«ចងចាំអតីតកាលជាការកសាងអនាគត! បោះបង់វប្បធម៌ ដូចបោះបង់ខ្លួនឯង !» រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងបែបនេះ ជាដាស់ស្មារតីសិស្សមន្ត្រីជំនាន់ក្រោយគ្រប់រូប។

ថ្លែងក្នុងឱកាសអញ្ជើញធ្វើបទបឋកថា ស្តីពីកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ ជូនសិក្ខាកាមសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា បេតិកភណ្ឌមិនមែនគ្រាន់តែជាអ្វីដែលជាអតីតកាលឡើយ តែជាមូលដ្ឋានធានានូវអនាគតរបស់អ្នកជំនាន់ក្រោយ។

សំណល់ប្រវត្តិសាស្ត្រជាច្រើនបានបន្សល់ទុកដល់បច្ចុប្បន្នជាភស្ដុតាងបញ្ជាក់អំពីស្នាដៃ និងភាពអស្ចារ្យរបស់ដូនតាខ្មែរទាំងរូបី និងអរូបី។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានលើកយកអំពីការរស់នៅ និងវប្បធម៌ អរិយធម៌រាប់ពាន់ឆ្នាំរបស់ខ្មែរ ចាប់តាំងពីការកកើតនៃប្រវត្តិសាស្ត្រខ្មែរពីសម័យបុរេប្រវត្តិខ្មែរ សម័យហ្វូណនដល់សម័យអង្គរ និងកាតព្វកិច្ចរបស់កូនខ្មែរបច្ចុបន្នផងដែរ។

Share.