គ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាច្រើនមុខរួមមានគ្រាប់ស្វាយចន្ទី ស្វាយក្រៀម ខ្នុរក្រៀម ចេកក្រៀម និងត្រាវចំនិតក្រៀម ចំនួនជាង ១២ តោននឹងនាំចេញទៅកាន់ប្រទេសអូស្ត្រាលី ដែលការនាំចេញនេះការនាំចេញលើកទីពីរ គឺត្រូវបានគ្រោងទុករួចជាស្រេច ដោយនឹងមានប្រភេទផលិតផលផ្សេងបន្ថែមទៀត និងមានបរិមាណច្រើនជាងមុនតាមរយៈក្រុមហ៊ុន RTT។

ប្រទេសអូស្ត្រាលី និងកម្ពុជាបានប្រារព្ធពិធីអបអរនូវកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របពេលដែលក្រុមហ៊ុន RTT របស់កម្ពុជា បានបើកការនាំចេញនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាផ្លូវការលើកដំបូងទៅកាន់ប្រទេសអូស្ត្រាលី។ កិច្ចព្រមព្រៀងនេះ អាចសម្រេចទៅបានក្រោមកិច្ចគាំទ្រយ៉ាងខ្លាំងពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ CAPRED បានគាំទ្រក្រុមហ៊ុន RTT និងអាជីវកម្មកសិកម្មផ្សេងទៀតរបស់កម្ពុជា តាមរយៈជំនួយបច្ចេកទេសបណ្តុះបណ្តាលលើការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការផ្សារភ្ជាប់ក្រុមហ៊ុនទាំងនោះទៅបណ្ដាញទីផ្សារនានា។
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ «កិច្ចខិតខំប្រឹងប្រែងសហការ ដើម្បីជំរុញការនាំចេញផលិតផលផលិតកម្ពុជា គឺមានសារៈសំខាន់ណាស់ក្នុងការជំរុញវិស័យកែច្នៃកសិផលរបស់យើង ជាពិសេសនៅក្នុងបរិយាកាសពាណិជ្ជកម្មសកលដែលមិនមានភាពប្រាកដប្រជានាពេលបច្ចុប្បន្ន។ សូមអគុណដល់ ការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលអូស្ត្រាលី ដែលជួយឱ្យយើងអាចសម្រេចបាននូវការនាំចេញផ្លែឈើក្រៀមរបស់កម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី។ តាមរយៈការប្តេជ្ញាចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតរបស់យើង ខ្ញុំជឿជាក់ថា ភាពធន់នៃសេដ្ឋកិច្ចរបស់យើង នឹងបន្តទៅមុខយូរអង្វែង និងកាន់តែរឹងមាំ »។
លោក ឈិន សុផល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន RTT បានមានប្រសាសន៍ថា៖ «ពួកយើងសូមថ្លែងអំណរគុណទៅដល់ អូស្ត្រាលី និងក្រសួងពាណិជ្ជកម្មលើការគាំទ្រកន្លងមក ដែលជួយឱ្យអាជីវកម្មរបស់ខ្ញុំអាចសម្រេចបាននូវសមិទ្ធផលនេះ។ ការនាំចេញនេះ បង្ហាញពីការកើនឡើងនៃសមត្ថភាពរបស់សហគ្រាសក្នុងស្រុក ក្នុងការឆ្លើយតបទៅនឹងតម្រូវការសកលលោក។ ពួកយើងជឿថា ការនាំចេញនាពេលនេះគ្រាន់តែជាចំនុចចាប់ផ្តើមប៉ុណ្ណោះ ហើយផលិតផលកម្ពុជាជាច្រើនផ្សេងទៀត នឹងអាចមានវត្តមានលើទីផ្សារអូស្ត្រាលី និងប្រទេសដទៃទៀតនៅពេលខាងមុខ»។

សម្រាប់ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «អូស្ត្រាលី មានមោទនភាពក្នុងការធ្វើជាដៃគូជាមួយ កម្ពុជា និងអាជីវកម្មរបស់កម្ពុជាដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង និងឈានទៅកាន់ការទទួលបាននូវទីផ្សារថ្មីៗ។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយគាំទ្រទៅដល់គោលដៅរបស់ប្រទេសកម្ពុជានូវការចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចប្រកបដោយជោគជ័យ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ក៏នឹងជួយបង្កើននូវពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរ។ យើងប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរបស់យើងជាមួយកម្ពុជា និងគាំទ្រការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងលើសកលលោក»។
គូសបញ្ចាក់ផងដែរថា នៅឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី ឈានទៅដល់ ទំហំទឹកប្រាក់ប្រមាណជា១,១ពាន់លានដុល្លាសហរដ្ឋអាមេរិក ដែលក្នុងនោះ ជាង ៧០ ភាគរយ នៃទឹកប្រាក់ពាណិជ្ជកម្មសរុប គឺជាការនាំចេញរបស់កម្ពុជា ទៅកាន់អូស្ត្រាលី។
