ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនបរទេសសរុប ៥៩ នាក់ នាំទៅសួរនាំ កាលពីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅតំបន់ ChinaTown ក្រុងព្រះសីហនុ បន្ទាប់ពីមានការផ្ទុះការតវ៉ា និងបង្កជាអំពើហិង្សាធំមួយ ដែលត្រូវបានគេរាយការណ៍ថា ផ្ដើមចេញពីទំនាស់ទាក់ទងនឹងជំនឿសាសនា។

លោក ខៀវ សាវ៉ុន ប្រធានមន្ទីរព័ត៌មានស្ដីទីខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនបរទេសដែលត្រូវបានឃាត់ខ្លួននៅសាលាក្រុងរួមមាន ជនជាតិ ប៉ាគីស្ថាន និង បង់ក្លាដែស ចំនួន ៥៧ នាក់ ជនជាតិ ចិន ចំនួន ២ នាក់ (ជាថៅកែ និងកូនចៅម្នាក់)

ហេតុការណ៍នេះបានកើតឡើងនៅអគារមួយកន្លែងទល់មុខឆ្នេរអូរត្រេះ។ ដើមហេតុគឺការផ្ទុះ ទំនាស់ពាក្យសម្ដី រវាងមេការជនជាតិចិន និងបុគ្គលិកជនជាតិប៉ាគីស្ថាន ដោយសារតែមានការ ប៉ះពាល់ដល់ជំនឿសាសនា។

សមត្ថកិច្ចបានបញ្ជាក់ថា ថៅកែជនជាតិចិនបានចេញមុខសម្របសម្រួល និងសុំទោសគ្នាត្រូវរ៉ូវគ្នាមួយសាហើយ។ ប៉ុន្តែក្រោយមក ស្រាប់តែមានក្រុមជនជាតិប៉ាគីស្ថានមួយក្រុមទៀត បាននាំគ្នា ស្រែកតវ៉ា បង្ហាញការមិនសុខចិត្ត និងមិនទទួលយកការសុំទោសនោះ ដែលបណ្ដាលឱ្យបញ្ហាបានរីកធំក្លាយជា អំពើហិង្សា តែម្ដង។

គួរបញ្ជាក់ ជុំវិញករណីនេះ ប្រធានមន្ទីរការងារខេត្តព្រះសីហនុ បានអះអាងថា ជម្លោះដែលកើតឡើងនេះ មិនមែនជាករណីវិវាទការងារ នោះទេ៕

Share.