នៅវេលាម៉ោង ០៩:៣៥ នាទី ព្រឹក ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នៅឯវិមានរដ្ឋាភិបាល លោក អនុទិន ឆានវីរកូល នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងករណីលោក ឆៃឆានុក ឈិតឈប រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DE) ។

លោកបានថ្លែងនៅក្នុងកិច្ចប្រជុំរួមរដ្ឋសភា អំឡុងពេលប្រកាសគោលនយោបាយរដ្ឋាភិបាលកាលពីថ្ងៃទី ៣០ ខែកញ្ញា កន្លងទៅថា មានបុគ្គលបានស្នើផ្តល់ប្រាក់ឲ្យលោកចំនួន ៤០ លានបាតក្នុងមួយខែ ឬប្រមាណជាង​១​លាន​២​សែនដុល្លារ ដើម្បីជាថ្នូរនឹងការមិនចាប់ខ្លួនក្រុមខលសេនទ័រ ឬក្រុមឆបោក (Scammer) និងគេហទំព័រខុសច្បាប់។

នៅពេលសួរថាតើលោកបាននិយាយជាមួយលោក ឆៃឆានុក ហើយឬនៅ? នាយករដ្ឋមន្ត្រីមានតែឈ្មោះរូបនេះបានប្រញាប់ឆ្លើយតបចំពោះអ្នកសារព័ត៌មានវិញថា៖ «ខ្ញុំមិនទាន់បានជួបលោក ឆៃឆានុក ទេ សូមទៅសួរលោកផ្ទាល់ចុះ…»។

ការដែលនាយករដ្ឋមន្ត្រីដែលជាមនុស្សមានអំណាចខ្ពស់ជាងគេបំផុតនៅក្នុងរដ្ឋាភិបាលបែរជាមិនហ៊ានឆ្លើយតប ឬសម្រេចចិត្ត អ្វីមួយដោយខ្លួនឯងដូច្នេះ បានបង្ហាញឱ្យសាធារណជនបានឃើញកាន់តែច្បាស់ពីកម្សោយរបស់រដ្ឋាភិបាល​ដែលដឹកនាំដោយបក្សភូមិចៃថៃ នេះច្បាស់ៗថា រដ្ឋាភិបាលនេះ គ្រាន់តែឡើងមកដើម្បី​តែ​អំណាចរបស់ក្រុមខ្លួនប៉ុណ្ណោះ គ្មានគិតគូរចង់ដោះស្រាយបញ្ហាដើម្បីប្រជាជន និងប្រជាជាតិដូចជាមាត់ចេះតែនិយាយនោះឡើយ។

នៅពេលសួរអំពីករណីដែលគណបក្សភឿថៃត្រៀមដាក់លិខិតជូនប្រធានរដ្ឋសភា ដើម្បីត្រួតពិនិត្យគុណសម្បត្តិរដ្ឋមន្ត្រីមួយចំនួន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ តំណាងរាស្ត្របក្សភឿថៃ មានសិទ្ធិស្រាប់ហើយ នៅពេលសួរបន្តថាតើលោកត្រៀមខ្លួនរួចរាល់ក្នុងការបំភ្លឺហើយឬនៅ? នាយករដ្ឋមន្ត្រីបានឆ្លើយថា៖ « បើចាំបាច់បំភ្លឺ គឺត្រូវបំភ្លឺ…»។

ការឆ្លើយតបបែបមិនអស់សេចក្ដី និងមិនច្បាស់លាស់ចំពោះចម្ងល់របស់សាធារណជនដែលអ្នកសារព័ត៌មានបានព្យាយាមចោទជាសំនួរទៅកាន់នាយករដ្ឋមន្ត្រីរូបនេះ បានធ្វើឱ្យពលរដ្ឋថៃកាន់តែអស់ជំនឿទៅលើប្រធានបក្សកាន់អំណាចនេះកាន់តែខ្លាំង ព្រោះលោកមិនមែនជានាយករដ្ឋមន្ត្រីប្រជាធិបតេយ្យដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាជននោះឡើយ តែជានាយករដ្ឋមន្ត្រីដែលសភាបោះឆ្នោតជ្រើសតាំង និងជានាយករដ្ឋមន្ត្រីអាយ៉ង ដែលចាំតែដើរតាមពីក្រោយការបញ្ជារបស់យោធាប៉ុណ្ណោះ៕

Share.