ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ផ្ទុយពីការ​ចោទ​ប្រកាន់ និងការមួលបង្កាច់មួយចំនួន កម្ពុជាមានរចនាសម្ព័ន្ធអង្គការចាត់តាំង និងយន្តការច្បាប់ច្បាស់លាស់ សម្រាប់ដឹកនាំ បង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើស​អនឡាញ។

លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញនៅកម្ពុជា មិនមែន​ជាការ​អនុវត្ត​ដោយស្ថាប័នណាមួយតែឯងនោះទេ ប៉ុន្តែត្រូវបានរៀបចំជាយន្តការដែលមានការដឹកនាំ និង​សម្របសម្រួល​ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។

វីដេអូខាងក្រោមនេះ គឺក្រសួងមហាផ្ទៃប្រកាសស្ដីពី លទ្ធផលនៃ​កិច្ច​សហប្រតិបត្តិការ​ប្រឆាំងបទល្មើសឆ្លងដែន ជាពិសេស ការឆបោកតាមបច្ចេកវិទ្យា រវាងកម្ពុជា-អូស្ត្រាលី!

សូមចុចអាន៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ មន្រ្តីនគរបាលមិនអាចអន្តរាគមន៍លើករណីដែលខ្លួនពាក់ព័ន្ធបានឡើយ

លោកបានពន្យល់ថា រចនាសម្ព័ន្ធអង្គការចាត់តាំងសម្រាប់ការងារនេះ មាន ៣កម្រិត

ទី១. កម្រិតរាជរដ្ឋាភិបាល មានគណៈកម្មាធិការចំពោះកិច្ច ដែលដឹកនាំបញ្ជាដោយផ្ទាល់​ពីសំណាក់​សម្តេចធិបតី នាយករដ្ឋមន្ត្រី។

ទី២. កម្រិតថ្នាក់កណ្តាល មានគណៈកម្មាធិការចំពោះកិច្ចរបស់ក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាន​នគរបាលជាតិ ជាកម្លាំងស្នូលក្នុងការអនុវត្តប្រតិបត្តិការ។

ទី៣. កម្រិតថ្នាក់ក្រោមជាតិ មានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដែលដឹកនាំ និងសម្របសម្រួលកម្លាំង​ចម្រុះនៅក្នុង​ដែនសមត្ថកិច្ចរបស់ខ្លួន។

ចំពោះក្របខណ្ឌច្បាប់ និងបទដ្ឋានយុត្តិធម៌ លោកអ្នកនាំពាក្យរងបានពន្យល់ថា កម្ពុជាមានក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧, ក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩, អនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់តាមទីតាំងរស់នៅប្រមូលផ្តុំ និងច្បាប់ស្តីពីការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ និង​ការប្រយុទ្ធប្រឆាំង​​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ជាសម្រង់សម្ដីផ្ទាល់ថា៖

«នេះគឺបង្ហាញអំពីឆន្ទៈរឹងមាំ មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា គឺជារចនាសម្ព័ន្ធនៃការបង្ក្រាបបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

បន្ថែមពីនេះ លោកបានរិះគន់របាយការណ៍មួលបង្កាច់នានា ដោយលោកបានលើកឡើងថា៖

«ការលើកឡើងបែបនេះ គឺជារឿងនយោបាយច្បាស់ក្រឡែតពេក ហើយមើលស្រាលទៅដល់បណ្តារដ្ឋ និងអង្គការអន្តរជាតិដែលកម្ពុជាសហការបង្ក្រាប និងបោសសម្អាតជាមួយ»។

លោកបានបន្តថា កម្ពុជាតែងតែសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នអនុវត្តច្បាប់អន្តរជាតិ ដូចជា FBI របស់អាមេរិក, ចិន, អូស្រ្តាលី, កូរ៉េ, ថៃ និងបណ្តាស្ថានទូតនានា ដែលតែងតែចូលរួមស្ដាប់ការធ្វើបទបង្ហាញអំពីលទ្ធផលនៃការបង្ក្រាបជារៀងរាល់ខែ។កន្លងមកក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបង្ក្រាបបទល្មើសស្កេមអនឡាញ (Online Scams)។ តាមរយៈប្រតិបត្តិការជំនាញរបស់កម្លាំងនគរបាលជាតិ និងអាជ្ញាធរមានសមត្ថកិច្ច ក្រសួងមហាផ្ទៃបានបើកការស្រាវជ្រាវ បង្ក្រាប និងបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសជាច្រើនកន្លែង ព្រមទាំងចាប់បញ្ជូនខ្លួនជនល្មើសជាបន្តបន្ទាប់ទទួលបានជោគជ័យជាហូរហែ ដែលជាភស្តុតាងស្តែងឱ្យឃើញពីឆន្ទៈពិតប្រាកដក្នុងការលុបបំបាត់បទល្មើសបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា។

លោកបណ្ឌិត ទូច សុឃៈ បានបន្តថា ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានបន្តដឹកនាំ និង​សម្របសម្រួលការងារបង្ក្រាបបទល្មើសអនឡាញ ដោយមានការចូលរួមពីកម្លាំង និងស្ថាប័នពាក់ព័ន្ធ ដើម្បី​ឆ្លើយតបចំពោះបទល្មើសដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយប្រព្រឹត្តបទល្មើស។

ជុំវិញការលើកឡើងដែលភ្ជាប់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ទៅនឹងបទល្មើសឆបោកតាមអនឡាញ លោកអ្នក​នាំពាក្យរងបានបដិសេធការចោទប្រកាន់នេះ ដោយបញ្ជាក់ថា ឯកឧត្តម ស សុខា មិនមានការ​ពាក់ព័ន្ធនឹង​បទល្មើសទាំងនេះឡើយ ហើយបានបន្តដឹកនាំការងារបង្ក្រាបបទល្មើសតាមតួនាទី និងសមត្ថកិច្ច​ដែលបានកំណត់។

លោកបានបញ្ជាក់បន្ថែមថា កម្ពុជាក៏កំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងស្ថាប័នអនុវត្ត​ច្បាប់នានា ដើម្បីផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលការបង្ក្រាបបទល្មើសឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា។

ក្នុង​ន័យនេះ លោកបានឱ្យដឹងថា កម្ពុជានឹងរៀបចំ សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣-២៤ កញ្ញា ឆ្នាំ​២០២៦ ខាងមុខនេះ ដោយ​មានការចូលរួមពីដៃគូពាក់ព័ន្ធ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពក្នុងការបង្ក្រាប​បទល្មើស​ឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា។

តាមការបញ្ជាក់របស់លោកបណ្ឌិត ទូច សុឃៈ ចំណុចសំខាន់ដែលកម្ពុជាចង់បង្ហាញ គឺការបង្ក្រាបបទ​ល្មើស​ឆបោកតាមអនឡាញមាន រចនាសម្ព័ន្ធដឹកនាំ ៣កម្រិត ក្របខណ្ឌច្បាប់ និងយន្តការអនុវត្តជាក់ស្តែង ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបទល្មើសដែលមានលក្ខណៈឆ្លងដែន និងប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន។

សូមជម្រាបជូនថា កន្លងមកក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបង្ក្រាបបទល្មើសស្កេមអនឡាញ (Online Scams)។ តាមរយៈប្រតិបត្តិការជំនាញរបស់កម្លាំងនគរបាលជាតិ និងអាជ្ញាធរមានសមត្ថកិច្ច ក្រសួងមហាផ្ទៃបានបើកការស្រាវជ្រាវ បង្ក្រាប និងបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសជាច្រើនកន្លែង ព្រមទាំងចាប់បញ្ជូនខ្លួនជនល្មើសជាបន្តបន្ទាប់ទទួលបានជោគជ័យជាហូរហែ ដែលជាភស្តុតាងស្តែងឱ្យឃើញពីឆន្ទៈពិតប្រាកដក្នុងការលុបបំបាត់បទល្មើសបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា៕

Share.