ត្បូងឃ្មុំ÷ រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រតិភូ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តម តាំង សាមឿន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារចំពោះកិច្ច នៃក្រសួង កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើការពិភាក្សា និងដោះស្រាយផលប៉ះពាល់លើទីតាំងតាមបណ្តោយផ្លូវជាតិលេខ៧២ (ឆ្ពោះទៅកាន់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ក្នុងភូមិសាស្រ្តស្រុកពញាក្រែក) ក្រោមក្របខ័ណ្ឌគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំ ក សាលាខេត្ត ។




ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃគម្រោងនេះ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។ ឯកឧត្តមបានប្រសាសន៍លើកឡើងថា៖ «ដើម្បីធានាបាននូវការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ខ្ញុំសូមជំរុញឲ្យអាជ្ញាធរស្រុក ឃុំ ក៏ដូចជាស្ថាប័នមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែសហការអនុវត្តការងារនេះឲ្យបានល្អប្រសើរ និងមានការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ ត្រូវតែរួមគ្នាដោះស្រាយរាល់ផលប៉ះពាល់នានា ប្រកបដោយភាពយុត្តិធម៌ និងឆាប់រហ័ស ជាពិសេសផ្តល់ភាពងាយស្រួល ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ជាតិ» ។

ជាការឆ្លើយតប ឯកឧត្តម តាំង សាមឿន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ។ ក្នុងនោះឯកឧត្តម រួមជាមួយមន្ត្រីជំនាញ នៃក្រសួង ក៏បានលើកឡើង និងបានផ្តល់យោបល់សំខាន់ៗជុំវិញការងាររៀបចំតាមទីកន្លែង មួយចំនួន មានដូចជា ដីចំណីផ្លូវ ប្រព័ន្ធលូអនាម័យ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដទៃទៀត ដើម្បីធានាគុណភាព និងនិរន្តរភាពនៃផ្លូវ។ ឯកឧត្តម តាំង សាមឿន ក៏បានស្នើដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ជួយសម្របសម្រួលទីតាំងដែលរងផលប៉ះពាល់នៅក្នុងគម្រោងអភិវឌ្ឍន៍នៅតំបន់ទាំងនោះឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដោយគិតគូរពីផលប្រយោជន៍របស់ប្រជាពលរដ្ឋជាចម្បង ។




សូមបញ្ជាក់ជូនថា កិច្ចប្រជុំបានបញ្ចប់ដោយលទ្ធផលប្រកបដោយផ្លែផ្កា និងការប្តេជ្ញាចិត្តរួមគ្នាពីរដ្ឋបាលខេត្ត ស្ថាប័ន-អង្គភាព-មន្ទីរជំនាញ និងក្រសួងពាក់ព័ន្ធ ក្នុងការជំរុញការងារដោះស្រាយផលប៉ះពាល់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៧២ ឲ្យបានសម្រេចតាមផែនការដែលបានកំណត់ ៕
អត្ថបទ÷អាចារ្យលាក់