ថ្មីៗនេះ កសិករចិញ្ចឹមគោទឹកដោះនៅក្នុងប្រទេសថៃកំពុងរងទុក្ខយ៉ាងធ្ងន់ធ្ងរ រហូតចេញមកត្អូញត្អែពីវិបត្តិដែលពួកគេកំពុងជួបប្រទះដូចជា ទឹកដោះគោស្រស់ថៃគ្មានទីផ្សារលក់ចេញ តម្លៃទឹកដោះគោស្រស់ថៃអន់ធ្លាក់ចុះចាញ់ម្សៅទឹកដោះគោនាំចូល រោងចក្រដៃគូផលិតមិនទទួលទិញ គ្មានទីផ្សារនាំចេញមកប្រទេសកម្ពុជាដែលធ្លាប់ជាអតិថិជនធំមួយដែរ វិបត្តិចំណីចិញ្ចឹមគោឡើងថ្លៃ បំណុលធនាគារកាន់តែកើនឡើងមិនអាចដោះស្រាយបាន រដ្ឋភិបាលថៃថ្មីគ្មានការយកចិត្តទុកដាក់រកដំណោះស្រាយទាន់ពេលវេលា ជាហេតុនាំឱ្យកសិករថៃបង្ខំចិត្តចាក់ទឹកដោះគោស្រស់ចោលទាំងស៊ីទែនៗដែលមិនអាចលក់ចេញបានអាចនឹងបាត់មុខចេញពីទីផ្សារតែម្ដងក៏ថាបាន។

កសិករថៃបានត្អូញត្អែរថា ជីវិតកសិករនាពេលនេះដូចជាគោញីក្មេងទើបសម្រាលកូន ផលិតទឹកដោះគោឡើងជន់ជោរប៉ុន្តែគ្មានរន្ធបញ្ចេញ។ បើកាលពីមុនម្នាក់ៗប្រាកដជារំភើបសប្បាយចិត្តណាស់ តែពេលនេះយើងត្រូវគិតហើយថា តើនឹងត្រូវធ្វើដូចម្តេចជាមួយទឹកដោះដែលកំពុងតែកើនឡើងនេះ។ ម្ចាស់កសិដ្ឋានរូបនេះបានបន្តបង្ហោះទៀតថា៖ មិននឹកស្មានថានឹងមានថ្ងៃនេះមកដល់ទេ ថ្ងៃដែលទឹកដោះគោស្រស់សុទ្ធសាធត្រូវចាញ់ទឹកដោះគោម្សៅ។ ការកំណត់ការទទួលទិញទឹកដោះគោស្រស់ធ្វើឱ្យកសិករពិតជាជួបការលំបាកខ្លាំងណាស់ ជាពិសេសនៅរដូវរងាដែលគោនឹងផលិតទឹកដោះកាន់តែច្រើន ដោយសារវាចូលចិត្តអាកាសធាតុត្រជាក់បែបនេះ។

ការចាក់ទឹកដោះចោលរបស់កសិករ ប្រៀបដូចជាចាក់លុយចោលដូច្នោះដែរ វាមិនមែនជារឿងងាយស្រួលនោះទេ ដោយសារកសិដ្ឋាននីមួយៗផលិតទឹកដោះគោស្រស់បានជាង ១,៤០០ លីត្រ ក្នុងមួយថ្ងៃ ហើយការកែច្នៃតាមបែបគ្រួសារស្ទើរតែមិនអាចទៅរួច។ ម្យ៉ាងវិញទៀត ការលក់តាមអនឡាញក៏ជាប់គាំងមានបញ្ហា ថ្លៃដឹកជញ្ជូនបែបបន្ទប់ត្រជាក់ (Cold Chain) ដែលមានតម្លៃថ្លៃ គឺរឹតតែមិនចំណេញ។ ទឹកដោះស្រស់ទាំងស៊ីទែនសាំងមួយឡានៗត្រូវចាក់បង្ហូរចោលមិនអាចប្រើការបាន ដូចជាដុតលុយចោលខ្ទេចម្ដងៗអស់រាប់លានបាតផងដែរ។

កសិករថៃបញ្ជាក់ថា ក្នុងបទពិសោធន៍រយៈពេល ៣៥ ឆ្នាំដែលចិញ្ចឹមគោកន្លងមក ពួកគេមិនដែលជួបបញ្ហាអ្នកជំនួញមិនទទួលទិញទឹកដោះស្រស់របស់ថៃឡើយ ទើបតែឆ្នាំនេះជាឆ្នាំដែលជួបវិបត្តិធ្ងន់ធ្ងរបំផុត។ កត្តាចម្បងអាចបណ្ដាលមកពី ការប្រកួតប្រជែងជាមួយទឹកដោះគោម្សៅនាំចូលពីបរទេសដែលជះឥទ្ធិពលដោយផ្ទាល់ និងការបិទព្រំដែនជាមួយកម្ពុជាដែលជាទីផ្សារនាំចេញទឹកដោះស្រស់របស់ថៃយ៉ាងទូលំទំលាយ៕

Share.