះ គឺជាការផ្ញើសារថា បើពិភពលោកមិនផ្តល់កិត្តិយសឱ្យលោក លោកនឹងបង្កើតវេទិកាដើម្បីលើកតម្កើងកិត្តិយសដោយខ្លួនឯង។
នៅពីក្រោយវាំងននខ្មៅនេះ អ្នកវិភាគមើលឃើញ វាក៏អាចជាយុទ្ធសាស្ត្រមួយដែលមេដឹកនាំសេតវិមាន មានមហិច្ឆតាកាច់បំបាក់ឥទ្ធិពលអង្គការសហប្រជាជាតិដូចគ្នាដែរ។ កន្លងមក សហរដ្ឋអាមេរិកបានឃើញពីភាពយឺតយ៉ាវរបស់អង្គការសហប្រជាជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខ ដែលតែងតែជាប់គាំងដោយសារការប្រើសិទ្ធិ Veto ហើយអាមេរិកក៏បានប្រកាសដកខ្លួន និងលែងធ្វើខ្លួនជាសប្បុរសជនដែលផ្ដល់ជំនួយមនុស្សធម៌ទៅដល់អង្គការសហប្រជាជាតិទៀតដូចកាលពីមុនទៀតដែរ។
ភាពចម្រូងចម្រាស បានលេចឡើងនៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអញ្ជើញលោក វ៉្លាឌីមៀ ពូទីន ដែលជាបុគ្គលត្រូវបានដីកាចាប់ខ្លួនពីតុលាការអន្តរជាតិឱ្យចូលរួមជាមួយស្ថាប័នថ្មីរបស់ខ្លួន និងបានអញ្ជើញតួគីឱ្យចូលរួមដោះស្រាយបញ្ហាហ្គាហ្សា ដែលនេះគឺជាការដើររំលងពិធីការរបស់ UN ទាំងស្រុងតែម្ដង។
រហូតមកទល់ពេលនេះ ក្រុមប្រឹក្សាសន្តិភាព ដែលបង្កើតឡើងដោយមេដឹកនាំសេតវិមាន ដូណាល់ ត្រាំ បានប្រមូលផ្តុំសម្ព័ន្ធមិត្តថ្មីដែលមានប្រទេសចំនួន ៦ បានឯកភាពដូចជា វៀតណាម កាហ្សាក់ស្ថាន ហុងគ្រី អាហ្សង់ទីន ម៉ារ៉ុក និងបេឡារុស ដែលវាបង្ហាញពីសញ្ញាបង្កើតប្លុកអណានិគមអំណាចថ្មីមួយដែលផ្អែកលើទំនាក់ទំនងផ្ទាល់ខ្លួន ជាជាងច្បាប់អន្តរជាតិ។
ទោះបីជាមាន ៦ ប្រទេសបានយល់ព្រមចូលរួម ប៉ុន្តែក្តីបារម្ភកំពុងរីករាលដាលឡើងដូចគ្នា។ ជាក់ស្ដែង បារាំង និងសហភាពអឺរ៉ុប កំពុងបង្ហាញភាពស្ទាក់ស្ទើរយ៉ាងខ្លាំង ដោយសារពួកគេមើលឃើញថា នេះគឺជាការបំផ្លាញរចនាសម្ព័ន្ធពហុភាគីនិយម។ ប្រសិនបើមហាអំណាចនីមួយៗបង្កើតក្រុមប្រឹក្សាសន្តិភាពផ្ទាល់ខ្លួនបានមែន នោះសណ្តាប់ធ្នាប់ពិភពលោកនឹងត្រូវរលាយ ហើយការខិតខំប្រឹងប្រែងកន្លងមកនឹងក្លាយជាអសារបង់។
ការបង្កើតក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ មិនមែនគ្រាន់តែជាការស្វែងរកសន្តិភាពធម្មតានោះទេប៉ុន្តែទឹកប្រាក់ ១០០ លានដុល្លារ គឺជាតួលេខដែលត្រូវបានគេលើកឡើងថាជា សំបុត្រអញ្ជើញ សម្រាប់ចូលរួមក្នុងតុពិភាក្សាកិច្ចការសន្តិភាពថ្មីនេះ។ ត្បិតថាមានឈ្មោះថា ក្រុមប្រឹក្សាសន្តិភាព ប៉ុន្តែអ្នកតាមដានបែរជាមើលឃើញថា វាគឺជាសង្គ្រាមការទូតដើម្បីដណ្តើមអំណាចដឹកនាំពិភពលោកពីដៃអង្គការសហប្រជាជាតិទៅវិញទេ។ ពិភពលោកនាពេលនេះកំពុងស្ថិតក្នុងរបត់ថ្មីមួយ ដែលសណ្តាប់ធ្នាប់ចាស់កំពុងរង្គោះរង្គើដោយសារតែចរិតលក្ខណៈបុគ្គលនិយមរបស់អ្នកនយោបាយចាស់វស្សារូបនេះផងដែរ។
តើអនាគតពិភពលោកនឹងទៅជាយ៉ាងណា? តើនេះជាសញ្ញាណនៃការបែកបាក់ និងប្រេះឆានៃសន្តិភាពពិភពលោកមែនទេ? ប្រសិនបើក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ ដំណើរការទៅបានដោយជោគជ័យ ហើយវាអាចនឹងក្លាយជាការចាប់ផ្តើមយុគសម័យ នៃសន្តិភាពតាមបែបប្រតិបត្តិការ ដែលមានន័យថា សន្តិភាពត្រូវបានទិញដូរតាមរយៈកិច្ចព្រមព្រៀងរវាងមេដឹកនាំខ្លាំងៗ ដោយមិនខ្វាយខ្វល់ពីគោលការណ៍សិទ្ធិមនុស្ស ឬច្បាប់អន្តរជាតិរបស់ UN ឡើយ៕

