គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ ៤៦ បំណងចង់វាស់ដីនៅចំណុចចំការអំពៅ កាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ប៉ុន្តែសកម្មភាពនេះត្រូវបានរារាំងដោយកងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធ រួមជាមួយវត្តមានប្រជាពលរដ្ឋដែលសុទ្ធតែជាម្ចាស់ដី ជាអ្នករស់នៅ និងអាស្រ័យផលនៅលើដីទីនេះផ្ទាល់ បានចូលមកតវ៉ា រារាំង និងបញ្ជាឱ្យទាហានថៃ និងក្រុមអ្នកវាស់ដីរបស់ភាគីថៃដកថយទៅវិញភ្លាមៗ ដោយមិនអនុញ្ញាតឱ្យអាចធ្វេីសកម្មភាពវាស់ដីបាននោះទេ។ សូមបញ្ជាក់ថាមកដល់ម៉ោងនេះកងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធ គឺនៅតែបន្តឈរការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងត្រៀមខ្លួនជានិច្ច ដើម្បីការពារបូរណភាពទឹកដី។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតតវ៉ាទៅកាន់អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដោយប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច៨ នៃកំណត់ហេតុកិច្ចប្រជុំពិសេស GBC លើកទី១ បានលើកឡើងថាពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកសួង ខេត្តស្រះកែវ ប្រទេសថៃ ភាគីទាំងពីរបានព្រមព្រៀងគ្នាដូចខាងក្រោម៖

១៖ ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់នៃ គណៈកម្មការចំរុះព្រំដែន (JBC)។

២៖ ភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន (JBC)។

នៅក្នុងរយៈពេលនេះ អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ នឹងសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង៕

អត្ថបទ៖ ប៉ោយប៉ែត

Share.