ប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួសកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បន្ទាប់ពីអគារសិក្សាអ៉ីស្លាមមួយកន្លែងបានបាក់រលំលើកោះជ្វាដ៏សំខាន់របស់ឥណ្ឌូណេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara បានរាយការណ៍ដោយដកស្រង់សម្ដីសាក្សីម្នាក់ថា មានសិស្សជាង ១០០នាក់បានប្រមូលផ្ដុំគ្នា ដើម្បីធ្វើការថ្វាយបង្គំព្រះពេលរសៀលពេលអគារសិក្សានេះបានដួលរលំ។

បើតាមអ្នកនាំពាក្យប៉ូលីសកោះជ្វា បានប្រាប់អ្នកកាសែតថា ក្រុមអ្នកជួយសង្រ្គោះបានជម្លៀសជនរងគ្រោះយ៉ាងហោចណាស់ ៧៩នាក់ចេញពីអគារសិក្សាខាងលើ និងបញ្ជូនទៅមន្ទីរពេទ្យ ដោយរកឃើញថា មានមនុស្សម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍បាក់រលំនេះ។

អ្នកនាំពាក្យរូបនេះបន្ដថា អាជ្ញាធរ​កំពុង​ធ្វើ​ការ​ស្វែងរក ដើម្បី​រក​ឱ្យ​ឃើញ​ថា តើ​មាន​ជន​រង​គ្រោះ​ប៉ុន្មាន​នាក់​ទៀត​នៅ​កន្លែង​កើត​ហេតុ។

លោក Abdus Salam Mujib ដែលជានាយកសាលាបាននិយាយថា អគារនេះបានដួលរលំបន្ទាប់ពីកម្មករសំណង់បានចាក់បេតុងនៅជាន់ទី៣ នៃអគារសិក្សា។

គួរបញ្ជាក់ថា ឧបទ្ទវហេតុដួលរលំអគារនៅក្នុងប្រទេសឥណ្ឌូណេស៊ី តែងកើតមានជាញឹកញាប់ ដោយកាលពីដើមខែកញ្ញា នេះ មានមនុស្សយ៉ាងតិច ៣នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស បន្ទាប់ពីអគារអធិស្ឋានមួយកន្លែងបានបាក់នៅកោះជ្វាខាងលិច៕

ប្រភព៖ CNA

Share.