ព្រះវិហារ ៖ ដោយសារការភ័យខ្លាច ពលរដ្ឋជាង១០០គ្រួសារសម្រេចចាកចេញពីលំនៅឋាន ដែលនៅក្បែរតំបន់ប្រឈមខ្ពស់តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ បានបង្ខំចិត្តជម្លៀសខ្លួនជាថ្មីម្ដងទៀត មកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ ដើម ស្ថិតក្នុងស្រុកគូលែន ក្នុងថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៥ ។




តាមអាជ្ញាធរបានឱ្យដឹងថា ការជម្លៀសនេះធ្វើឡើងបន្ទាប់ពីកងទ័ពថៃបានបាញ់គ្រាប់ផ្លោងចូលមកកាន់ដែនអធិបតេយ្យភាពជាតិកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញាកន្លងទៅ ដែលបង្កឱ្យពលរដ្ឋខ្មែរ មានការភ័យខ្លាច ។

ក្នុងគ្រាអាសន្ននេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចាត់តំណាងដែលមាន លោក សុខ សាន្តតារា អភិបាលរងខេត្ត ឱ្យចុះរៀបចំសម្របសម្រួល និងផ្ដល់ទីតាំងស្នាក់នៅបណ្ដោះអាសន្នភ្លាមៗ ។





ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តបានប្រគល់តង់កៅស៊ូ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ប្រជាពលរដ្ឋទាំង ១០០គ្រួសារ ដើម្បីសាងសង់ទីលំនៅស្នាក់នៅជាបណ្ដោះអាសន្ន រង់ចាំស្ថានការណ៍មានភាពល្អប្រសើរឡើងវិញ ៕