មើលលើការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ នេះឱ្យដឹងថា ទីស្ដីការគណៈរដ្ឋមន្ត្រីថៃបានអនុម័តបន្តប្រកាសពន្យាពេលអនុវត្តលើ តំបន់សន្តិសុខ និងសុវត្ថិភាព នៅក្នុងស្រុកចំនួន ២០ នៃខេត្តភាគខាងត្បូងចំនួន ៤ រយៈពេល ១ ឆ្នាំបន្តទៀត ស្របតាមសំណើរបស់អគ្គនាយកដ្ឋានរក្សាសន្តិសុខផ្ទៃក្នុងប្រទេស។

ស្រុកទាំង ២០ នៃខេត្តចំនួន ៤ រួមមាន ខេត្តនរាធិវ៉ាត់ ខេត្តប៉ាត់តានី ខេត្តយ៉ាឡា ខេត្តសុងក្លា ត្រូវបានចាត់ទុកថា ជាតំបន់លាក់ខ្លួនរបស់ក្រុមឧទ្ទាមបះបោរប្រឆាំងផ្ដាច់ខ្លួនពីរដ្ឋាភិបាលថៃដែលកន្លងមកតែងតែបង្កបញ្ហាដូចជា បំផ្ទុះគ្រាប់បែក ការផ្តាច់ខ្លួនរបស់ជនជាតិភាគតិច ទំនាស់សាសនានៅក្នុងតំបន់ប្រវត្តិសាស្ត្រម៉ាឡេ និងវប្បធម៌ថៃ អំពើហិង្សាលើមន្ត្រីរាជការ បញ្ហាជួញដូរគ្រឿងញៀន បណ្តាញរត់ពន្ធប្រេង និងបញ្ហាវាយឆ្មក់របស់ចោរសមុទ្រជាដើម។ ការបន្តពន្យារពេលនេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦។

អ្នកនាំពាក្យប្រចាំទីស្ដីការនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថា ប្រគល់ភារកិច្ចបានសំខាន់នេះទៅឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដើម្បីពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងពន្លឿនការងារជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ ជាការស្នើឱ្យពង្រីកម៉ោងបើកច្រកព្រំដែនឱ្យបានលឿន និងបិទឱ្យបានយឺតជាងមុន ធ្វើយ៉ាងណាសម្រួលឱ្យសេដ្ឋកិច្ចនៅតំបន់ព្រំដែនថៃ-ម៉ាឡេស៊ីមានសភាពល្អប្រសើរជាងមុន។

គួររំលឹកដែរថា ទឹកដីភាគខាងត្បូងថៃទាំង ៤ ខេត្តខាងលើនេះ ពីមុនធ្លាប់ជារាជាណាចក្រមួយរបស់រដ្ឋម៉ាឡេសុីកាលពីអតីតកាល ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសថៃកំពុងបះបោលផ្តាច់ខ្លួនពីថៃ ។ ទឹកដីភាគខាងត្បូងនេះ មានជនជាតិដើមម៉ាឡេសុី និងកាន់សាសនាអុីស្លាម បានព្យាយាមបះបោរផ្តាច់ខ្លួនពីប្រទេសថៃ ។

កាលពីអតីតកាលទឹកដីតំបន់នេះ ត្រូវបានព្រះរាជាណាចក្រសៀម វាយយកបានមួយផ្នែកធំ និងផ្នែកនៅសល់នៅម៉ាឡេសុី ។ ថៃបានព្យាយាមបំបែកទឹកដីមួយនេះជាច្រើនខេត្តធ្វើគ្រប់មធ្យោបាយ និងបញ្ចូលវប្បធម៌ថៃ ដើម្បីកាត់បន្ថយឥន្ធិពលស្តេចស៊ុលតង់នៃទឹកដីមួយនេះ ហើយក្រោយមកក៏បង្រួមមក៤ខេត្ត ។

នៅឆ្នាំ ២០០៤ ចាប់ផ្តើមមានសកម្មបះបោរកាន់តែខ្លាំងខ្លា និងទ្រង់ទ្រាយធំមកដល់សព្វថ្ងៃ ដោយបានព្យាមយាមទាមទារឯករាជ្យពីរដ្ឋា​ភិបាលថៃមកដល់បច្ចុប្បន្ន និង មនុស្សជាង៧ពាន់បានស្លាប់ ដោយសារការបះបោរនេះ ហើយប៉ុន្មានថ្ងៃមុន ទាហានថៃម្នាក់ក៏បានស្លាប់ និង ទាហានថៃជាច្រើននាក់ទៀងរងរបួសដោយសារប៉ះទង្គិតគ្នា ។ រឿងមួយទៀត ដែលថៃបារម្ភគឺ ថៃមានក្តីសុបិន្តគម្រោងសាងសង់ព្រែកជីកភាគខាងត្បូងតែថៃខ្លាចជីកហើយ ទឹកដីភាគខាងត្បូងក្លាយប្រទេសថ្មីចាប់កំណើតឡើងផងដែរ៕

Share.