ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានខ្ជាប់ខ្ជួន។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបានសង្កត់ធ្ងន់លើការខិតខំបង្រ្កាប និងទប់ស្កាត់ជាចម្បងទៅលើ៖
- ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនពីសហគមន៍។
- ល្បែងស៊ីសង គ្រប់ប្រភេទ។
- ការឆ្លងដែនមនុស្ស និងទំនិញខុសច្បាប់ តាមព្រំដែន។
ឯកឧត្តម សុខ លូ ក៏បានណែនាំបន្ថែមដល់អភិបាលក្រុង-ស្រុក កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋាន ឱ្យបន្តពង្រឹងការងារ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ។
នៅក្នុងកិច្ចប្រជុំដដែលនោះ ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនទៀតដូចជា៖
- ការរៀបចំបញ្ជីពលករ៖ ណែនាំឱ្យរដ្ឋបាលក្រុង-ស្រុកទាំង ១៤ រៀបចំបញ្ជីឈ្មោះពលករដែលចំណាកស្រុកវិលត្រឡប់ពីប្រទេសថៃវិញឱ្យបានច្បាស់លាស់។
- ការត្រៀមបង្ការគ្រោះមហន្តរាយ៖ ត្រូវមានការត្រៀមលក្ខណៈជាស្រេចសម្រាប់បង្ការ និងសង្គ្រោះប្រជាពលរដ្ឋ ក៏ដូចជាដំណាំផ្សេងៗ ដោយសារ ស្ថានភាពទឹកជំនន់។
ជាមួយគ្នានេះ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមពិធីបុណ្យកឋិនសាមគ្គីរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលនឹងប្រារព្ធឡើងនៅថ្ងៃអង្គារ-ពុធ ទី៧-៨ ខែតុលា ឆ្នាំ២០២៥។ ក្បួនដង្ហែនឹងវេរប្រគេនព្រះសង្ឃនៅ «វត្តព្រះពុទ្ធជ័យមង្គល ហៅវត្តបត់សាលា» ស្ថិតនៅឃុំឈើទាល ស្រុកបាណន់ ដើម្បីប្រមូលបច្ច័យកសាងវត្ត៕


ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង