គ្រូបង្វឹកវ័យក្មេង LUTU របស់ក្រុមកីឡាអេឡិចត្រូនិក TNR Esports បានលើកឡើងពីការទទួលបានចំណេះដឹងមានតម្លៃ ក្រោយបានសិក្សាវគ្គបណ្តុះបណ្តាលពីសហព័ន្ធកីឡាអេឡិចត្រូនិក (EFC) និងបានយកមកគ្រប់គ្រងកីឡាករយ៉ាងមានប្រសិទ្ធភាព នៅក្នុងការប្រកួតជាក់ស្ដែង ក្នុងការប្រកួតពានរង្វាន់ The Mobile Legends: Bang Bang Professional League – Cambodia ឬ MPL Cambodia រដូវកាលទី១១។

គ្រូបង្វឹកវ័យក្មេង LUTU បានលើកឡើងថា៖ «កាលហ្នឹងខ្ញុំបានសិក្សាវគ្គបណ្តុះបណ្តាលគ្រូជាមួយសហព័ន្ធយើងហ្នឹង ហើយមានរៀនច្បងច្រើនដូចជា Coach ឆាយ ណាហ្គា ស៊ីអូបេប៊ី អី ខ្ញុំបានរៀនច្រើនពីពួកគាត់នូវទ្រឹស្តីរបស់គាត់ដែលសង្កត់ចូលទៅជាគ្រូបង្វឹកត្រូវជួបបញ្ហាអីខ្លះ និងមានបញ្ហាដោះស្រាយ យើងត្រូវដោះស្រាយបែបម៉េច? ខ្ញុំបានយកមកប្រព្រឹត្តនៅពេលដែលខ្ញុំឡើងធ្វើជាគ្រូបង្វឹកឥឡូវហ្នឹងហើយក៏វាមានផលប្រយោជន៍ច្រើនដែរ»។
គ្រូបង្វឹកវ័យក្មេង បានបន្តថា៖ «នៅពេលដែលខ្ញុំបានចូលសិក្សាហ្នឹង ខ្ញុំបានស្តាប់ពួកបងៗរៀនច្បងគាត់និយាយអញ្ចឹងទៅ ហើយខ្ញុំបានយល់ថា របៀបគ្រប់គ្រងក្រុម របៀបគ្រប់គ្រងផ្លេយ៉ើ (Player) មើលថែផ្លេយ៉ើម៉េចឲ្យគាត់ព្យាយាមលេង ឲ្យការព្យាយាមពន្យល់ផ្លេយ៉ើម៉េចឲ្យស្រួលយល់ ពេលខ្លះត្រូវកាច កាច ត្រូវស្លូត ស្លូត តាមហ្នឹងដែរ»។
គ្រូបង្វឹកក្រុម TNR Esports បញ្ចាក់ថា៖ «វគ្គសិក្សាហ្នឹងល្អ ខ្ញុំចង់ឲ្យសហព័ន្ធមានទៅទៀត ព្រោះអីថ្ងៃក្រោយទៀតក៏អាចមានគ្រូបង្វឹកថ្មីៗដែលគាត់ចង់បានបទពិសោធន៍ពីរៀនច្បងមកដូចខ្ញុំដែរ ហើយក៏ជួយឲ្យយើងបានច្រើន បើចង់ចូលក្នុងវិស័យហ្នឹងមែនទែន ខ្ញុំគាំទ្រឲ្យអ្នកទាំងអស់គ្នាព្យាយាម ហើយនឹងចូលរួមសិក្សាវគ្គបណ្តុះបណ្តាលហ្នឹង»៕

