ប្រធានាធិបតីនៃប្រទេសបងធំសេដ្ឋកិច្ចនៅលើពិភពលោក ដូណាល់ ត្រាំ បានចេញមកប្រមានដល់បណ្តាប្រទេសនៅ អឺរ៉ុប ជាពិសេសប្រទេសសម្ព័ន្ធមិត្តនៅក្នុងអង្គការ NATO ឱ្យបញ្ឈប់ការបញ្ជាទិញប្រេងពីប្រទេសរុស្ស៊ី ស្របពេលដែលរូបលោកក៏បានគំរាមដាក់ពិន័យពន្ធលើប្រទេសចិនដូចគ្នា។

មើលលើការចេញផ្សាយរបស់សារព័ត៌មាន Radio Free Europe បានចុះផ្សាយនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ លោក ត្រាំ កំពុងតែជំរុញឱ្យបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែនកើតមានឡើងដើម្បីស្វែងរកសន្តិភាពឱ្យពិភពលោក ដែលសមនឹងឈ្មោះរបស់លោកបានស្នើរជាបេក្ខភាពដណ្ដើមពានរង្វាន់ណូបែលសន្តិភាពពិភពលោក។

លោកត្រាំបានចាត់ទុកសកម្មភាពដែលបន្តទិញប្រេងពីរុស្ស៊ីថា ជាការជួយដល់សកម្មភាពបន្តការឈ្លានពានទៅលើអ៊ុយក្រែន ហើយបាន គំរាមដាក់ពន្ធលើប្រទេសចិនក្នុងអត្រាពី ៥០% ទៅ ១០០% ប្រសិនបើចិននៅតែបន្តទិញប្រេងពីរុស្ស៊ី ។ ជុំវិញពីការព្រមានរបស់លោក ដូណាល់ ត្រាំ ដែលជំរុញឱ្យប្រទេសនៅ អឺរ៉ុប និងប្រទេសសមាជិក NATO ឈប់ទិញប្រេងរុស្ស៊ី លោកមានគោលបំណងចង់ឱ្យប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិករួមដៃជាមួយលោកដើម្បីបង្កើតសន្តិភាពពេញលេញមួយឱ្យពិភពលោក ជាពិសេសការបញ្ចប់ការនាំចូលប្រេងពីរុស្ស៊ី គឺដើម្បីកាត់ផ្តាច់ប្រភពចំណូលរបស់រុស្ស៊ី ដែលជាការដាក់ទណ្ឌកម្មបន្ថែមលើការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។

លោកប្រធានាធិបតីអាមេរិកជំនាន់ទី ៤៧ រូបនេះ បានគំរាមពិន័យពន្ធបដិការលើប្រទេសចិនដែលជាអតិថិជនសំខាន់មួយរបស់រុស្សី ដែលការគំរាមនេះអាចទាក់ទងទៅនឹងការធ្វើពាណិជ្ជកម្មរបស់ចិនជាមួយរុស្ស៊ី ឬបញ្ហាពាណិជ្ជកម្មផ្សេងទៀត ដែលលោក ត្រាំ បានចាត់ទុកថា មិនយុត្តិធម៌ និងបង្កផលប៉ះពាល់ដល់សហរដ្ឋអាមេរិក។

បុរសដែលជាបេក្ខភាពដ៏លេចធ្លោ នឹងសង្ឃឹមថាអាចក្លាយជាម្ចាស់ពានណូបែលសន្តិភាពរូបនេះ បានបញ្ជាក់ថា ការដាក់សម្ពាធពន្ធបដិកាលើចិនលើកនេះ គឺដើម្បីកាត់ផ្តាច់ឥទ្ធិពលរបស់ចិនដែលមានលើរុស្ស៊ី និងជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឱ្យកាន់តែមានប្រសិទ្ធភាព ៕

Share.