សារព័ត៌មានថៃ ជាច្រើនបានចេញផ្សាយរឿងរ៉ាវដ៏ក្ដៅគគុកពាក់ព័ន្ធនឹងការចាក់សំឡេងខ្មោច និងសំឡេងយន្តហោះចម្បាំង F-16 ។

នៅថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥ នេះថា លោកស្រី អាំងខៈណា នីលៈភៃចិត្រ (Angkhana Neelapaijit) សមាជិកព្រឹទ្ធសភា ថៃ បានចេញមុខព្រមានរដ្ឋាភិបាលយ៉ាងខ្លាំង ចំពោះករណីដែលអនុញ្ញាតឲ្យបុគ្គលសាធារណៈ និងអ្នកមានឥទ្ធិពល (Influencer) ដូចជា «កាន់ ចមផៈឡាំង» ប្រើប្រាស់រថយន្តដឹកធុងបាសបើកសំឡេងខ្មោចលង និងសំឡេងយន្តហោះចម្បាំង F-16 នៅតាមតំបន់ព្រំដែនថៃ-កម្ពុជា ដើម្បីដាក់សម្ពាធលើប្រជាពលរដ្ឋខ្មែរនៅត្រើយម្ខាង។ លោកស្រី បានបង្ហោះសារព្រមានរដ្ឋាភិបាលថា ទង្វើនេះអាចបង្កបញ្ហាធ្ងន់ធ្ងរ ហើយបានគូសបញ្ជាក់ដូចតទៅ៖
១• ការរំលោភបំពានអនុសញ្ញា CAT៖ ទង្វើណាមួយដែលបង្កឲ្យមានការភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ជនស៊ីវិល ទោះបីជាជាគូជម្លោះក្នុងសង្គ្រាមក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះ (កុមារ មនុស្សចាស់ និងអ្នកជម្ងឺ) អាចចូលទៅក្នុងនិយមន័យនៃ ការធ្វើទារុណកម្មផ្លូវចិត្ត (Psychological Torture) ក្រោម អនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម (CAT) ដែលប្រទេសថៃជាភាគី។
២• ផលប៉ះពាល់ផ្លូវចិត្ត៖ សំឡេងរំខានខ្លាំងៗក្នុងពេលយប់បានបង្កឲ្យមានការភ័យស្លន់ស្លោ ភាពភ័យខ្លាច និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់ជនស៊ីវិល។
៣• ប៉ះពាល់ទំនាក់ទំនងអន្តរជាតិ៖ ការអនុញ្ញាតឱ្យសាធារណជនចូលទៅដាក់សម្ពាធលើភាគីម្ខាងទៀតបែបនេះ អាចបង្កបញ្ហា និងផលប៉ះពាល់ផ្នែកការទូតដល់រដ្ឋាភិបាលថៃក្នុងឆាកអន្តរជាតិបាន ដោយសារតែបញ្ហានេះត្រូវបានគេ ប្តឹងទៅអង្គការសហប្រជាជាតិ (UN) រួចហើយ។

សមាជិកព្រឹទ្ធសភារូបនេះ ក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលលោក អនុទិន គួរតែដឹងអំពីផលប៉ះពាល់នៅកម្រិតអន្តរជាតិ ហើយត្រូវត្រៀមខ្លួនជាស្រេចដើម្បីបកស្រាយរឿងនេះនៅលើវេទិកាពិភពលោក ព្រោះវាជាបញ្ហាដែលទាក់ទងនឹង សិទ្ធិមនុស្ស និងអាចធ្វើឲ្យភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែធ្ងន់ធ្ងរឡើង៕
