វាគឺជារឿងមួយគួរឱ្យចាប់អារម្មណ៍ផង និងគួរឱ្យអស់សំណើចផង ព្រោះរាល់ពេលថៃតែងស្រែកចោទប្រទេសដទៃជាប្រទេសសំបូរបណ្ដាញឆបោកអនឡាញ (Scammer) ប៉ុន្ដែការពិត ថៃខ្លួនឯងតែងតែធ្លាយរឿងអាស្រូវ រកឃើញថា មន្រ្តី ឬ សមាជិកនយោបាយគ្រាក់ៗ ស្ថិតក្នុងបក្សកាន់អំណាចមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវឆបោកអនឡាញជាបន្ដបន្ទាប់ទៅវិញ។

ជាក់ស្ដែង ថ្មីៗនេះ គេបានរកឃើញថា មានបេក្ខជនតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតសភា ១០រូបដែលពាក់ព័ន្ធរឿង Scam ដោយពួកគេទាំងនោះគឺមកពីគណបក្សតែមួយថែមទៀតផង។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថល លោក Chaichanok Chidchob បាននិយាយកាលពីថ្ងៃអង្គារ សប្ដាហ៍នេះថា លោកប្ដេជ្ញាបង្ហាញឈ្មោះបេក្ខជនតំណាងរាស្រ្តចំនួន ១០រូប ដែលត្រូវបានចោទប្រកាន់ថា បានតភ្ជាប់គេហទំព័រល្បែងអនឡាញ និងបណ្តាញបោកប្រាស់ ដោយបញ្ជាក់ថា ពួកគេទាំងអស់មានទំនាក់ទំនងជាមួយគណបក្សនយោបាយដូចគ្នា។ លោក Chaichanok បន្ដថា ការស៉ើបអង្កេតកំពុងបន្ដ ហើយលោកបានធានាដល់សាធារណៈជនថា នឹងមានការលាតត្រដាងឆាប់ៗនេះដោយមិនលាក់បាំងឡើយ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោកឧត្តមសេនីយ៍ Rutthapon Naowarat បានប្រាប់អ្នកសារព័ត៌មានថា អ្នកស៊ើបអង្កេតត្រូវការពេលវេលាបន្ថែមដើម្បីបំពេញការងាររបស់ពួកគេ ហើយបានជំរុញឱ្យសាធារណជនមានការអត់ធ្មត់ ដោយកត់សម្គាល់ថា ភ្នាក់ងារជាច្រើនបានចូលរួមក្នុងការប្រមូល និងផ្ទៀងផ្ទាត់ភស្តុតាង។

អ្វីដែលរដ្ឋមន្ត្រីថៃ ទាំងពីរ លើកឡើង នេះ ម្នាក់លើកឡើងដើម្បីទាញយកការចាប់អារម្មណ៍ និងបង្កើនប្រជាប្រិយភាពឱ្យបក្សរបស់ខ្លួន ដោយចង់បញ្ជាក់ថា ពួកគេស្អាតស្អំ និងកំពុងតែដើរតួនាទីកម្ចាត់ដង្កូវក្នុងសាច់ចេញពីក្នុងចង្កោមអ្នកនយោបាយថៃ ខណៈដែលមន្ត្រីម្នាក់ទៀតលើកឡើង តាមរបៀបចាស់ គឺដកឃ្លាទប់ទល់និងយកលេសពន្យារពេល គ្មានបំណងដោះស្រាយដោយពិតប្រាកដនោះឡើយ ព្រោះជាច្រើនដងហើយ ដែលមន្ត្រីថៃគ្រាក់ៗ សូម្បីតែនាយករដ្ឋមន្ត្រីចាំផ្ទះ លោកអនុទិន និងអ្នកនយោបាយជិតស្និទ្ធិនឹងលោកប៉ុន្មាននាក់ ក៏ត្រូវបានចោទប្រកាន់ថា មានពាក់ព័ន្ធស៊ីជម្រៅជាមួយនឹងមេឧក្រិដ្ឋជនអនឡាញ ដោយមានការផ្ដល់ជាអគារជួល និងចាំជួយកាងក្នុងកិច្ចការងារផ្សេងៗ ប៉ុន្តែក៏មិនមានឃើញចំណាត់ការជាក់លាក់ និងបង្ខិតបង្ខំណាមួយដើម្បីបកអាក្រាតទៅលើមន្ត្រីមានអំណាចដែលសមគំនិតជាមួយឧក្រិដ្ឋជនទាំងនោះឡើយ។


សូមជម្រាបថា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ ប្រទេសថៃ នឹងរៀបចំការបោះឆ្នោត ដើម្បីស្វែងរកមេដឹកនាំប្រទេសជាថ្មីឡើងវិញ ប៉ុន្ដែជោគវាសនាប្រទេសនេះនៅតែស្ថិតក្នុងភាពស្រពិចស្រពិល ព្រោះតែការវាយប្រហារគ្នារវាងអ្នកនយោបាយ ដោយលើកយករឿងជាតិនិយម ដូចជាបញ្ហាព្រំដែនកម្ពុជាថៃមកធ្វើជាអាវុធចាំចាក់គ្នា នៅតែជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធិភាពទាញយកសំឡេងគាំទ្រដែលក្រុមអ្នកនយោបាយអសមត្ថភាពថៃបន្តប្រើប្រាស់ ដោយមិនខ្វល់ពីការខាតបង់សេដ្ឋកិច្ចនិងខូចមុខមាត់នៅលើឆាកអន្តរជាតិ៕

