យោងតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK បានចេញផ្សាយនាថ្ងៃទី៩ ខែតុលា នេះថា មន្រ្តីឧតុនិយមជប៉ុន បានចេញការជូនដំណឹងអំពីអាកាសធាតុមិនអំណោយផលខ្លាំងបំផុតរបស់ខ្លួន សម្រាប់ផ្នែកមួយចំនួននៃកោះ Izu ដោយមានការព្រមានបន្ទាន់អំពីភ្លៀងធ្លាក់ខ្លាំង។

អ្នកស្រុកនៅតំបន់ដែលរងផលប៉ះពាល់ ត្រូវបានណែនាំអោយចាត់វិធានការប្រុងប្រយ័ត្នគ្រប់បែបយ៉ាង ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ ខណៈព្យុះទីហ្វុង Halong បោកបក់ទៅទិសខាងកើត។
ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន ក៏បានប្រកាសអាសន្នសម្រាប់ខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗ នៅក្នុងទីក្រុង Hachijo និងភូមិចំនួន៦ ផ្សេងទៀត។ ទីភ្នាក់ងារនេះ បន្ដថា គិតត្រឹមម៉ោង ១០ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ព្យុះទីហ្វុងបានស្ថិតនៅលើផ្ទៃទឹកក្បែរកោះ Hachijojima ដោយបោកបក់ពីទិសខាងកើតទៅទិសឦសានក្នុងល្បឿន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានព្យាករណ៍ថា នឹងបោកបក់ទៅទិសខាងកើត។

តំបន់នេះអាចមើលឃើញខ្យល់បក់រហូតដល់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានសន្ទុះខ្យល់បក់ខ្លាំង ដែលគ្រប់គ្រាន់ដើម្បីបំផ្លាញអគារ។ ពពកភ្លៀងធ្លាក់ខ្លាំងអាចនឹងកើតឡើង ហើយហានិភ័យនៃគ្រោះមហន្តរាយត្រូវបានគេរំពឹងថា នឹងកើនឡើង។ ប្រជុំកោះនេះ ត្រូវបានគេរំពឹងថា នឹងទទួលទឹកភ្លៀងរហូតដល់ ១៨០មីលីម៉ែត្រក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃសុក្រ សប្ដាហ៍នេះ។ ខណៈខ្យល់បក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងកើតមាននៅប្រជុំកោះ Izu ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់នេះ។


យ៉ាងណាម៉ិញ អ្នកជំនាញបានព្រមានថា ការប្រែប្រួលអាកាសធាតុនឹងកើតមានកាន់តែញឹកញាប់ ដោយសារតែការឡើងកម្ដៅខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ៕
