លោក Bernardo Tavares ជាគ្រូបង្វឹករបស់ក្រុម PSM Makassar ដែលជាក្រុមខ្លាំងមួយនៅប្រទេសឥណ្ឌូណេស៊ី បានប្រកាសដើរចេញពីក្លិប ពោលគឺមិនបន្តដឹកនាំទៀតឡើយ ក្រោយគ្មានប្រាក់ខែអស់រយៈពេលជាង៣ឆ្នាំ ។

មុនចាកចេញលោកបានសរសេរសារលើគណនី X របស់លោក បែបនេះថា «អរគុណ PSM Makassar ជាមួយនឹងភាពសោកសៅជាខ្លាំង ខ្ញុំសូមប្រកាសអំពីការចាកចេញរបស់ខ្ញុំពី PSM Makassar មូលហេតុគឺដោយសារតែ ខ្វះការទូទាត់ប្រាក់ខែ ដែលជាស្ថានភាពមួយដែលខ្ញុំបានប្រឈមមុខអស់រយៈពេល ៣ឆ្នាំកន្លះក្នុងនាមជាគ្រូបង្វឹក ប៉ុន្តែឥឡូវនេះវាមិនអាចបន្តទ្រាំទ្របានទៀតទេ»។

លោក Bernardo Tavares មានឈ្មោះពេញថា Fernando José Bernardo Tavares រូបលោកកើតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៨០ នៅ Proença-a-Nova ប្រទេសព័រទុយហ្គាល់។ លោកគឺជាគ្រូបង្វឹកដែលមានបទពិសោធន៍ក្រាសក្រាល និងធ្លាប់ដឹកនាំក្លឹបជាច្រើននៅទូទាំងពិភពលោក។

ក្នុងអាជីពគ្រូបង្វឹក នៅក្នុងតំបន់អាស៊ី លោកបានចំណាយពេលយ៉ាងច្រើនក្នុងការដឹកនាំក្លឹបនៅទ្វីបអាស៊ី ដោយធ្លាប់បង្វឹកក្រុមដូចជា Al-Hidd នៅប្រទេសបារ៉ែន, Al-Nahda នៅអូម៉ង់, New Radiant នៅម៉ាល់ឌីវ, Benfica de Macau នៅម៉ាកាវ និង Churchill Brothers នៅប្រទេសឥណ្ឌា។

នៅតំបន់អឺរ៉ុប វិញបុរសវ័យ៤៥ឆ្នាំ រូបនេះធ្លាប់ធ្វើជាគ្រូបង្វឹកនៅក្លឹបល្បីៗមួយចំនួនក្នុងប្រទេសព័រទុយហ្គាល់ ដូចជា Belenenses លើសពីនេះលោកក៏ធ្លាប់ធ្វើការហ្វឹកហាត់ជាមួយក្លឹបយក្ស Real Madrid និង Sporting Lisbon ជាដើម។
បើនិយាយពីកេរ្តិ៍ឈ្មោះរបស់លោកគឺពិតជាល្បីល្បាញខ្លាំង ក្រោយពេលដែលលោកបានចូលមកដឹកនាំក្រុម PSM Makassar ក្នុងឆ្នាំ២០២២ ចាប់ពីពេលនោះមក ក្រុម PSM Makassar បានក្លាយជាក្រុមដ៏ខ្លាំងមួយក្នុងលីគឥណ្ឌូនេស៊ី ហើយបានឈ្នះពានរង្វាន់ Liga 1 នៅរដូវកាល ២០២២-២០២៣ ដែលជាជ័យជម្នះធំមួយប្រវត្តិសាស្ត្ររបស់ក្លឹប។

ទោះបីជាទទួលបានជោគជ័យបែបនេះក៏ដោយ ប៉ុន្តែលោក Bernardo Tavares បានសម្រេចចិត្តចាកចេញពី PSM Makassar ដោយសារតែបញ្ហាប្រាក់ខែដែលក្លឹបមិនបានទូទាត់ឱ្យលោកអស់រយៈពេលជាច្រើនខែ។


