កំណាព្យ៖បទពាក្យ៧
ប្រាសាទធ្លាប់ឈរល្អត្រកាល ឥឡូវក្រាបក្រាលខ្ទេចគ្រាំគ្រា
ព្រោះតែទាហានកងទ័ពមារ បាញ់ផ្លោងរួចវាឈរទះដៃ។
ប្រាសាទសម្បត្តិដួងព្រលឹង ហ្មត់ឈឹងព្រោះតែចោរចង្រៃ
គឃ្លើនបំពានយ៉ាងព្រៃផ្សៃ គ្មានថ្ងៃកូនខ្មែរបំភ្លេចបាន។
ប្រាសាទប្រណីតដិតដាមផ្សែង ខូងជាប់អម្បែងគ្រាប់ដៅដាន
តាក្របីអើយមិននឹកស្មាន ថាចោរសាមាន្យហ៊ានកម្ទេច។
ប្រាង្គព្រះវិហារគ្រាំគ្រាកាយ បាក់បែកខ្ចាត់ខ្ចាយខូងរូងរេច
សម្បត្តិសកលក៏ត្រូវខ្ទេច ស្តាយរកពាក្យពេចន៍ថ្លែងពុំបាន។
F-១៦ រោយទម្លាក់ គ្រាប់ធ្លាក់កម្ទេចឆេះភូមិឋាន
គិតទៅទ័ពចោរតសន្តាន អុកឡុករំខានខ្មែរឥតក្រែង។
សិស្សឆ្ងាយសាលាផ្សារឆាបឆេះ ខ្លោចក្លាយជាផេះផ្ទះសម្បែង
បាក់ស្ពានខូចផ្លូវរាប់កន្លែង ចោរឥតរអែងប្រើផ្សែងពុល។
សម្លាប់ទាហានជនស្លូតត្រង់ ផ្លោងគ្រាប់តម្រង់ត្បុលរុករុល
រំលោភឈ្លានពានទាំងងងុល ជ្រួលដូចជ្រូកពុលពេញបន្ទុក។
ក្មេងចាស់ជរារងាញាក់ ខ្លាចគ្រាប់ផ្លោងធ្នាក់នៅនឹងមុខ
កូនតូចស្រែកយំហៅម៉ែពុក ប្រពន្ធកើតទុក្ខបារម្ភប្តី។
ណាព្រួយនឹងកូនស្ងួនពន្លក មិនគួរត្រូវមកដេកផ្ទាល់ដី
ព្រោះតែទាហានចោរអប្រិយ គ្មានចិត្តប្រណីបាញ់ប្រហារ។
ភូមិស្រុកសុខសាន្តបានប្រួលប្រែ ខ្ទេចហើយភូមិខ្មែរសែនអនិច្ចា
ខ្មែររាប់សែននាក់រស់ខ្លោចផ្សា ស្រែកប្រាប់លោកាខ្មែររងទុក្ខ។
ចោរប្រើទ្រឹស្តីជាតិនិយម បង្កគំនុំវាទីលុក
មហិច្ឆតាឈ្លានពានស្អុយគគ្រុក ឈ្លើយពេញបន្ទុកគ្មានអ្នកដូច។
អួតអាងអំណាចជារដ្ឋខ្លាំង ហ៊ានប្រើកម្លាំងពានរដ្ឋតូច
ឥតកោតក្រែងច្បាប់ពិតពេញខូច រកស្រុកឈ្លើយដូចចោរពុំមាន។
ព្រោះតែរឿង១មួយគឺអំណាច មិនខ្លាចលះបង់ពលទាហាន
បំពេញមហិច្ឆិតាការឈ្លានពាន ដោយក្តីស្រេកឃ្លានរដ្ឋជិតខាង។
តើយកឯណានឹងបានងាយ ដូចពាក្យនិយាយទមិឡអួតអាង
ទឹកដី សម្បត្តិដូនតាសាង ខ្មែរការពារកាងមិនឲ្យបាត់។
ឈប់បានឈប់ទៅមហិច្ឆិតាខ្មៅ បញ្ឆេះកំដៅចង់កម្ចាត់
ខ្មែរសាងអង្គរឲ្យបង់បាត់ ដីខ្មែរច្បាមកាត់ពិតពិបាក។
ខ្មែររួមកម្លាំងតាំងជំហរ សាមគ្គីកៀកឈរមិនចោលចាក
រួមការពារជាតិគ្រាលំបាក ខ្មែរមិនកំសាករត់ចោលស្រុក។
ខ្មែរមានយុទ្ធជនដ៏ក្លាហាន ចោរចិត្តសាមាន្យកុំសម្រុក
ឈានជើងឈ្លានពានហ៊ានអុកឡុក ច្បាស់ជាមិនសុខថែមខាតបង់។
កម្លាំងមហាជនពីខាងក្រោយ មិនខ្សោយសាមគ្គីគ្រហស្ថសង្ឃ
យុវជនសកម្មឆ្ពោះតម្រង់ រួមគ្នាលះបង់ដើម្បីខ្មែរ។
ខ្មែរស្រឡាញ់ខ្មែរ ខ្មែរតែមួយ រួមសុខទុក្ខព្រួយមិនបែកបែរ
ជាខឿនការពារដែនដីខ្មែរ គ្មានថ្ងៃប្រួលប្រែជាដាច់ខាត។
តេជោធិបតីថ្វីយុទ្ធសាស្ត្រ ភ្លក្សហើយចោរច្បាស់ភ័យបាក់ស្បាត
កលយុទ្ធ ការទូតពិតពេញឆ្លាត ចោរហ៊ានប្រមាថច្បាស់ស៊យធំ៕
ថ្ងៃទីពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹងថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២៥
និពន្ធដោយ៖សំ នឿន
