រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានធ្វើការថ្លែងបញ្ជាក់ នៅរសៀលថ្ងៃទី១០ តុលា ២០២៥នេះថា៖«ប្រទេសថៃ ចង់ផ្តោតលើការចរចាទ្វេភាគីជាមួយនឹងកម្ពុជា លោកមិនទាន់ប្រាកដចិត្តថា តើភាគីកម្ពុជា មានបំណងចរចាជាមួយនឹងថៃ ឬក៏អត់នៅឡើយទេ ក្នុងនាមជាអ្នកជិតខាងល្អ ត្រូវរួមរស់ក្បែរគ្នា ស្វែងរកដំណោះស្រាយដោយសន្តិវិធី»។




លោកសង្កត់ធ្ងន់ថា៖ «ភាពតានតឹង នៃស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ បច្ចុប្បន្ននេះ មិនមែនជាអ្វី ដែលប្រទេសថៃ ប្រាថ្នាចង់បាននោះទេ»។សំណួរចោទសួរថា តើថៃចង់បានសន្ដិភាពពិតប្រាកដឬយ៉ាងណា? ចរចាទ្វេរភាគី តែថៃយកផែនទីឯកតោភាគី មិនយកយន្ដការ MOU ឆ្នាំ ២០០០ និងកិច្ចព្រមព្រៀងបារាំងសៀម ១០៩៤ និង ១៩០៧ ហើយក៏មិនចង់ដោះស្រាយតាមប្រព័ន្ធតុលាការអន្ដរជាតិ ដែលជាយន្ដការសន្ដិវិធីដ៏ល្អ មិនប្រើកម្លាំងបាយ។

ដើម្បីឲ្យច្បាស់ Troryorng News សូមមើលបកស្រាយមួយៗ ដូចខាងក្រោម ៖ ១ សេចក្តីថ្លែងរបស់លោក Sihasak បង្ហាញថា រាជរដ្ឋាភិបាលថៃ កំពុងព្យាយាមបង្ហាញភាពរួសរាយ និងចង់បន្តទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា។ ប៉ុន្តែជាក់ស្តែង វាជា សុន្ទរកថាគោលនយោបាយការទូតប៉ុណ្ណោះ ដើម្បីបន្ថយសម្ពាធពីសាធារណមតិ និងអន្តរជាតិ ដែលកំពុងរិះគន់ថៃចំពោះសកម្មភាពឈូសឆាយដែនដីនៅភូមិព្រៃចាន់។
2. ពាក្យថា «មិនប្រាកដថាកម្ពុជាមានបំណងចរចាដែរ ឬទេ» ជាការព្យាយាមផ្លាស់ប្តូរគំនិតសាធារណៈ ដោយបង្ហាញថា ថៃជាភាគីចង់ចរចា ខណៈកម្ពុជាហាក់ដូចជាមិនសហការ។ នេះជាវិធីនយោបាយប្រើសំឡេងទន់ ដើម្បីបន្តការព្យាយាមទម្លាក់ភាពទំនួលខុសត្រូវលើកម្ពុជា។
3. ការលើកឡើងពី «ជិតខាងល្អ និងសន្តិវិធី» គឺជាវិធីបង្ហាញថា ថៃមិនចង់ឲ្យស្ថានភាពធ្លាក់ចូលក្នុងវិបត្តិប្រយុទ្ធសន្តិសុខ ឬឲ្យសាធារណមតិអន្ដរជាតិយល់ថាថៃជាភាគីបង្កជម្លោះប៉ុណ្ណោះ។ជាការឆ្លើយតប កម្ពុជាបានសរសេរទាំងកំណត់ទូត និងសេចក្ដីថ្លែងការជាច្រើនដងមកហើយថា កម្ពុជា ប្រកាន់ជំហរដោះស្រាយសន្ដិវិធី និងយន្ដការមានស្រាប់ ដូចជាការគោរពបទឈប់បាញ់ ថ្ងៃ២៨ កក្កដា, ការចរចាតាមយន្ដការ គណកម្មការ RBC, JBC ដោយផ្អែកលើ MOU ២០០០ និងការប្រើផែនទីបារាំង សៀម ឆ្នាំ ១៩០៤ និង១៩០៧ ដោយមិនប្រើផែនទីឯកតោភាគី គូរដោយខ្លួនឯងនោះទេ។
ចំណុចវិវាទចរចាកម្ពុជា និងថៃទ្វេរភាគី មិនត្រូវគឺការដោះស្រាយតាមតុលាការអន្ដរជាតិ ICJ ដូចនៅមុំបី ប្រាសាទតាមាន់តូច ធំ និងប្រាសាទតាក្របី ជាដើម។Troryorng News ក៏សូមលើកឡើងនូវជំហររបស់កម្ពុជា ធ្លាប់លើកឡើងកន្លងមកដែរថា
1. កម្ពុជាបន្តគោរព និងអនុវត្តតាមយន្តការផ្លូវការ ដែលទាំងពីរបានយល់ព្រមរួចមកហើយ ក្នុង អនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០០ តាមរយៈ គណកម្មការចំរុះព្រំដែន (JBC) និង គណកម្មការរួមកងកម្លាំងប្រដាប់អាវុធ (RBC) ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងបង្ហាញភាពជាដៃគូជិតខាងល្អ។
2. កម្ពុជាបន្តប្រើប្រាស់ ផែនទីបារាំង–សៀម ឆ្នាំ១៩០៤ និង១៩០៧ ជាឯកសារផ្លូវការ តាមការទទួលស្គាល់របស់អន្តរជាតិ ហើយ មិនទទួលស្គាល់ផែនទីឯកតោភាគីណាមួយ ដែលគូរឡើងដោយភាគីថៃដោយខ្លួនឯងឡើយ។
3. កម្ពុជាធ្លាប់ថ្កោលទោសសកម្មភាពណាមួយដែលរំលោភចំពោះអធិបតេយ្យភាពកម្ពុជា ជា ពិសេសការចូលឈូសឆាយដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមតំបន់ព្រំដែន ដោយកងកម្លាំងប្រដាប់អាវុធ ឬអាជ្ញាធរថៃ។ សកម្មភាពបែបនេះផ្ទុយពីគោលការណ៍ជិតខាងល្អ និងសេចក្តីសន្យារបស់អាស៊ាន។


4. កម្ពុជាបានអនុវត្តជាបន្តបន្ទាប់នូវគោលការណ៍សន្តិភាព និងច្បាប់អន្ដរជាតិ ដូចជាករណីវិវាទនៅប្រាសាទតាមាន់ និងតាក្របី ដែលបានដោះស្រាយតាមរយៈតុលាការអន្ដរជាតិ (ICJ)។5. រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់ អំពាវនាវឲ្យរាជរដ្ឋាភិបាលថៃ បង្ហាញជាក់ស្តែងនូវការគោរពច្បាប់អន្ដរជាតិ បញ្ឈប់សកម្មភាពរំលោភព្រំដែន និងធ្វើការសហការជាមួយកម្ពុជាតាមយន្តការផ្លូវការដែលមានស្រាប់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងមិត្តភាពរវាងប្រជាជាតិទាំងពីរ៕




