កំពង់ធំ÷ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដាក់ចេញនូវវិធានការដល់កងកម្លាំងសរុប មធ្យោបាយសរុប សំដៅរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ក្នុងឱកាសពិធីបណ្តែតប្រទីប បង្ហោះគោម បួងសួងសុំសេចក្តីសុខចម្រើនសិរីសួស្តីនៅខេត្តកំពង់ធំ។


ចំពោះកិច្ចប្រតិបត្តិការ រយៈពេលបីថ្ងៃ នៃពិធីបណ្តែតប្រទីប បង្ហោះគោម នឹងបាញ់កាំជ្រួចកាលពីថ្ងៃទី ៤-៥-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ ពុំមានហេតុការណ៍ អ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ទេ ។
កងកម្លាំងនគរបាលខេត្តកំពង់ធំ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល កងកម្លាំងបានយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ថវិកាផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្ម អនុវត្តតួនាទីភារកិច្ច បង្កបរិយាកាសល្អជូនភ្ញៀវជាតិ អន្តរជាតិ ដែលបានអញ្ជើញទស្សនាកម្សាន្ត តាមទីវត្តអារាម រមនីយដ្ឋាន ទីកម្សាន្តសប្បាយនានា ទូទាំងខេត្តដោយភាពសុខដុមរមនា។




ដោយឡែកគ្រប់តម្រាយផ្លូវនានា ត្រូវបានពង្រាយកងកម្លាំងនៅប្រចាំការ ល្បាត ត្រៀមកិច្ចអន្តរាគមន៍ នាគ្រាចាំបាច់ ព្រមទាំងជួយសម្រួលចរាចរណ៍ ជូនអ្នកធ្វើដំណើរ ប្រកបដោយឥរិយាបថ ទន់ភ្លន់ សុភាពរៀបសាររួសរាយ រាក់ទាក់ ផ្ដល់ទំនុកចិត្ត ដល់ប្រជាពលរដ្ឋ ។
សូមបញ្ជាក់ដែរថា រដ្ឋបាលសាលាខេត្តកំពង់ធំក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក នៅខេត្តកំពង់ធំ ឆ្នាំនេះពុំមានរៀបចំពិធីប្រណាំងទូក ដូចបណ្ដាឆ្នាំមុនៗទេ ប៉ុន្តែដើម្បីរក្សាការពារទំនៀមទម្លាប់ ប្រពៃណី ដ៏ល្អផូផង់ និងការរំឭក ដល់ព្រះគង្គារ និងព្រះធរណី ដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផល ក្នុងការងារកសិកម្ម មុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។




រដ្ឋបាលសាលាខេត្ត បានរៀបចំពិធី បណ្ដែតប្រទីប និងបង្ហោះគោម រយៈពេល បីរាត្រី គឺនៅថ្ងៃទី ៤-៥-៦ ខែ វិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង៦ និង០០នាទីល្ងាចតទៅ នៅបរិវេណសួនស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងពិធីនោះដែរ ដើម្បីការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់កងកម្លាំងនគរបាលចំនួន១,២៩៥នាក់ មធ្យោបាយរថយន្តពន្លត់អគ្គិភ័យ០៤គ្រឿង រថយន្តស៊ីរ៉ែន១០ គ្រឿង រថយន្តសង្គ្រោះចំនួន០១ គ្រឿង ម៉ូតូប្រដេញ០៦គ្រឿង កាណូត០២ គ្រឿង វិទ្យុទំនាក់ទំនង៨៥០គ្រឿង។
អត្ថបទ÷កំពង់ធំ
