សាកល្បងសញ្ជឹងគិតពីសម្ដីនិយាយថ្លែងការជាសាធារណៈរបស់លោកឧត្តមសេនីយ៍ Nerdah Mya (ណឺដា មៈយ៉ា) ដែលបានប្រកាសនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ ពី បង្កើត «សាធារណរដ្ឋកធូលេ» ជារដ្ឋឯករាជ្យផ្ដាច់ទឹកដី និងផ្ដាច់ការគ្រប់គ្រងពីប្រទេសមីយ៉ាន់ម៉ា ដោយមានការគាំទ្រពីកម្លាំងយោធារបស់ប្រទេសថៃ។ ស្ថានការណ៍ដ៏ស្មុគស្មាញមួយនេះបានលេចឡើងនូវសំនួរដ៏រសើបមួយចំនួនថា តើកងកម្លាំងក្រុមឧទ្ទាមការ៉ែនទាំងអស់នោះជានរណា? ហើយនៅក្នុងសង្គ្រាមស៊ីវិលប្រទេសមីយ៉ាន់ម៉ាសោះ តើហេតុអ្វីប្រទេសថៃបានលូកដៃយ៉ាងជ្រៅទៅវិញ ហើយតើថៃទួលបានផលប្រយោជន៍អ្វីខ្លះពីក្រុមឧទ្ទាមការ៉ែននេះ?

ខណៈដែលសហគមន៍អន្តរជាតិកំពុងសម្លឹងមើលវិបត្តិនៅមីយ៉ាន់ម៉ា ក្នុងរូបភាពជាសង្គ្រាមស៊ីវិលរវាងយោធានិងក្រុមអ្នកប្រជាធិបតេយ្យ ប៉ុន្តែនៅក្រោមផ្ទៃទឹកដ៏ជ្រៅនៃខ្សែបន្ទាត់ព្រំដែនមីយ៉ាន់ម៉ា-ថៃ ល្បែងនយោបាយដ៏គ្រោះថ្នាក់មួយកំពុងត្រូវបានរៀបចំឡើង ដែលល្បែងយុទ្ធសាស្ត្រនេះគឺជាដានចាស់ ដែលថៃតែងតែប្រើជាយូរមកហើយ ដើម្បីបំបែកបំបាក់ប្រទេសជិតខាងខ្លួន មិនឱ្យមានភាពជាតិ និងទន់ខ្សោយ ពិសេសប្រទេសមីយ៉ាន់ម៉ា ដែលជាសត្រូវលេខ១របស់ខ្លួន។ រហូតមកដល់ពេលនេះ រដ្ឋាភិបាល និងកងទ័ពថៃ មិនដែលប្រកាសគាំទ្រជាផ្លូវការ ដល់ការបំបែករដ្ឋ កធូលេ នោះទេ ព្រោះវាអាចប៉ះពាល់ដល់ទំនាក់ទំនងការទូត និងគោលការណ៍អាស៊ាន។

ប៉ុន្តែមានហេតុផលយុទ្ធសាស្ត្រមួយចំនួនដែលធ្វើឱ្យអ្នកឃ្លាំមើលព្រឹត្តិការណ៍ភូមិសាស្ត្រក្នុងតំបន់អាស៊ានមើលឃើញថា មែនទែនទៅ ថៃបានចូលមកលូកដៃកកូរកកាយកាន់តែជ្រៅដើម្បីគាំទ្រចលនាបោះបោររបស់ពួកឧទ្ទាមក្រុមការ៉ែនយ៉ាងត្រជាក់ស្រេប និងស្ងប់ស្ងាត់បំផុត ដូចពាក្យចាស់ លើកឡើងថា ចាប់ត្រីមិនឱ្យល្អក់ទឹក ច្បាស់ណាស់នៅពីក្រោយការខ្នះខ្នែងរបស់ ថៃ គឺជាកលល្បិចនៃមហិច្ឆតាវាតទីកដី រដ្ឋថ្មី ដែលនៅទន់ខ្សោយទាំងសេដ្ឋកិច្ច និងប្រព័ន្ធគ្រប់គ្រង មកគ្រប់គ្រងក្រោមអំណាចរបស់ខ្លួនប៉ុណ្ណោះ។

អ្នកសង្កេតស្ថានការណ៍នយោបាយយល់ថា ការគាំទ្រ រដ្ឋថ្មី កធូលេ ក៏ជាយុទ្ធសាស្ត្រខ្ចីដៃអ្នកដទៃធ្វើជាទ្រនាប់ការពារព្រំដែនខ្លួន ជាពិសេសព្រំដែន ថៃមីយ៉ាន់ម៉ា ដែលកន្លងមក ត្បិតមិនពេញចិត្ត ប៉ុន្តែថៃមិនដែលហ៊ានក្អក ជាមួយនឹងប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់យោធាមីយ៉ាន់ម៉ានោះឡើយ។  រឿងនេះ មិនមែនទើបតែកើតឡើងថ្មីៗនោះឡើយ ព្រោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលពួកថៃបានប្រើប្រាស់ក្រុមការ៉ែនឱ្យក្លាយជារដ្ឋទ្រនាប់មួយពេញលេញដើម្បីត្រៀមទប់ស្កាត់ឥទ្ធិពលផ្ទាល់ពីកងកម្លាំងយោធាមីយ៉ាន់ម៉ាដ៏មានឥទ្ធិពល។

សាច់រឿងថ្មីនៃការបំបែករដ្ឋ កធូលេ ចេញពីមីយ៉ាន់ម៉ា គឺវាមានភាពស្រដៀងគ្នាទៅនឹងយុទ្ធសាស្ត្រចាស់ ដែលថៃ ធ្លាប់ធ្វើដាក់កម្ពុជានាសម័យខ្មែរក្រហម ដោយយោធា គឺជាអ្នកគាំទ្រ និងផ្ដល់ដីទីតាំងឱ្យក្រុមខ្មែរក្រហមបោះជុំរំ ក៏ដូចជាផ្ដល់ជំនួយការដឹកសព្វាវុធនៅតាមតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើសកម្មភាពបោះបោរប្រឆាំងរដ្ឋាភិបាលកម្ពុជាផងដែរ ។ ដូច្នោះហើយការដែលថៃបណ្ដោយឱ្យមានការបោះបោរបង្កើតរដ្ឋផ្ដាច់ខ្លួន កធូលេ ដែលជាប់ព្រំដែនភាគខាងជើងរបស់ពួកគេ នៅពេលនេះ ប្រាកដណាស់ថៃ គឺបានរៀបផែនការល្អិតល្អន់ និងគិតទុកជាមុន ធ្វើឱ្យក្រុមឧទ្ទាមសម្រេចបំណងបំបែកទឹកដីមីយ៉ាន់ម៉ាឱ្យក្លាយជាបំណែកតូចៗ ដើម្បីងាយស្រួលគ្រប់គ្រងក្រោមអំណាចរបស់ខ្លួនទៅថ្ងៃមុខ នៅពេលដែលរដ្ឋថ្មីកកើត ពិតណាស់ រចនាសម្ព័ន្ធ អំណាចគ្រប់គ្រង ពិតជាទន់ខ្សោយ ធ្វើឱ្យពួកគេជ្រៀតចូលក្នុងកិច្ចការផ្ទៃក្នុងបានយ៉ាងងាយ។

នៅពេលដែលរដ្ឋការ៉ែនក្លាយជារដ្ឋឯករាជ្យ នោះវាប្រៀបប្រដូចទៅនឹងទារកតូចទើបនឹងកើត ដែលត្រូវជញ្ជក់ឈាមចេញពីទឹកដោះម្ដាយ ហើយម្ដាយនោះគឺរដ្ឋាភិបាលថៃ យោធាថៃ តែម្ដង ដែលត្រូវត្រៀមខ្លួន ផ្ដល់ការទំនុកបំរុង ដល់ការពឹងផ្អែកទាំងស្រុង ទាំងផ្នែកសេដ្ឋកិច្ច សន្តិសុខ និងផ្លូវដង្ហើមពាណិជ្ជកម្ម ជួយជំរុញឱ្យសាធារណរដ្ឋ កធូលេ បានចម្រើនធំធាត់ឡើង ដូច្នេះថៃ មានសិទ្ធិស្របច្បាប់ ដើម្បីចូលទៅក្ដាប់អំណាចគ្រប់គ្រងរបស់រដ្ឋថ្មីនេះ។

មួយវិញទៀត ផលប្រយោជន៍សេដ្ឋកិច្ចដែលបង្កប់ដោយភាពពិសពុលរបស់ថៃនេះ អ្នកវិភាគមើលឃើញថា ច្រកព្រំដែន ម្យ៉ាវតី-មេសត វាគឺជាប្រភពដ៏ចំណូលមហាសាល។ ការដែលថៃលូកដៃគាំទ្រក្រុមឧទ្ទាមផ្ដាច់ខ្លួន ក៏ព្រោះតែចង់ធានាថា ច្រកសេដ្ឋកិច្ចទាំងនេះស្ថិតនៅក្រោមឥទ្ធិពលរបស់មិត្តខ្លួន ជាជាងស្ថិតក្រោមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលពិបាកចរចា។ មហិច្ឆតានេះ មិនត្រឹមតែជាការជួយបងប្អូនជនជាតិភាគតិចប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញពីការចង់បានការគ្រប់គ្រងលើធនធានធម្មជាតិ និងច្រកពាណិជ្ជកម្មដែលយោធាថៃមានចំណែកគប់គិតផលប្រយោជន៍យ៉ាងជ្រៅជាមួយមេដឹកនាំក្រុមឧទ្ទាមមួយចំនួន។

អ្នកវិភាគស្ថានការណ៍យល់ថា ថៃបានព្យាយាមចាក់រុកឱ្យមានផលប៉ះពាល់ដល់ការបែកបាក់សាមគ្គីភាពអាស៊ាន ក្នុងនោះសកម្មភាពចាក់រុក និងលួចលាក់របស់ថៃក្នុងការផ្ដល់ទីតាំងសមប្រកបនិងការគាំទ្រដល់មហិច្ឆតារបស់លោកឧត្តមសេនីយ៍ ណឺដា មៈយ៉ា គឺជាការរំលោភលើគោលការណ៍នៃការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាស៊ាន ស្របតាមរដ្ឋធម្មនុញ្ញអាស៊ានយ៉ាងធ្ងន់ធ្ងរ។ ខណៈដែលអាស៊ានព្យាយាមដោះស្រាយវិបត្តិដោយសន្តិវិធី ការបំបែករដ្ឋថ្មី «សាធារណរដ្ឋកធូលេ» ដែលបានលេចឡើងនឹងក្លាយជាគំរូអាក្រក់បំផុតដែលអាចធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ទាំងមូលធ្លាក់ក្នុងភ្នក់ក្លើងសង្គ្រាមបំបែករដ្ឋមិនចេះចប់មិនចេះហើយ។

យ៉ាងណាមិញ ទោះបីជាថៃជឿថាសកម្មភាពនោះនឹងជួយពង្រឹងសន្តិសុខព្រំដែនរបស់ខ្លួនក៏ដោយ ប៉ុន្តែការគាំទ្រក្រុមឧទ្ទាមឱ្យបំបែករដ្ឋ និងការចង់ទប់ស្កាត់ឥទ្ធិលចិននៅតំបន់នោះ គឺប្រៀបដូចជាមមាចដែលកំពុងតែប្រឡែងលេងជាមួយភ្លើង។ សាកគិតទៅមើលថា បើ កធូលេ កើតឡើងនិងមានការទទួលស្គាល់មែននោះ វានឹងក្លាយជាតំបន់អនាធិបតេយ្យដែលពោរពេញដោយឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងមជ្ឈមណ្ឌលឆបោកតាមអនឡាញ (Scam Online Centers) ដែលចុងក្រោយនឹងហូរត្រឡប់មកបំពុលសង្គមថៃ និងប្រទេសជិតខាងវិញយ៉ាងអាណោចអាធ័មជាមិនខាន។

អ្នកឃ្លាំមើលព្រឹត្តិការណ៍តំបន់នេះយល់ថា មហិច្ឆតានៅពីក្រោយវាំងននខ្មៅដែលជំរុញឱ្យមានការបង្កើតសាធាណរដ្ឋកធូលេ ជាប្រទេសថ្មីមួយទៀត និងក្លាយជាអ្នកជិតខាងរបងជាប់នឹងថៃ វាមិនមែនជាការរំដោះប្រជាជនការ៉ែនឱ្យមានសេរីភាពនិងដើរតាមលិទ្ធប្រជាធិបតេយ្យពិតប្រាកដនោះទេ ប៉ុន្តែវាគឺជាអន្ទាក់ភូមិសាស្ត្រនយោបាយដែលថៃកំពុងរៀបចំឡើងដើម្បីសាងផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រសិនបើអាស៊ាន និងសហគមន៍អន្តរជាតិមិនទប់ស្កាត់ចំពោះការលូកដៃដ៏ជ្រៅនេះទេ មីយ៉ាន់ម៉ានឹងមិនត្រឹមតែដួលរលំនោះទេ ប៉ុន្តែវានឹងក្លាយជាដំបៅមហារីកដែលរីករាលដាលមកបំផ្លាញស្ថិរភាពតំបន់ទាំងមូលតាមរយៈការបំបែករដ្ឋផ្សេងជាបំណែកៗនេះឯង។

ដូច្នោះហើយទង្វើលូកដៃកកូកកាយកាន់តែជ្រៅក្នុងរឿងរដ្ឋ «កធូលេ» គឺជាសញ្ញាអាសន្នសម្រាប់ប្រទេសក្នុងតំបន់ ជាពិសេសគឺកម្ពុជា។ វាអាចជាមេរៀនមួយដែលបង្ហាញថា មហិច្ឆតាវាតទីរបស់ថៃមិនបានរលាយបាត់ឡើយ ។ បញ្ហានេះទាមទារឱ្យអាស៊ានទាំងមូល ត្រូវតែសម្លឹងមើលឱ្យធ្លុះពីបំណងពិតប្រាកដរបស់ទីក្រុងបាងកក បើមិនដូច្នោះទេ ស្ថិរភាពតំបន់នឹងត្រូវរលាយដោយសារតែភ្លើងមហិច្ឆតារបស់ប្រទេសមួយដែលចង់ក្លាយជាម្ចាស់ជោគវាសនាលើទឹកដីអ្នកជិតខាងតែម្ដង៕

Share.