ត្បូងឃ្មុំៈ សហគមន៍កសិកម្មជីរោទិ៍រុងរឿង ខេត្តត្បូងឃ្មុំ និង ក្រុមហ៊ុនធំៗចំនួន២គឺក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក  និងក្រុមហ៊ុន អ៊ិលប៊ីអិន អង្គរ (កម្ពុជា)នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខា លើកិច្ចសន្យា ទិញលក់ ពោតក្រហម និងស្រូវស្រង៉ែថ្មី ។

  លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ឱ្យដឹងថា ក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក (AGRO KING TRADING CO.LTD) បញ្ជារទិញពោតក្រហមស្ងួតប្រមាណ២៥០តោន  ពីសហគមន៍កសិកម្មជីរោទិ៍រុងរឿង ស្ថិតនៅឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ។ចំណែកក្រុមហ៊ុន អិល ប៊ី អិន អង្ករ កម្ពុជា វិញក៏បានចុះកិច្ចសន្យា ទិញ លក់ ស្រូវចំណី ប្រភេទពូជស្រូវសែនក្រអូប០១ និងស្រូវស្រង៉ែថ្មី ពីសហគមន៍កសិកម្មនេះដែរ ។ 

លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចាត់ទុក ការចុះកិច្ចសន្យារវាងសហគមន៍កសិកម្មនិងក្រុមហ៊ុនឯកជននេះថា ជាការលើកកម្ពស់វិស័យកសិកម្មឱ្យរីកចម្រើន និងជួយដល់កសិករក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួន ដែលដាំដុះបាន។ លោកក៏បានស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រីកសិកម្មឃុំ ត្រូវជួយដល់កសិករក្នុងការបង្កើតសហគមន៍កសិកម្មទំនើប ព្រោះងាយស្រួលក្នុងការលក់កសិផលជាលក្ខណៈទ្រង់ទ្រាយធំទៅកាន់ទីផ្សារអន្តរជាតិ និងអាចប្រកួតប្រជែងទីផ្សារជាមួយបណ្តាប្រទេសដទៃទៀត៕

អត្ថបទ៖អាចារ្យលាក់ 

Share.