វីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកបង្ហាញពីសកម្មភាពរបស់យោធាថៃបានប្រើគ្រឿងចក្រធន់ធ្ងន់បុកបំផ្លាញរូបសំណាក់បដិមាព្រះនារាយណ៍នៅតំបន់អានសេះក្នុងអធិបតេយ្យភាពកម្ពុជា បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម និងពលរដ្ឋឥណ្ឌាថ្កោលទោសចំពោះទង្វើព្រៃផ្សៃយង់ឃ្នងឥតគោរពសាសនាមួយនេះ។

ព្រះវិស្ណុ ឬ ព្រះនារាយណ៍ ជាអាទិទេពដ៏ពិសិដ្ឋមួយអង្គក្នុងជំនឿព្រហ្មញ្ញសាសនាដែលប្រជាជនឥណ្ឌា កម្ពុជា និងថៃ បានគោរពប្រណិប័តន៍ឱនក្បាលសំពះលើកដៃបួងសួងសុំសេចក្ដីសុខសន្ដិភាពគ្រប់ប្រការ។ ប៉ុន្តែសកម្មភាពនៃទង្វើរបស់យោធាថៃបានបញ្ជាក់យ៉ាងច្បាស់ថា យោធាថៃបានបំផ្លាញសន្តិភាពគ្រប់រូបភាពក្រោមលេសនៃជម្លោះព្រំដែនដើម្បីសម្រេចបំណងឈ្លានពានទឹកដីប្រទេសកម្ពុជា។
ពលរដ្ឋឥណ្ឌា បានប្រើប្រាស់បណ្ដាញសង្គម X បង្ហោះពីទស្សនៈប្រតិកម្ម និងបានថ្កល់ទោសចំពោះការបំផ្លាញរូបសំណាកអាទិទេពនៃសាសនាហិណ្ឌូក្រោមលេសនៃជម្លោះព្រំដែនពីសំណាក់យោធាថៃដែលមិនអាចទទួលយកបាន។ ពួកគេសង្កត់ធ្ងន់ថា មិនថាកម្ពុជាបានថ្កល់ទោសរឿងនេះឬអត់នោះទេ ប៉ុន្តែការវាយប្រហារលើជំនឿ និងទីតាំងបេតិកភណ្ឌគឺមិនអាចអត់ឱនឱ្យបាននោះទេ។
ពលរដ្ឋឥណ្ឌាបញ្ជាក់ថា ទាំងប្រទេសថៃ និងកម្ពុជា ប្រទេសទាំងពីរសុទ្ធតែជាប្រទេសកាន់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ប៉ុន្តែប្រវត្តិសាស្ត្របានកត់ត្រាអំពីការធ្វើទុក្ខបុកម្នេញម្តងហើយម្តងទៀតលើប្រាសាទបែបព្រហ្មញ្ញសាសនា ពីការការប៉ុនប៉ងលុបបំបាត់ពីសំណាក់យោធាថៃ។ ដូច្នោះហើយ នេះអាចចាត់ទុកថា អំពើហិង្សារបស់យោធាថៃមួយនេះ គឺបានប្រឆាំងនឹងនិមិត្តសញ្ញានៃទេពដ៏ពិសិដ្ឋដែលមិនត្រូវរងនូវការប្រមាថណាមួយឡើយ ព្រោះថា គ្មានសាសនាដែលបង្រៀនឱ្យមនុស្សបំផ្លាញសន្តិភាពរបស់ខ្លួនឬពិភពលោក និងបំផ្លាញជំនឿរបស់អ្នកដទៃនោះឡើយ។
គួររំលឹកដែលថា ក្រៅពីបំផ្លាញបដិមាអាទិទេពដ៏ពិសិដ្ឋនៃជំនឿប្រជាជនកម្ពុជាហើយនោះ យោធាថៃក៏បានបំផ្លាញទីតាំងប្រាសាទព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោក បំផ្លាញអគារអភិរក្សនៃគម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា និងបានបាញ់បំផ្លាញប្រាសាទតាក្របីដោយគ្រាប់បែក និងគ្រាប់ផ្លោង៕

