ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងអំណរសាទរ ចំពោះការសម្ពោធដាក់ឲ្យប្រើប្រាស់ប្រាស់ផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធ នៃមជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា របស់ក្លិបកីឡាបាល់ទាត់ វិសាខា និងបានកោតសរសើរ ចំពោះលោកជំទាវប្រធាន កែ សួនសុភី ដែលបានលះបង់នូវកម្លាំងកាយចិត្ត និងធនធាន ជាមួយការប្ដេជ្ញាចិត្តុយ៉ាងមុតមាំ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ។

ការអបអរសាទរ រួមជាមួយការថ្លែងនូវការកោតសរសើរនេះ បន្ទាប់ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសម្ពោធដាក់ឲ្យប្រើប្រាស់ប្រាស់ហេដ្ឋារចនាសម្ព័ន្ធ នៃមជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា របស់ក្លិបកីឡាបាល់ទាត់ វិសាខា ជាផ្លូវការ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីសម្ពោធនេះ ក៏មានការអញ្ជើញជាអធិបតីភាពលោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ស ខេង, លោកជំទាវឧកញ៉ាសិរីករុណាបទុមរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន, ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍, លោកជំទាវ កែ សួនសុភី ប្រធានក្លិបបាល់ទាត់ វិសាខា ព្រមទាំងវត្តមានថ្នាក់ដឹកនាំក្លិបលីគកំពូលកម្ពុជាទាំង ១០ និងភ្ញៀវជាតិ-អន្ដរជាតិ គ្រូបង្វឹក កីឡាករ-កីឡាការិនីជាច្រើនផងដែរ។

យោងតាមរបាយការណ៍កញ្ញា អ៊ូ បញ្ញា សុកិត្យា អគ្គនាយិការប្រតិបត្តិក្លិប ក្រោយចំណាយពេលជិត ៥ឆ្នាំ មជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា បានសម្រេចនូវសមិទ្ធផលជាច្រើន លើផ្ទៃដីជាង ៤ហិកតា រួមមានទីលានហ្វឹកហាត់ និងប្រកួតទំហំស្ដង់ដារអន្ដរជាតិចំនួន ៤ (ស្មៅធម្មជាតិ ៣ និងស្មៅសិប្បនិម្មិត ១) ក្នុងនោះមានទីលានស្មៅធម្មជាតិចំនួន ២ បានបំពាក់កៅអីអង្គុយទស្សនា និងមានផ្ទាំងពិន្ទុឌីជីថល(LED) ហើយក៏មានអាគារដ្ឋបាល, បន្ទប់ស្នាក់នៅប្រមាណ ៣០បន្ទប់, អាហារដ្ឋានដ្ឋាន, បន្ទប់សម្រាប់សិក្សារៀនសូត្រ, បន្ទប់ពេទ្យ, កន្លែង GYM ចំនួន ២ និងទីធ្លារៀបចំកម្មវិធីជួបជុំកម្សាន្ដដ៏ធំទូលាយ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអមមួយចំនួនទៀត។
ថ្លែងនាឱកាសដ៏ឱឡារិកខាងលើ លោកជំទាវ កែ សួនសុភី បានថ្លែងនូវការស្វាគមន៍ និងថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានគណៈអធិបតី និងភ្ញៀវជាតិ-អន្ដរជាតិ ហើយលោកជំទាវ ក៏បានគូសបញ្ជាក់អំពីគោលបំណងសំខាន់ នៃការសាងសង់មជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា ដើម្បីលើកកម្ពស់សុខភាព និងការអប់រំ ពិសេសការផ្ដល់នូវកន្លែងហ្វឹកហាត់ស្តង់ដារដល់កីឡាករគ្រប់កម្រិត ចាប់ពីយុវជន រហូតដល់ក្រុមធំ ដើម្បីបង្កើនសមត្ថភាព និងត្រៀមខ្លួនសម្រាប់ការប្រកួត ទាំងក្នុង និងក្រៅប្រទេស។

លោកជំទាវប្រធានក្លិបបន្ដថា សមិទ្ធផលនេះ បានឆ្លើយតបនឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្លិប ក្នុងការជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឈានទៅរកកម្រិតអាជីពពិតប្រាកដ ។ ក្នុងនាមប្រធានក្លិប និងក្នុងនាមលោកជំទាវផ្ទាល់ បានប្ដេជ្ញាចិត្តក្នុងការបន្ដវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដោយឈរលើឆន្ទៈដ៏មោះមុតបំផុត ក្នុងការការគាំទ្រ និងអភិវឌ្ឍក្លិប ដើម្បីលើកកម្ពស់កម្រិតបច្ចេកទេសបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងក្លា ហើយក្លាយជាក្លិបឈានមុខគេមួយនៅក្នុងប្រទេស ក៏ដូចជាក្លិបតំបន់ និងនាំមកនូវមោទនភាពជាតិជូនជាតិមាតិភូមិ។
បន្ទាប់ពីស្ដាប់នូវរបាយការណ៍ និងសន្ទរកថារបស់ថ្នាក់ដឹកនាំក្លិប ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានសម្ដែងនូវការអបអរសាទរ ចំពោះសមិទ្ធផលថ្មីរបស់ក្លិបបាល់ទាត់ វិសាខា ដែលសាងសង់ឡើងក្នុងគោលបំណងធំបំផុត គឺដើម្បីសុខភាព និងការអប់រំ ជាពិសេសការបង្កើតនូវកេរ្ដិ៍ឈ្មោះ កិត្តិយស របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការបង្កើននូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ទាំងក្នុងក្របខណ្ឌជាតិ និងអន្ដរជាតិ តាមរយៈវិស័យកីឡាបាល់ទាត់។

ក្នុងនាមប្រធានសហព័ន្ធ និងពលរដ្ឋខ្មែរមួយរូប ឯកឧត្តមបានបង្ហាញនូវក្ដីរំភើប ចំពោះវត្តមានមជ្ឈមណ្ឌលហ្វឹកហាត់បាល់ទាត់ដ៏ទំនើប ។ ក្រៅពីបានធ្វើដំណើរទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្ដមមានប្រសាសន៍ថា មជ្ឈមណ្ឌលហ្វឹកហាត់ វិសាខា មិនចាញ់កន្លែងហ្វឹកហាត់ក្លិបនៅអឺរ៉ុបនោះទេ តួយ៉ាងក្លិប Paris Saint Germain(PSG) បើនិយាយពីកីឡដ្ឋានប្រកួតអាចចាញ់ ព្រោះកីឡដ្ឋាន PSG មានទំហំធំនៅកន្លែងក្រុងប៉ារីស តែបើនិយាយពីកន្លែងហ្វឹកហាត់មិនចាញ់គ្នាទេ ទាំងអគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
ឯកឧត្តមនាយឧត្តមសេនីយ៍បន្ដថា «ត្រឹមរយៈពេល ៥ឆ្នាំ ការសម្រេចបានសមិទ្ធផលប៉ុននេះ មិនមែនជារឿងសាមញ្ញពេកទេ ។ អ្នកខ្លះ កុំថាដល់ទៅធ្វើ គ្រាន់តែគិត ក៏គិតមិនចេញផង ។ អ៊ីចឹងសមិទ្ធផលមួយនេះ មិនមែនជាកម្មសិទ្ធដោយឡែក ដែលធ្វើហើយរបស់វិសាខា ឬរបស់លោកជំទាវ កែ សួនសុភី នោះទេ ប៉ុន្ដែវាជារបស់យុវជនទាំងអស់គ្នា ព្រោះយុវជនទាំងអស់ អាចមកហ្វឹកហាត់ និងរៀនសូត្របាន ដោយមជ្ឈមណ្ឌល មានទាំងកន្លែងហាត់ និងកន្លែងស្នាក់នៅទៀតផង»។

បន្ថែមលើនេះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ នៃក្លិបកីឡាបាល់ទាត់ វិសាខា ពិសេសលោកជំទាវ កែ សួនសុភី ចំពោះលះបង់ទាំងកម្លាំងកាយចិត្ត និងធនធាន ដើម្បីគាំទ្រ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិ ។ មិនតែប៉ុណ្ណោះ ការចូលរួមពីថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងក្លិប ដែលភាគច្រើនជាស្ដ្រីនេះ ក៏បានឆ្លុះបញ្ចាំងពីសមភាពយេនឌ័រថា ស្ដ្រីក៏អាចធ្វើអ្វីៗបានដូចបុរសផងដែរ។
តាមរយៈសមិទ្ធផលថ្មី ព្រមជាមួយការប្ដេជ្ញាចិត្តរបស់លោកជំទាវប្រធានក្លិប ឯកឧត្តមប្រធានសហព័ន្ធ បានបង្ហាញសុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថា អ្វីដែលក្លិបកំពុងខិតខំអភិវឌ្ឍន៍ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស នឹងក្លាយជាកត្ដាជំរុញដ៏សំខាន់ ឆ្ពោះទៅផលិតបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗ ហើយជ្រើសរើសបាននូវធនធានប្រកបដោយគុណផលខ្ពស់ សម្រាប់ចូលរួមជាមួយក្រុមជម្រើសជាតិ ទៅចូលរួមប្រកួតជាមួយបណ្ដាប្រជាជាតិនានា ។
ទន្ទឹមជាមួយគ្នា ឯកឧត្តមក៏បានរំឮកដឹងគុណ ចំពោះឥស្សរជន និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ យកជីវិតធ្វើជាដើមទុន ដើម្បីទាមទាឲ្យប្រទេសកម្ពុជាមានសន្ដិភាព និងការអភិវឌ្ឍរហូតដល់បច្ចុប្បន្នលើគ្រប់វិស័យ ក្នុងនោះរួមទាំងវិស័យកីឡា ពិសេសវិស័យកីឡាបាល់ទាត់ ដែលបាននឹងសាយភាយទូទាំងប្រទេស បានផ្ដល់ឱកាសឲ្យយុវជនចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងបានចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ៕








