ម៉ានីល៖ ប្រទេសហ្វីលីពីនបានប្រកាសបិទសាលារៀន និងលុបចោលជើងហោះហើរជាច្រើនកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា នេះ ខណៈដែលព្យុះថ្មីមួយបាននឹងកំពុងគំរាមកំហែងវាយប្រហារត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្នោះ បន្ទាប់ពីព្យុះទីហ្វុង Ragasa ដ៏ខ្លាំងក្លាបានសម្លាប់មនុស្ស៩នាក់នៅក្នុងប្រទេសប្រជុំកោះមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

ព្យុះត្រូពិច Bualoi ត្រូវបានគេព្យាករណ៍ថា នឹងវិវត្តន៍ទៅជាព្យុះទីហ្វុង នាថ្ងៃសុក្រ នេះ ហើយបន្ទាប់មកបានបោកបក់ទៅកាន់ចុងភាគខាងត្បូងនៃកោះ Luzon ដ៏ធំបំផុតរបស់ប្រទេសហ្វីលីពីន ដែលអាចនាំមកនូវហានិភ័យផ្សេងៗដូចជា ទឹកជំនន់ បំណាក់ដី និងការកើនឡើងនៃកម្ពស់រលកសមុទ្រជាដើម។

ជាមួយគ្នានោះ អាជ្ញាធរបានជម្លៀសមនុស្សរាប់ពាន់នាក់រួចហើយ ខណៈដែលឆ្មាំឆ្នេរសមុទ្រហ្វីលីពីន រាយការណ៍ថា មានអ្នកដំណើរប្រហែល ១,៥០០នាក់បានជាប់គាំងនៅក្នុងកំពង់ផែ Bicol ស្របពេលដែលព្យុះខិតជិតមកដល់។

សូមជម្រាបថា ហ្វីលីពីនរងការវាយប្រហារដោយសារព្យុះ និងព្យុះទីហ្វុងជាមធ្យមចំនួន ២០ដងក្នុងមួយឆ្នាំ ដែលធ្វើអោយមនុស្សរាប់លាននាក់នៅតំបន់ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ ស្ថិតក្នុងស្ថានភាពនៃភាពក្រីក្រ និងមិនមានសុវត្ថិភាព។ យ៉ាងណា អ្នកវិទ្យាសាស្រ្តតែងតែព្រមានថា ព្យុះកាន់តែមានឥទ្ធិពលខ្លាំងឡើង នៅពេលដែលពិភពលោកកាន់តែក្តៅ ដោយសារតែឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ៕
