តាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងនឹងរៀបចំ ពិព័រណ៍ “ស្នាដៃមត៌កមនុស្សរស់” ដែលនឹងបើកទ្វារជូនបងប្អូនប្រជាពលរដ្ឋចូលទស្សនា និងឈ្វេងយល់ដោយសេរី។
ពិព័រណ៍ដ៏មានអត្ថន័យនេះ មានគោលបំណងចម្បងក្នុងការ លើកតម្កើង និងបង្កើនការយល់ដឹង អំពី បេតិកភណ្ឌវប្បធម៌អរូបី ដ៏សម្បូរបែបរបស់ជាតិ។ តាមរយៈពិព័រណ៍នេះ សាធារណជននឹងបានទស្សនាដោយផ្ទាល់នូវស្នាដៃ និងទេពកោសល្យជំនាញសិល្បៈវប្បធម៌ដ៏វិសេសវិសាលរបស់ ព្រឹទ្ធាចារ្យមត៌កមនុស្សរស់ ទាំងអស់។
សូមជម្រាបថា “មត៌កមនុស្សរស់” សំដៅដល់បុគ្គល ឬក្រុមមនុស្សណាដែលមាន ចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសកម្រិតខ្ពស់បំផុត ដែលមានសារៈសំខាន់ចាំបាច់បំផុតដល់ការបង្កើតភាពសម្រិតសម្រាំងនៃទិដ្ឋភាពជីវិតវប្បធម៌របស់ប្រជាជន ក៏ដូចជាធានានូវអត្ថិភាពបន្តនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា។ ពួកគាត់គឺជាស្ពានដ៏រឹងមាំក្នុងការផ្ទេរចំណេះដឹងពីជំនាន់មួយទៅជំនាន់មួយ។

តើ “មត៌កមនុស្សរស់” មានព្រឹទ្វាចារ្យរូបណាខ្លះ និងមានស្នាដៃអ្វីខ្លះ? ដើម្បីកុំឱ្យខកខានឱកាសដ៏កម្រនេះ សូមអញ្ជើញសាធារណជននិងប្រិយមិត្តសារព័ត៌មានត្រយងចូលរួមទស្សនាដោយសេរីនៅក្នុងបរិវេណសារមន្ទីរខ្លែងខ្មែរ ទល់មុខវិមានរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ៕
