អំឡុងពេលដែលប្រទេសថៃកំពុងជួបបញ្ហាខ្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរចំពោះវិស័យឧស្សាហកម្ម នេសាទ កសិកម្ម និងសំណង់ រដ្ឋាភិបាលថៃបានងាកទៅប្រមែប្រមូលកម្លាំងពលកម្មពីប្រទេសស្រីលង្កាដែលមានអត្រាប្រាក់ឈ្នួលទាប ដើម្បីយកមកបំពេញកន្លែងការងារពលខ្មែរ។ ទោះជាយ៉ាងណាកត្តានេះនៅតែមានភាពចន្លោះប្រហោង ទើបអ្នកវិភាគថៃកំពុងព្យាយាមចេញមុខមកនិយាយអន្ទងចិត្តឱ្យកម្លាំងពលករពីប្រទេសកម្ពុជាឱ្យត្រឡប់ទៅថៃវិញ។

មើលលើការចេញផ្សាយរបស់សារព័ត៌មាន Khaosod នាពេលថ្មីៗនេះបានបញ្ជាក់ឱ្យដឹងថា កម្លាំងពលកម្មដែលនឹងនាំមកប្រទេសស្រីលង្កាមានប្រមាណជាង៣ម៉ឺននាក់បានចុះឈ្មោះរួចហើយ ហើយប្រមាណជា១ម៉ឺននាក់ដំបូង នឹងបញ្ជូនមកកាន់ប្រទេសថៃ។ ប៉ុន្តែភាពចន្លោះប្រហោងដែលរដ្ឋាភិបាលថៃនៅតែមិនទាន់អាចបំពេញបាននោះ វិស័យធំដូចជា វិស័យឧស្សាហកម្ម នេសាទ កសិកម្ម និងសំណង់ ហោចណាស់ត្រូវការកម្លាំងពលកម្មប្រមាណ ៣ លាននាក់ទើបអាចបំពេញតម្រូវការគ្រប់គ្រាន់និងទាន់ពេលវេលា។

អ្នកភាគថៃលោកស្រី Giriya Kulkolkarn សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យធម្មសាស្ត្រ បានវិភាគប្រាប់ Khaosod នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ថា ចំណុចមួយដែលលោកស្រីប្រមើលឃើញគឺភាពធន់ និងអំណត់របស់ពលករដែលមកពីប្រទេសស្រីលង្កា គឺនៅមិនទាន់មានដូចពលករខ្មែរនៅឡើយទេ ពួកគេអាចនឹងមកធ្វើការបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ប្រាកដណាស់នឹងត្រឡប់ប្រទេសខ្លួនវិញជាក់ជាមិនខាន។ លោកស្រីបន្តថា មួយវិញទៀត ភាសា និងវប្បធម៌ ដើម្បីឱ្យពលករស្រីលង្កាអាចបន្តធ្វើការនៅប្រទេសថៃបានយូរ គឺអាស្រ័យលើជនជាតិថៃដែលត្រូវបើកចិត្ត និងបេះដូងទទួលយកជាតិសាសន៍ថ្មីនេះឱ្យរស់នៅជាមួយ ហើយវាក៏អាចនឹងចំណាយពេលវេលាយូរផងដែរ។

សាស្ត្រាចារ្យសេដ្ឋកិច្ចបានលើកឡើងទៀតថា ការឱបក្រសោបពលខ្មែរគឺជាបញ្ហាសំខាន់ដែលរដ្ឋាភិបាលគួរគិតគូរ និងមានការបន្ធូបន្ថយឡើងវិញ ព្រោះថាកន្លងមកនេះមានព័ត៌មានដែលថាពលករខ្មែរខ្លះដែលបានវិលត្រឡប់មកប្រទេសខ្លួនវិញ ប៉ុន្តែបានព្យាយាមវិលចូលមកស្វែងរកការងារធ្វើនៅប្រទេសថៃឡើងវិញ។ ប្រកាសនេះជាសញ្ញាបង្ហាញថា ពលករខ្មែរនៅតែត្រូវការងារ ទោះដឹងថាពេលមកពេលនេះដោយមិនស្របច្បាប់ក៏ដោយចុះ។ អ្នកវិភាគ​ថៃរូបនេះជឿជាក់ថា ទោះនៅមិនទាន់មានទិន្ន័យបញ្ជាក់ចំនួនពិតប្រាកដថា ពលករខ្មែរចាកចេញពីប្រទេស​ថៃ​មានចំនួនច្រើនកម្រិតណាក៏ដោយ ក៏ប៉ុន្តែថ្ងៃណាមួយពួកគេនឹងវិលមកប្រទេសថៃវិញនៅពេលស្ថានភាពប្រទេសទាំងពីរមានភាពស្ងប់សុខ និងវិលមកល្អប្រសើរឡើងវិញ។

សូមជម្រាបថា ថៃក្រៅពីព្យាយាមអន្ទងកម្លាំងពលករពីប្រទេសកម្ពុជាឱ្យត្រឡប់ទៅបម្រើការងារនៅប្រទេសខ្លួនវិញហើយនោះ លើសពីនេះថៃក៏កំពុងស្វះស្វែងអន្ទងពលករមកពីប្រទេសនេប៉ាល់ បង់ក្លាដែស ឥណ្ឌូនេស៊ី និងហ្វីលីពីនផងដែរ៕

Share.