ពោធិ៍សាត់÷ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសុខាភិបាលថ្មីខេត្តពោធិ៍សាត់ព្រឹកថ្ងៃទី13 ខែតុលាឆ្នាំ 2025 នេះ នៅសាលាខេត្តពោធិ៍សាត់ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល  បានលើកឡើងថា វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យគ្រប់មុខជំនាញទាំងអស់ ត្រូវពង្រឹងបង្កើនសមត្ថភាពចំណេះជំនាញ ជាមួយនឹងការទំនាក់ទំនងល្អ ធ្វើការងារជាក្រុម មានភាពរវៀសរវៃ គិតទុកជាមុន នូវរាល់ស្ថានភាពដែលអាចកើតមានឡើង ដើម្បីយើងបានត្រៀមទុកមុនខដោះស្រាយទាន់ពេលវេលា ក្នុងករណីចាំបាច់បន្ទាន់ណាមួយកើតឡើង។


ឯកឧត្តមបានរំលេចថាមន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ប្រកបដោយសុច្ឆន្ទៈ មោះមុត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីជាការផ្តល់នូវតម្លៃ ទំនុកចិត្តដល់ក្រុមការងារ អ្នកជំងឺ និងក្រុមគ្រួសារ។

មន្ត្រីសុខាភិបាល ត្រូវតែជាអ្នកដែលទំនាក់ទំនងបានចេះឈឺឆ្អាល និងផ្តល់នូវការគាំទ្រគ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍រួម គឺការបម្រើសេវាសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព និងសមធម៌ជូនអ្នកជំងឺ ហើយត្រូវតែតម្កល់ផលប្រយោជន៍ និងសុវត្ថិភាពរបស់អ្នកជំងឺជាចម្បង។ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យមាន
ការកសាងសមត្ថភាពជំនាញបន្ថែម តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្គោលឱ្យបានកាន់តែច្រើន រួមគ្នាបង្កើនធនធានមនុស្សឱ្យបានច្រើន។ ក្នុងន័យនេះប្រធានមន្ទីរសុខាភិបាលថ្មីត្រូវតែបន្តការយកទៅទុកដាក់ពង្រឹងការគ្រប់គ្រងដឹកនាំអង្គភាពស្ថាប័នយើងឲ្យបានល្អ ប្រកបដោយទំនោលខុសត្រូវខ្ពស់ នោះជាការប្រសើរហើយ។


លោកតឹកសុភាព ប្រធានមន្ទីរសុខាភិបាលថ្មីបានប្ដេជ្ញា ក្នុងតួនាទីភារកិច្ចរបស់ខ្លួនបម្រើជាតិនិងប្រជាជនដោយស្មោះត្រង់ ជានិច្ចចំពោះរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត ប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយឆន្ទៈមនសិកាវិជ្ជាជីវៈ បំពេញនូវរាល់ចំណុចខ្វះខាត ក្នុងវិស័យសុខាភិបាល រក្សាអាសាមគ្គីឯកភាពផ្ទៃក្នុង ទំនាក់ទំនងល្អគ្រប់ដៃគូ ស្ថាប័នទាំងអស់ បន្តសិក្សាដកស្រង់បទពិសោធន៍ និងគោរពនៅការណែនាំរបស់ដាក់ថ្នាក់ដឹកនាំទាំងក្នុងស្ថាប័ន និងថ្នាក់ដឹកនាំខេត្ត។


ឯកឧត្តមខូយរីដា ក្នុងនាមអាណាព្យាបាលខេត្តពោធិ៍សាត់ បានវាយតម្លៃខ្ពស់ចំពោះមន្ទីរសុខាភិបាល និងមន្ត្រីដែលកន្លងមកបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋយ៉ាងល្អជាមួយនឹងការអភិវឌ្ឍន៍រីកចម្រើនលើវិស័យសុខាភិបាលក្នុងខេត្តគូជាទីមោទនៈផងដែរ។


សូមបញ្ជាក់ថា លោកតឹកសុភាព ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ថ្មីជំនួសលោកខូយឌី ដែលបានផ្លាស់ទៅកាន់តួនាទីថ្មីជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល៕

អត្ថបទ÷ពោធិ៍សាត់

Share.