កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ខេមបូឌានព្រីមៀរលីគ (CPL) បានជួបពិភាក្សាការងារ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ដើម្បីបង្កើនការអភិវឌ្ឍន៍ eFootball Console ដែល​ជាប្រភេទកីឡាអេឡិចត្រូនិក​ដែល​កំពុង​មាន​ការប្រកួត​ប្រជែង​ខ្លាំង​នៅ​កម្ពុជា។

ក្នុង​នោះ​ដែរ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Peter Koo អ្នកគ្រប់គ្រងទូទៅ និងក្រុមការងាររបស់ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) ដើម្បីបង្កើនកិច្ចសហការក្នុងការជំរុញអភិវឌ្ឍន៍វិញ្ញាសា eFootball ប្រភេទ Console។

កិច្ចពិភាក្សាបានឯកភាពគ្នាលើគោលបំណងសំខាន់គឺទី១ ដើម្បីអភិវឌ្ឍវិញ្ញាសា eFootball ប្រភេទ Console ដែលនឹងគ្រោងរៀបចំកម្មវិធីប្រកួតជារៀងរាល់ឆ្នាំដោយ EFC និង CPL អមបន្ថែមលើលីគបាល់ទាត់អេឡិចត្រូនិក E-Cambodian Premier League ដែលមានស្រាប់។ ទី២ ផ្តោតលើការរៀបចំក្រុមជម្រើសជាតិដោយហៅកាត់ថា Angkor Warrior ជាប្រភេទក្រុមជម្រើសជាតិអនឡាញ។

ជាមួយគ្នានេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក៏គ្រោងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ លើប្រភេទវិញ្ញាសា Console ឆ្នាំ២០២៥។ ដោយសង្ឃឹមថាក្លិបបាល់ទាត់ នៃ អុីខេមបូឌានព្រីមៀរលីគ និងជម្រុញឱ្យកីឡាករលីគ eCPL ទាំងអស់ចូលរួមប្រកួតប្រជែងបន្ថែមផងដែរ៕

Share.