ព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកពានរង្វាន់ Super Cup ឆ្នាំ២០២៥ ក្រោយឈ្នះភ្នំពេញក្រោន នៅវគ្គផ្តាច់ព្រ័ត្រ ដោយ​​បាល់​កាត់ក្តី១១ ម៉ែត្រ ៥-៣ បន្ទាប់ពីស្មើគ្នា ២-២ ខណៈការប្រកួតធ្វើឡើងនៅក្នុង​ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ។

ក្រោយឈ្នះភ្នំពេញក្រោន នៅឆ្នាំ២០២៥ នេះក្រុមព្រះខ័នរាជស្វាយរៀង បានតាមទាន់កំណត់ត្រា​របស់​ភ្នំពេញក្រោន ពោលគឺឈ្នះពានរង្វាន់មុនបើករដូវកាលនេះ ២លើកដូចគ្នា គិតចាប់ពីឆ្នាំ២០២៤ មក ។

ពានរង្វាន់ Cambodian Super Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០១៧ ដោយកាលនោះមានឈ្មោះថា ពានរង្វាន់ CNCC Charity Cup ម្ចាស់ជើងឯកបានលើក្រុមបឹងកេត ដោយកាលនោះបានយកឈ្នះក្រុម​ក្រសួងការពារជាតិ ដែលបច្ចុប្បន្នបានប្តូរទៅជាក្រុមកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៣-០ ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋាជាតិ រាជធានីភ្នំពេញ ។

ក្រោយមកនៅឆ្នាំបន្ទាប់ទៀតមិនមានការរៀបចំនោះឡើយ លោះដល់ឆ្នាំ២០២២ ទើបក្រុមហ៊ុន Cambodian Premier League បង្កើតឡើងវិញ និងបានដាក់ឈ្មោះថា ពានរង្វាន់ Cambodian Super Cup ។

នេះជាក្រុមធ្លាប់លើកពានមុនបើករដូវកាល Cambodian Super Cup៖

  • ឆ្នាំ២០១៧ ជើងឯកបានលើក្រុមបឹងកេត
  • ឆ្នាំ២០២២ ជើងឯកបានលើភ្នំពេញក្រោន
  • ឆ្នាំ២០២៣ ជើងឯកបានលើភ្នំពេញក្រោន
  • ឆ្នាំ២០២៤ ជើងឯកបានលើព្រះខ័នរាជស្វាយរៀង
  • ឆ្នាំ២០២៥ ជើងឯកបានលើព្រះខ័នរាជស្វាយរៀង

សូមបន្ថែមថា ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥-២៦ នឹងចាប់ផ្តើមវិលមកប្រកួតវគ្គវិលជុំសន្សំពិន្ទុ នៅពាក់កណ្តាល សិហា នេះតទៅ ដោយមាន១១ក្រុមចូលរួមប្រកួត រួមមាន បឹងកេត, ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរភូមិន្ទ, វិសាខា, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, អឹមអូអាយ កំពង់ដេវ៉ា, ឡាយហ្វខេត្តព្រះសីហនុ, អាយអេសអាយ ដង្កោសែនជ័យ, គិរីវង់សុខសែនជ័យ, ណាហ្គាវើលដ៍ ៕

Share.