បាត់ដំបង÷ ឆ្នាំ ២០២៥នេះខេត្តបាត់ដំបង ខកខានមិនបានប្រារព្វធ្វើពិធីបុណ្យអំុទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដូចរាល់ឆ្នាំឡើយ។

តាមរយ:គណនេយ្យហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហោះព័ត៌មានបែបខ្លីនៅរសៀលថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៥នេះថា÷ នៅឆ្នាំនេះអាជ្ញាធរខេត្តមិនបានប្រារព្វធ្វើពិធីបុណ្យអុំទូកទេ ហើយក៏មិនបានបញ្ជាក់អំពីមូលហេតុឲ្យបានច្បាស់លាស់ដែរ ខណ:រាល់ឆ្នាំកន្លងមករដ្ឋបាលខេត្តបាត់ដំបង តែងតែប្រារព្វនូវកម្មវិធីប្រពៃណីបុរាណបុណ្យអុំទូកនេះស្ទើរជារៀងរាល់ឆ្នាំ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់នៅរសៀលនេះថា÷ មូលហេតុដែលខេត្តបាត់ដំបង មិនបានប្រារព្វពិធីបុណ្យនៅថ្ងៃចេញព្រះវស្សាទេ ទី ១ ដោយសាររាជរដ្ឋាភិបាលមានគោលការណ៍ផ្អាកការប្រារព្វនៅថ្នាក់ជាតិ ទី ២ រដ្ឋបាលខេត្តទុកឱកាសទទួលពលករខ្មែរដែលកំពុងវិលត្រឡប់មកស្រុកកំណើតវិញនៅតែបន្តឥតដាច់ផង លើសពីនេះដោយសារកត្តាខេត្តបាត់ដំបង មានព្រំប្រទល់ជាមួយប្រទេសថៃផង ដូចនេះអាជ្ញាធរស្រុក ខេត្តមានតួនាទីបានប្រមូលផ្តុំមធ្យោបាយ សម្ភារ:ដើម្បីជួយដល់សមរភូមិជួរផង។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម សុខ លូ បានបង្ហោះសារបញ្ជាក់ពីការខកខានពិធីបុណ្យអុំទូកក្នុងពេលខាងមុខ គឺជូនដំណឹងដល់សាធារណជន ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកការប្រារព្វព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាឯរាជធានីភ្នំពេញ ដោយសារស្ថិតក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់អនុវត្តនូវបទឈប់បាញ់ជាមួយភាគីសៀមនៅតំបន់ជម្លោះព្រំដែន។

ម៉្យាងទៀតដើម្បីដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋដែលភៀសសឹក រួមទាំងពលករខ្មែរដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញផងដែរ៕

អត្ថបទ: ដំបងក្រញូង

Share.