ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានលើកឡើងចំៗនៅក្នុងវេទិកា «សន្និសីទពិភពលោកយូណេស្កូ ស្តីពីគោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព» នៅប្រទេសអេស្ប៉ាញ ដែលបានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយបានចាត់ទុកថា ការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាសោកនាដកម្មរបស់ពិភពលោកបង្កឡើងដោយយោធាថៃ។

ឯកឧត្តមបានពន្យល់ថា ការខាតបង់នេះមិនមែនជារបស់តែប្រទេសណាមួយនោះទេ ព្រោះ បេតិកភណ្ឌវប្បធម៌ជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់គ្នា ហើយការបំផ្លាញវាគឺជាការបំផ្លាញប្រវត្តិសាស្ត្រមនុស្សជាតិទាំងមូល។ ក្នុងសេចក្តីថ្លែងការណ៍នោះ ឯកឧត្តមបានលើកយកករណី ប្រាសាទព្រះវិហារ ទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ បានទទួលថានៅក្នុងអធិបតេយ្យដែនដីកម្ពុជា ហើយត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ យូណេស្កូ នៅឆ្នាំ២០០៨ ក៏ដោយ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប្រាសាទព្រះវិហារ នៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិ។
យ៉ាងណាមិញ ករណីប្រាសាទព្រះវិហារដែលបានរងការខូចខាតដោយសារគ្រាប់ចង្កោមរបស់ថៃ ត្រូវបានរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្កោលទោសធ្ងន់ៗទៅកាន់ភាគីថៃ ដែលបានវាយប្រហារមិនញញើត ជាមួយនឹងការប្រើប្រាស់ កាំភ្លើងធំបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកចង្កោមពីលើអាកាស ដែលជាទង្វើមិនអាចទទួលយកបាន ជាពិសេសមិនគោរពទៅតាមអនុសញ្ញាអន្តរជាតិនានា ស្តីពីការការពារបេតិកភណ្ឌវប្បធម៌។


សូមជម្រាបថា អនុសញ្ញាទាំងនោះរួមមាន ទី១អនុញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារវប្បធម៌ នៅក្នុងពេលមានជម្លោះប្រដាប់អាវុធ, ទី២ ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចការពារ និងគណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌ និងទី៣ អនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។
គួរដឹងថា យោធាថៃបានវាយប្រហារដោយអាវុធគ្រប់ប្រភេទ ប្លោង និងទម្លាក់គ្រាប់បែកពីលើយន្តហោះ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ប្រាសាទព្រះវិហារ ក្នុងនោះរួមមាន ពយតាឌី កូបុរៈទី១ ទី២ ទី៣ ទី៥ ជណ្ដើរខាងជើង និងតំបន់ក្បែរប្រាសាទព្រះវិហារ៕

