ឧត្តមសេនីយ៍ឯក Nattaphon Narkphanit ដែលជារដ្ឋមន្ត្រីការពារជាតិស្ថិតក្នុងជួររដ្ឋាភិបាលអនុទិន ឆានវីរៈកុល បានប្រកាសគម្រោងសាងសង់របងព្រំដែនប្រវែង ១០ គីឡូម៉ែត្រ នៅបណ្ដោយ ខេត្តស្រះកែវក្នុងតំបន់ចម្រូងចម្រាសជាមួយកម្ពុជាទាំងបំពានច្បាប់អន្តរជាតិ ក្រោមការផ្ដួចផ្ដើមពីថវិកាជំនួយរបស់អ្នកអង្គម្ចាស់ក្សត្រី ជុល្លាភរណ៍ វលៃល័ក្ខ ចំនួន ១ លានបាត និងចំណាយសរុបថវិកាចំនួន ៨៧ លានបាត។

បើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហើបថា អ្នកអង្គម្ចាស់ក្សត្រី ជុល្លាភរណ៍ វលៃល័ក្ខ បានបង្កើតមូលនិធិកសាងព្រំដែននេះឡើងមានឈ្មោះ ហថ័យធីប Hathai Thip ដើម្បីគៀងគរសប្បុរសជនថៃក្នុងការសាងសង់របងព្រំដែនប៉ុន្តែបញ្ហាចំបងនោះ គឺគំនិតសាងសង់នេះ កើតឡើងជាឯកតោភាគីលើទឹកដីកម្ពុជា ដែលថៃកំពុងតែរាយបន្លាលួសនិងព័ទ្ធរបងដោយបំពានច្បាប់អន្តរជាតិ។
សម្រាប់គម្រោងសង់របងព្រំដែនតាមបណ្ដោយខេត្តស្រះកែវ ដែលរដ្ឋមន្ត្រីការពារជាតិថៃ កំពុងតែដេកយល់សប្តិតែម្នាក់ឯងទាំងកណ្ដាលថ្ងៃនេះ ត្រូវបានគេលើកឡើងថាមានបណ្ដោយលាតសន្ធឹងប្រវែង ១០ គីឡូម៉ែត្រ ដោយចំណាយសាងសង់ត្រូវបានគេប៉ាន់ស្មានថាអស់ជិត ៣ លានបាត (ប្រហែលជាជាង៣ម៉ឺនដុល្លារ)។
ផ្កាយ៣ ដែលទើបតែអង្គុយកៅអីមិនទាន់ទាំងស៊ុបរូបនេះ បានបន្ថែមថា ទីបញ្ជាការដ្ឋានកងទ័ពភូមិន្ទថៃត្រូវបានចាត់តាំងជាទីភ្នាក់ងារដឹកនាំ ដោយសម្របសម្រួលជាមួយតំបន់កងទ័ពទី ១ និងទី ២ ក៏ដូចជាកងទ័ពជើងទឹកភូមិន្ទថៃសម្រាប់តំបន់ភាគខាងត្បូង។ ទីបញ្ជាការដ្ឋានកងទ័ព ក៏ធ្វើការជាមួយនាយកដ្ឋានស្ទាបស្ទង់ភូមិន្ទថៃ ដែលជាផ្នែកមួយនៃគណៈកម្មការព្រំដែនរួម (JBC) ដែលមានឧបករណ៍ចាំបាច់សម្រាប់គម្រោងនេះ។
ទោះជារដ្ឋមន្ត្រីការពារជាតិថៃហ៊ានចេញមកប្រកាសនិងត្រូវបានសារព័ត៌មានលើកជើង និងផ្អៀង The Nation Thailand យកមកចុះផ្សាយក្ដី ប៉ុន្តែការនិយាយដោយឯកតោភាគីរបស់ថៃនេះ កំពុងតែបង្ហាញឱ្យអន្តរជាតិមើលឃើញយ៉ាងច្បាស់ថា ថៃព្យាយាមបំពានលើទឹកដីរបស់ប្រជាជនកម្ពុជាដែលបានរស់នៅក្នុងភូមិស្ថាននេះរាប់សិបឆ្នាំមកហើយ។
មែនទែនទៅ រដ្ឋមន្ត្រីការពារជាតិរដ្ឋបាលអនុទិនរូបនេះចង់បង្ហាញថា ខ្លួនមានអំណាច និងសមត្ថភាពបញ្ជាពេញលេញ ក្រោយបានតំឡើងតំណែងពីរដ្ឋមន្ត្រីស្ដីទីការពារជាតិ មកកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិពេញសិទ្ធិ។ សម្ដីរបស់ លោក Nattaphon ដែលបានពើងទ្រូងប្រកាសធ្វើរបងព្រំដែនទាំងបំពានច្បាប់អន្តរជាតិ និងមិនគោរពចំពោះបទឈប់បាញ់ជាមួយកម្ពុជានេះគឺជាភស្តុតាងដ៏សំខាន់មួយទៀត ដែលអន្តរជាតិនិងកត់ត្រាទុកសម្រាប់ជាឯកសារ ប្រឆាំងនឹងអំពើឈ្លានពានរបស់ថៃ។
ជារួមទាំងអ្នកអង្គម្ចាស់ក្សត្រីថៃ និងមេដឹកនាំថៃពីមួយអាណត្តិទៅមួយអាណត្តិ នៅតែចិញ្ចឹមឈ្លានពានកម្ពុជា ដោយមិនញញើត ក្រោតក្រែង និងទុកច្បាប់អន្តរជាតិនៅក្នុងប្រសែភ្នែកពួកគេឡើយ ពួកគេតែងតែប្រើវិធីសាស្ត្រ និងល្បិចដដែលៗ ដោយប្រើប្រាស់ជាតិនិយមថៃ ជាឧបករណ៍បម្រើឱ្យនយោបាយ និងទាញយកប្រជាប្រិយភាពខ្លួន ខណៈដែលទង្វើព្រៃផ្សែរបស់ពួកគេដែលបានឃើញយ៉ាងច្បាស់នោះ គឺពួកគេកំពុងតែប្រើប្រាស់កម្លាំងប្រដាប់អាវុធ ទាំងកម្លាំងយោធា និងកម្លាំងនគរបាល ប្រកាសគំរាម និងបង្ខំពលរដ្ឋខ្មែរម្ចាស់ស្រុកឱ្យចាកចេញពី ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រឹមខែតុលាខាងមុខនេះ៕
