បន្ទាប់ពីចាប់ឆ្នោតរួមរាល់កាលពីថ្ងៃទី២ តុលា ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ ជាក្រុមមកពីតំបន់អាស៊ាន ស្ថិតនៅពូល A ជាមួយ ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងកៀហ្ស៊ីស៊ីស្ថាន ពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026។

ដោយឡែកសម្រាប់ក្រុមជម្រើសជាតិថៃ អាយុក្រោម ២៣ឆ្នាំ នៅ D ជាមួយ អ៊ីរ៉ាក់ អូស្រ្តាលី និង ចិន។ ការប្រកួត នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៦ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅប្រទេសអារ៉ាប៊ីសាអូឌីត។

រំលឹកថា ក្នុងពានរង្វាន់មួយនេះ វគ្គចម្រុះ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកជនជាតិជប៉ុន មិនអាចឡើងមកកាន់វគ្គចែកពូលនេះបានឡើង ដោយ៣ប្រកួតរកបាន៥ពិន្ទុ ឈរលេខ២ក្នុងពូល។ តែយ៉ាងណា ក៏ជាប្រវត្តិសាស្រ្តថ្មី សម្រាប់កម្ពុជា ប្រកួតមិនចាញ់សោះ ៣ប្រកួតក្នុងវគ្គជម្រុះក្នុងពូល ពិសេសមិនរបូតគ្រាប់បាល់សោះ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U-23 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ២០១៣ ដោយជប៉ុន ជាក្រុមឈ្នះជើងឯកច្រើនជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ: អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕

