សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា សកម្មភាពរួមរបស់អាស៊ាន ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ មិនត្រឹមតែត្រូវផ្តោតលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រីកដល់ការកសាង ឬរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់រយៈពេលវែង ទាំងក្នុងទីប្រជុំជន និងជនបទ។
ការថ្លែងនេះរបស់សម្តេចធិបតី បានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងនៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រោះមហន្តរាយគ្រប់ទម្រង់ បង្កើតឱ្យមានបញ្ហាប្រឈមឥតឈប់ឈរដល់ប្រជាជាតិទាំងអស់ ដោយបន្សល់ទុកនូវកម្មវិបាកធ្ងន់ធ្ងរដល់មនុស្ស និងសង្គម។ ជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយបានកើតមានឡើងកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងពិបាកប៉ាន់ប្រមាណ ដូចជា ការរញ្ជួយដី ទឹកជំនន់ និងព្យុះស៊ីក្លូនត្រូពិក ដែលបង្កឱ្យមានការស្លាប់ និងខូចខាតយ៉ាងធ្ងន់ធ្ងរ។
តាមទស្សនវិស័យរបស់កម្ពុជា សម្ដេចបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការបែងចែកសកម្មភាពជួយសង្គ្រោះរវាងតំបន់ទីប្រជុំជន និងតំបន់ជនបទ ជាពិសេសពាក់ព័ន្ធនឹងទឹកជំនន់។ សម្ដេចបានលើកឡើងពីបញ្ហាប្រឈមនានា រួមមាន៖
- ក្នុងតំបន់ទីប្រជុំជន ៖ ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់មិនអាចទ្រទ្រង់ការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនប្រជាជន និងទប់ទល់នឹងទំហំកាន់តែធំនៃគ្រោះមហន្តរាយធម្មជាតិឡើយ។
- ក្នុងតំបន់ជនបទ ៖ ពិបាកក្នុងការស្វែងរកកន្លែងប្រមូលផ្តុំដែលមានសុវត្ថិភាព មានដំបូល និងលទ្ធភាពទទួលបានទឹកស្អាត និងគ្រឿងបរិក្ខារអនាម័យ ដែលធ្វើឱ្យក្រុមងាយរងគ្រោះ (ស្ត្រី កុមារ ចាស់ជរា និងជនពិការ) ធ្លាក់ចូលក្នុងហានិភ័យកាន់តែខ្លាំង។
បន្ថែមពីលើបញ្ហាធនធានហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្ដេចបានទទួលស្គាល់ថា សមត្ថភាព ចំណេះដឹង និងបទពិសោធន៍ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនៅមានភាពមិនស្មើគ្នា នៅក្នុងតំបន់នីមួយៗ។

នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីអាទិភាពគន្លឹះចំនួន ៥ សម្រាប់ការយកចិត្តទុកដាក់រួមគ្នា ក្នុងចំណោមបណ្តាប្រទេសអាស៊ាន រួមមាន៖
- ការបង្កើនការត្រៀមខ្លួន តាមរយៈប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន និងសមត្ថភាពព្យាករណ៍កាន់តែរឹងមាំ ដើម្បីដោះស្រាយបញ្ហាប្រឈមដូចជា ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងគ្រោះមហន្តរាយ។
- ការលើកកម្ពស់ភាពជាដៃគូពហុភាគី ដោយមានការចូលរួមពីវិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល ដើម្បីជំរុញនវានុវត្តន៍ និងកៀរគរធនធាន។
- ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងបញ្ញាសិប្បនិម្មិត ឧបករណ៍ភូមិសាស្ត្រ និងការវិភាគទិន្នន័យ ដើម្បីបង្កើនភាពជាក់លាក់ និងប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។
- ការពង្រឹងទំនាក់ទំនងជាសកល តាមរយៈការកសាងភាពជាដៃគូរបស់អាស៊ាន ជាមួយស្ថាប័នអន្តរជាតិ ដូចជា ការិយាល័យសហប្រជាជាតិដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ (UNDRR) ដើម្បីរៀបចំបង្កើតយុទ្ធសាស្ត្រ ឱ្យស្របនឹងក្របខណ្ឌសេនដាយ (Sendai Framework)។
- ការចែករំលែកចំណេះដឹង ឧត្តមានុវត្តន៍ និងមេរៀនរបស់អាស៊ាន ជាមួយតំបន់ផ្សេងទៀត ជាពិសេស ក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន។


អត្ថបទ៖ត្រយង