ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា កម្ពុជា-សហរដ្ឋអាមេរិក តាមរយ:ក្រុមហ៊ុន (Air Cambodia) បានឯកភាពគ្នាក្នុងការចរចាទិញយន្តហោះប្រភេទ Boeing 737MAX 8 ចំនួន ១០គ្រឿង នៅខែសីហា ឆ្នាំ២០២៥នេះ អាចនឹងចុះកិច្ចព្រមព្រៀងបញ្ជាក់ពីការទិញពិតប្រាកដ ប៉ុន្តែយន្តហោះដែលកម្ពុជា កម្មង់ទិញនេះ នៅឆ្នាំ២០៣១ ទើបបានមកដល់កម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការកម្ពុជា និងអាមេរិក នាថ្ងៃទី១ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជានឹងទិញយន្តហោះពីអាមេរិកចំនួន១០គ្រឿង ជាជំហ៊ានដំបូងហើយមានសិទ្ធទិញចំនួន១០គ្រឿងបន្ថែម ទៀតក្រោយមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនោះ។
មុនមានវត្តមានមកដល់កម្ពុជា នៅឆ្នាំ២០៣១ ខាងមុន តើ យន្តហោះ Boeing 737 MAX 8 មានលក្ខណៈពិសេសយ៉ាងណាខ្លះ? ហើយមានមានតម្លៃប៉ុន្មាន? យើងមកដឹងទាំងអស់គ្នា!

យន្តហោះ Boeing 737 MAX 8 ជាយន្តហោះរាងតូច ដែលគេ ស្គាល់ថាមានប្រសិទ្ធភាព និងកម្រិតស៊ីសាំងតតិច។ ជាធម្មតាវាផ្ទុកអ្នកដំណើរបានចំនួន ១៨៩ ទៅ២១០នាក់ ក្នុងការកំណត់រចនាសម្ព័ន្ធស្តង់ដារពីរ។
Boeing 737 MAX 8 មានកម្ពស់ ១២.៣ម៉ែត្រ និងមានប្រវែង ៣៩,៥ ម៉ែត្រ ទទឹងស្លាបប្រវែង ៣៥,៩ ម៉ែត្រ និងអាចផ្ទុកទម្ងន់ហោះឡើងអតិបរមា ៨២ ១៩០ គីឡូក្រាម។ វាមានល្បឿនជាមធ្យមប្រមាណជា ៨៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះហើរក្នុងរយ:កម្ពស់អតិបរមា ១២៥០០ម៉ែត្រ (៤១ ០០០ហ្វីត)។ វាអាចផ្ទុកសាំងបានចំនួន ២៥ ៨០០លីត្រ (ស្តង់ដារ)។

សម្រាប់លក្ខណៈពិសេសគួរឱ្យកត់សម្គាល់របស់យន្តហោះ Boeing 737 MAX 8 ថ្មី ប្រើប្រាស់ម៉ាស៊ីនCFM LEAP-1B ដែលត្រូវបានរចនាឡើងសម្រាប់ការសន្សុំសំចៃប្រេង។ Boeing Sky Interior លក្ខណៈពិសេសរួមមានការការពារសំឡេង គ្រឿងសង្ហារិម ergonomic និងភ្លើងបំភ្លឺ។ ស្លាបមាន់រាងអក្សរ V ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការហោះហើរ។
សម្រាប់តម្លៃនៃយន្តហោះ Boeing 737 MAX អាចប្រែប្រួល ប៉ុន្តែសម្រាប់ប្រភេទ 737 MAX 8 ថ្មីជា ធម្មតាមានតម្លៃប្រហែល ១២០លានដុល្លារក្នុង ១គ្រឿង។ តម្លៃនេះបើយោងតាម Simple Flying។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា«ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia នឹងចរចាទិញ Boeing 737MAX 8 ចំនួន១០គ្រឿង ហើយមានជម្រើសអាចទិញ១០គ្រៀងថែមទៀត តែឥឡូវកំពុងចរចា ហើយសង្ឃឹថាខែសីហានេះ អាចចុះកិច្ចព្រមព្រៀងមួយ បញ្ជាក់ពីការទិញ ប៉ុន្តែយន្តហោះ ប៉ុន្តែរោងចក្រប៊ូអ៊ីង Boeing គឺពេញទាំងអស់ ឆ្នាំ២០៣១ទើបមានយន្តហោះថ្មីនេះ។ យើងចុះកិច្ចព្រមព្រៀងឆ្នាំនេះ (២០២៥)មែន ប៉ុន្តែឆ្នាំ២០៣១ទើប យន្តហោះថ្មីនោះអាចចូលមកកម្ពុជាបាន៕

