ថ្មីៗនេះ បញ្ហាទឹកជំនន់ហាក់ដូចជាញ៉ាំញីប្រទេសថៃគ្មានស្រាកស្រានសោះ ខេត្តក្រុង ស្ទើពេញផ្ទៃប្រទេសជួបប្រទះនឹងបញ្ហានេះ ដោយថ្មីៗនេះមានសេចក្ដីរាយការណ៍ថា ប្រាសាទបុរាណមួយរបស់ខ្មែរ ព្រោះស្ថិតនៅទឹកដីខ្មែរបុរាណ គឺប្រាសាទភិម៉ាយម៍ កំពុងទទួលរងនូវការខូចខាតខ្លាំង ដោយសារតែបញ្ហាទឹកជំនន់ ព្រោះតែមានភ្លៀងធ្លាក់ជាប់ៗគ្នាពេញមួយយប់រហូតធ្វើទឹកទន្លេមូល ហូរហៀរចេញពីច្រាំង នឹងហូរចូលដល់ក្នុងទីតាំងប្រាសាទ។

អ្នកយកព័ត៌មានប្រចាំខេត្តនគររាជសីមា បានរាយការណ៍ថា បន្ទាប់ពីភ្លៀងធ្លាក់ពេញមួយយប់ កាលពីថ្ងៃទី២៧ ខែ កញ្ញា កន្លងទៅបណ្ដាលឱ្យ កម្រិតទឹកទន្លេមូល បានកើនឡើងយ៉ាងលឿន ជាពិសេសនៅតំបន់ឧទ្យានសៃង៉ាម (Sai Ngam Park) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គម្រោងបង្ហូរទឹក និងថែទាំឧទ្យាន ក្នុងស្រុកភិមាឃម៍ ខេត្តនគររាជសីមា។


គេបានរកឃើញថា ទឹកទន្លេមូលដែលហៀរច្រាំង បានជន់លិចចូលទៅក្នុងឧទ្យានសៃង៉ាម ដែលមានដើមជ្រៃយក្សដ៏ស្រស់ស្អាត អាយុជាង ៣៥០ ឆ្នាំ ជាតំបន់ធំទូលាយ ដោយសារតំបន់នោះនៅជាប់មាត់ច្រាំងទន្លេ ហើយនៅពេលរដូវវស្សាម្តងៗ តែងជួបបញ្ហាទឹកទន្លេមូលហៀរច្រាំងជន់លិចជាប្រចាំ។
នាយកគម្រោងបង្ហូរទឹក និងថែទាំឧទ្យាន សមឬទ្ធិ ទើបបានបញ្ជាឱ្យបុគ្គលិកតម្លើងម៉ាស៊ីនបូមទឹកធំៗ ដើម្បីបូមទឹកទន្លេមូលដែលជន់លិចកម្ពស់ជាង ២០-៣០ សង់ទីម៉ែត្រ ចេញពីឧទ្យាន ហើយបង្ហូរចូលលូទឹកឱ្យបានច្រើនបំផុត។



ប្រធានឧទ្យានប្រវត្តិសាស្ត្រពិមាឃម៍ ខេត្តនគររាជសីមា បានឱ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង ធ្វើឱ្យទឹកជន់លិចដក់នៅក្នុងបរិវេណប្រាសាទថ្មពិមាឃម៍ និងតំបន់ជុំវិញប្រាសាទ កម្ពស់ទឹក ២០-៣០ សង់ទីម៉ែត្រ ដោយលោក បានបញ្ជាឱ្យបុគ្គលិក នាំយកម៉ាស៊ីនបូមទឹកចំនួន ៤ គ្រឿង មកតម្លើងដើម្បីពន្លឿនបូមទឹកដែលជន់លិចដក់ចេញឱ្យបានលឿនបំផុត ដើម្បីកុំឱ្យទឹកដក់ ប៉ះពាល់ដល់គ្រឹះបុរាណស្ថានរហូតដល់ខូចខាត ហើយដើម្បីឱ្យភ្ញៀវទេសចរអាចចូលទស្សនាបុរាណស្ថានបានតាមធម្មតា៕
