កណ្តាល៖ កម្លាំងនគរបាលខេត្តកណ្តាល បានបង្ក្រាបករណីលួចធាក់ប្លន់យកម៉ូតូ ចំនួន ៣ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ បន្ទាប់ពីធ្វើការស្រាវជ្រាវជាបន្តបន្ទាប់។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញនៃស្នងការដ្ឋាន សហការជាមួយអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកណ្តាលស្ទឹង ចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាទាំងនេះ។

ក្រុមជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចសង្ស័យថា ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ ដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងខេត្តកណ្តាល៖
ករណីទី១ កើតឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០១:៣០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ករណីទី២ កើតឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៥:០០នាទី នៅចំណុចជិតទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងករណីទី៣ កើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៣:៥៧នាទី នៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រោយការស្រាវជ្រាវ និងប្រមូលភស្តុតាង កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក មុខសញ្ញាដែលនៅសេសសល់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត។

អត្ថបទ៖ ចតុម្មុខ

Share.