កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម បាននាំអំណោយសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋ ចំនួន ២៣គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ហើយបានជំលៀសទៅកាន់ទីទួលសុវត្ថិភាព នៅភូមិវត្ត ឃុំទូលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។

ក្នុងនាមប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពង់រងគ្រោះដោយទឹកជំនន់ និងបានជម្លៀសមកកាន់ ទីទួលសុវត្ថិភាព ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងសុវត្ថិភាព សុខភាព និងការរក្សាអនាម័យ ជាពិសេស កុំបណ្តែតបណ្តោយឱ្យកូនៗ ឬក្មេងតូចៗលេងទឹក នៅតាមតំបន់ប្រឈមគ្រោះថ្នាក់។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ទាំងតាមខ្នងផ្ទះ ដែលទទួលទឹកជំនន់ និងទាំងប្រជាពលរដ្ឋ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្រៅពីនោះអាជ្ញាធរពាក់ព័ន្ធ ក៏ត្រូវបន្តតាមដាន សភាពការណ៍ និងស្ថានភាពទឹកជាប្រចាំ ដើម្បីបន្តជួយអន្តរាគមន៍ ទាន់ពេលវេលា ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា ក្នុងករណីបើមានជំងឺដង្កាត់ផ្សេងៗ ឬមានសត្វអសិរពិសចឹក សូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ដែលមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់ សម្រាប់ធ្វើការព្យាបាលភ្លាមៗ មិនត្រូវទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។

គួរបញ្ជាក់ថា យកអំណោយសង្គ្រោះបន្ទាន់ ដែលត្រូវចែកជូនពលរដ្ឋទាំង ២៣គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករចំនួន ២៥គ.ក្រ ទឹកស៊ីវ ១យូរ ទឹកត្រី ១យូរ អំបិល ១កញ្ចប់ មុង ១ ភួយ ១ កន្ទេល ១ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ ៕


អត្ថបទ៖អាចារ្យលាក់

Share.