ក្រុមបាល់ទះជម្រើសជាតិអ៉ីរ៉ង់ ជាក្រុមនៅអាស៊ី តែមួយគត់ ដែល​ឈានជើង​ឡើងដល់​វគ្គ ១៦ក្រុមចុង​ក្រោយ ក្នុងព្រឹត្តិការណ៍​ពានរង្វាន់បាល់ទះកម្រិត​ពិភពលោក FIVB Men’s Volleyball World Championship 2025។

សម្រាប់​ក្រុម​ពី​តំបន់​អាស៊ី​ដែល​ចូល​រួម​ប្រកួត​​ពានរង្វាន់បាល់ទះកម្រិត​ពិភពលោក ឆ្នាំ២០២៥នេះ រួម​មាន៖ ម្ចាស់​ផ្ទះហ្វីលីពីន, ជប៉ុន, ចិន កូរ៉េខាងត្បូង សុទ្ធតែធ្លាក់ត្រឹម​វគ្គជម្រុះក្នុងពូល ហើយ​មាន​តែ​អ៉ីរ៉ង់ មួយប៉ុណ្ណេះ​ដែល​ឡើង​វគ្គ​បន្ត។

ក្រុម​ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​វគ្គ​១៦ក្រុម​ចុង​ក្រោយ របស់​ក្រុមបាល់ទះជម្រើសជាតិអ៉ីរ៉ង់ បន្ទាប់​ឆ្លង​កាត់​ការ​ប្រកួត​យ៉ាងតាន់តឹង ពូល A ជាមួយក្រុមខ្លាំងអេហ្ស៊ីប និងទុយណេស៊ី និងក្រុម​ម្ចាស់ផ្ទះហ្វីលីពីន។

ដោយ​ឆ្លងកាត់ ៣ប្រកួត​ ក្នុង​ពូល  A រួម​មាន៖

  • ប្រកួត​ទី១៖ ចាញ់អេហ្ស៊ីប ៣-១ (២៥–១៧, ១៦–២៥, ២៥–២៥, ២៥–២០)
  • ប្រកួត​ទី២៖ ឈ្នះទុយណេស៊ី ៣-១ (២៣–២៥, ២៥–២០, ២៥–២៣, ២៥–១៦)
  • ប្រួត​ទី៣៖ ឈ្នះហ្វីលីពីន ៣-២ (២១–២៥, ២៥–២១, ១៧–២៥, ២៥–២៣, ២២–២០)

ក្រុមកក់កៅអីវគ្គ១៦ក្រុមចុងក្រោយរួមមានដូចជា៖ ទុយណេស៊ី, ឆែក, ស៊ែប៊ី, អ៉ីរ៉ង, ប៉ូឡូញ, កាណាដា, តួកគី, ហូឡង់, សហរដ្ឋអាមេរិក, ស្លូវើនី, ប៊ុលហ្គារី, ព័រទុយហ្គាល់, អាហ្សង់ទីន, អ៊ីតាលី, បែលហ្សិក និងហ្វាំងឡង់។

ដូច​នេះ​សម្រាប់​កម្មវិធីប្រកួត​វគ្គ ១៦ក្រុម​ចុង​ក្រោយ នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ថ្ងៃទី២០ ដល់ ២៣ ខែកញ្ញា វគ្គ ៨ក្រុម ប្រកួត​ថ្ងៃទី២៤-២៥ ខែកញ្ញា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួត​ថ្ងៃទី២៧ ខែកញ្ញា វគ្គចំណាត់​ថ្នាក់​លេខ៣ និង​ផ្ដាច់ព្រ័ត្រ ប្រកួត​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។

ការប្រកួតពានរង្វាន់បាល់ទះជើងឯកពិភពលោក ឆ្នាំ២០២៥ ដែល​ហ្វីលីពីន ធ្វើ​ជាម្ចាស់​ផ្ទះ គឺជាការប្រកួតលើកទី២១ ដោយក្រុមជម្រើសជាតិបុរសនៃសមាជិកនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) នៅទូទាំងពិភពលោក ចំនួន ៣២ក្រុម មកពី ៥តំបន់ ចែក​ចេញ​ជា ៨ពូល។ ការប្រកួត​ធ្វើ​ឡើង ចាប់​ពីថ្ងៃទី១២ រហូត​ដល់​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បី​រកឃើញ​ម្ចាស់ជើងឯក។

សម្រាប់ការប្រកួតពានរង្វាន់បាល់ទះ ផ្នែកនាបុរស់កម្រិតពិភពលោក ឆ្នាំ២០២៥ គឺជាលើកដំបូង ដែលនឹងត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស់ពិភពលោក 2025 FIVB Volleyball Men’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៤៩ ធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះជើងឯកចំនួន ៦លើក អ៊ីតាលី ៤លើក ប្រេស៊ីល និងប៉ូឡូញ ៣លើក ឆេកូស្លូវ៉ាគី ២លើក អាមេរិក និងអាល្លឺម៉ង់ខាងកើត ១លើក៕

Share.