ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង ១៤។
ក្នុងកិច្ចប្រជុំនោះ លោកអភិបាលរាជធានីបានសង្កត់ធ្ងន់ថា ត្រូវធានាឲ្យបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមិនត្រូវឲ្យមានបញ្ហាណាមួយកើតឡើងឡើយ។ លោកបានណែនាំឲ្យបន្តការងារត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ តែត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន និងចៀសវាងប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ។
ទាក់ទងនឹងបញ្ហា Online Scam (ការឆបោកតាមអនឡាញ) លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់តាមដានទីតាំងសង្ស័យដូចជានៅតាមបុរី និងខុនដូ ដើម្បីលុបបំបាត់បទល្មើសនេះ។ ជាមួយគ្នានោះ លោកក៏បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាទឹកលិចលង់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលបានត្រៀមរួចរាល់ហើយក្នុងការប្រើប្រាស់កម្លាំងសហការជាមួយកងរាជអាវុធហត្ថរាជធានី ដើម្បីការពារសន្តិសុខ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងអំឡុងពេលបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌចំនួន ១៦ថ្ងៃ។
លើសពីនេះ សម្រាប់ពិធីបុណ្យកឋិនទានដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈបញ្ជាការក៏បានត្រៀមកម្លាំងរួចរាល់ក្នុងការសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់តាមទីផ្សារ និងវត្តអារាម ព្រមទាំងបន្តការល្បាត និងត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំផងដែរ៕



អត្ថបទ៖ត្រយង
