ក្នុងរាត្រីមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទីដ៏អស្ចារ្យ កញ្ញា ស៊ីន យូប៊ីន ត្រូវបានប្រកាសជាទូតសុឆន្ទៈមហោស្រពកម្ពុជាអាស៊ី លើកទី៣ ជាមួយតារាភាពយន្តហុងកុងល្បីឈ្មោះ កញ្ញា Samantha Ko។ រឹតតែពិសេស យូប៊ីន បានលើកយកនូវទស្សនីយភាពការសម្តែងដ៏អស្ចារ្យមួយ ជាទម្រង់សិល្បៈបង្កើតថ្មីអមភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើប Ai មកបង្ហាញជូនថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងអង្គពិធីទាំងមូល ទស្សនាកម្សាន្តយ៉ាងរីករាយ។នេះគឺឆន្ទៈមួយដែលកញ្ញាបន្តប្តេជ្ញាផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ។

តារាស្រីរូបនេះបញ្ជាក់ថាមានមោទកភាព និងរំភើបចំពោះតំណែងសុឆន្ទៈមហោស្រពកម្ពុជាអាស៊ី លើកទី៣ ហើយរឹតតែរំភើបខ្លាំង គឺកម្ពុជាយើងមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី ជាថ្មីម្តងទៀត ដែលនេះបញ្ជាក់ឱ្យឃើញពីភាពវិជ្ជមាននៃវិស័យភាពយន្តខ្មែរដែលកំពុងបញ្ជ្រៀតខ្លួនចូលទៅទីផ្សារអន្តរជាតិបន្តិចម្តងៗ។ ម៉្យាងនេះក៏ជាការបញ្ជាក់ប្រាប់ឱ្យពិភពលោកដឹងថា ប្រទេសកម្ពុជាមានសុវត្ថិភាព និងសុខសន្តិភាពយ៉ាងពេញលេញ ប្រកបដោយស្នាមញញឹម ភាពរួសរាយរាក់ទាក់ ត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិដែលមានបំណងធ្វើដំណើរមកកម្ពុជាក្នុងន័យទាំង និងការងារធុរៈកិច្ចជាដើម។
ដោយឡែក ការដាក់បញ្ចូលផ្ទាំងទស្សនីយភាពរបាំបុរាណក្នុងមហោស្រពនេះ ជាផ្នែកមួយនៃផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និងភាពរស់រវើកនៃរបាំខ្មែរយើង ផ្សារភ្ជាប់ជាមួយវីដេអូបង្កើតឡើងដោយបញ្ញាសប្បនិមិត្ម Ai បង្ហាញពីភាពរុងរឿងនៃអាណាចក្រខ្មែរ ការការពារ និងមនសិកាស្នេហាជាតិមាតុភូមិ។ តារាស្រីដែលចូលចិត្តបង្ហាញទង្វើច្រើនជាងពាក្យសម្តី ស៊ីន យូប៊ីន តាំងពីដើមរហូតមកទល់ពេលនេះបានតាំងចិត្តលើការការពារ និងការបង្ហាញឱ្យពិភពលោកឃើញពីអត្ថសញ្ញាណជាតិខ្មែរទោះបីស្ថិតក្នុងកាលៈទេសៈទាំងអស់។

ក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយ កញ្ញា ស៊ីន យូប៊ីន កាលពីពេលថ្មីៗ ជុំវិញការងារក្រៅស្រុកថា «តើឆ្នាំនេះកញ្ញាមានគម្រោងទៅចូលរួមកម្មវិធីអន្តរជាតិនៅក្រៅស្រុកឬអត់?» យូប៊ីន ឆ្លើយតបមិនស្ទាក់ស្ទើរថា តាំងពីដើមខែសីហា រហូតមកទល់ពេលនេះ នាងបានសម្រេចចិត្តបោះបង់ចោលការងារក្រៅស្រុកមួយចំនួនដោយមិនសោកស្តាយប្រាក់កម្រៃដែលទទួលបានពីការងារទាំងនោះឡើយ។ បច្ចុប្បន្ន នៅសល់គម្រោងការងារក្រៅស្រុកធំមួយប៉ុណ្ណោះដែល យូប៊ីន កំពុងពិចារណាយ៉ាងល្អិតល្អន់ថា គួរទៅចូលរួមឬអត់? ព្រោះខ្លួនត្រូវជ្រើសរើសការងារណាដែលផ្តល់ផលចំណេញដល់មុខមាត់ប្រទេសជាតិ ស្របពេលដែលប្រទេសយើងកំពុងត្រូវការការសាមគ្គីជាធ្លុងមួយ។

ឆ្លៀតឱកាសនោះ កញ្ញា ស៊ីន យូប៊ីន សម្ដែងអារម្មណ៍អរគុណទៅកាន់ទឹកចិត្តដ៏ធំធេងរបស់ពុកម៉ែបងប្អូន និងបណ្តាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់កញ្ញា ដែលតែងតែឈរនៅក្រោយ ចាំលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់នាងគ្រប់ពេលវេលា ពិសេសពេលដែលនាងបាក់ទឹកចិត្តបំផុត គ្រប់គ្នានៅតែរួចសុខរួមទុក្ខជាមួយនាង៕

